1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ក្រុមហ៊ុនពេជ្រចិន្ដា គ្រោងកែច្នៃមៀនឱ្យសម្រេចបាន ២២តោន រយៈពេល ១០ថ្ងៃដើម្បីផ្គត់ផ្គង់ឱ្យគ្រប់ទៅទីផ្សារ

ក្រុមហ៊ុនពេជ្រចិន្ដា គ្រោងកែច្នៃមៀនឱ្យសម្រេចបាន ២២តោន រយៈពេល ១០ថ្ងៃដើម្បីផ្គត់ផ្គង់ឱ្យគ្រប់ទៅទីផ្សារ

ក្រុមហ៊ុន ពេជ្រចិន្ដា បានរៀបចំផែនការគ្រោងកែច្នៃមៀនប៉ៃលិនឱ្យសម្រេចបានចំនួន ២២តោន ក្នុងរយៈពេល ១០ថ្ងៃដើម្បីផ្គត់ផ្គង់ឱ្យគ្រប់តាមតម្រូវការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បច្ចុប្បន្នក្រុមហ៊ុនមានបុគ្គលិកចំនួន ៥០នាក់ ខណៈតម្រូវការកម្លាំងពលកម្មចន្លោះពី ៩០នាក់ ទៅ១០០នាក់ ទើបអាចផលិតមៀនផ្គត់ផ្គង់ទាន់តម្រូវការទីផ្សារ។ ហើយនៅឆ្នាំ២០២៤ ក្រុមហ៊ុននេះ នឹងបង្កើនកម្លាំងពលកម្មឱ្យគ្រប់ទៅតាមតម្រូវការផងដែរ។

អគ្គនាយកក្រុមហ៊ុនពេជ្រចិន្ដា លោក ឈាក់ សារ៉ា បានលើកឡើងថា អតិថិជនមានការកម្មង់ច្រើន ដូច្នេះបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងរៀបចំផែនការកំណត់គោលដៅកែច្នៃមៀនឱ្យបានចំនួន ២២តោន ក្នុងរយៈពេល ១០ថ្ងៃ ខណៈលទ្ធភាពផលិតសព្វថ្ងៃនេះ បានត្រឹមតែ ១តោនក្នុងមួយថ្ងៃប៉ុណ្ណោះ ពោលគឺមានលទ្ធភាពផលិតបានពាក់កណ្ដាលនៃផែនការ ដោយសារមានផលពិបាកទៅលើកង្វះកម្លាំងពលកម្ម និងទុនបង្វិល។ លោក សារ៉ា បានណែនាំឱ្យពលករដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ឱ្យត្រឡប់មកធ្វើការនៅកម្ពុជាវិញ ខណៈក្រុមហ៊ុនរបស់លោកកំពុងត្រូវការជ្រើសរើសកម្លាំងពលកម្មបន្ថែម។

អគ្គនាយកក្រុមហ៊ុន ពេជ្រចិន្ដារូបនេះ ពន្យល់ពីដំណើរដើមទងនៃការកកើតក្រុមហ៊ុន ពេជ្រចិន្ដា ព្រោះលោកជាកសិករផ្ទាល់ ហើយបានជួបបញ្ហាជារៀងរាល់ឆ្នាំទៅលើផ្លែមៀនដែលខូចគុណភាព និងខុសស្ដង់ដាមិនអាចនាំចេញទៅលើទីផ្សារ ដូច្នេះក៏មានគំនិតបង្កើតរោងសិប្បកម្មមួយនេះឡើង ដើម្បីជួយសង្គ្រោះកសិផលរបស់ប្រជាពលរដ្ឋ កុំឱ្យបោះចោល និងខាតដើមទុនច្រើន។ មួយវិញទៀត អាចផ្ដល់ចំណូលបន្ថែមដល់កសិករ និងជួយបង្កើតការងារដល់ប្រជាកសិករបន្ថែម។

ចំពោះការធ្វើអាជីវកម្មនេះ គឺដំបូងឡើយត្រូវគិតគូរទៅលើទីផ្សារ ផ្សព្វផ្សាយផលិតផលតាមកម្មវិធីផ្សេងៗ ហើយអ្វីសំខាន់គឺត្រូវផលិតបរិមាណឱ្យបានច្រើនដើម្បីរក្សា និងពង្រីកទីផ្សារឱ្យធំជាងមុន។ ស្របជាមួយគ្នានេះលោក សារ៉ា បានប្តេជ្ញាចិត្តកែច្នៃមៀនស្រស់ដោយធ្វើយ៉ាងល្អប្រកបដោយអនាម័យខ្ពស់ និងតាមស្ដង់ដាបច្ចេកទេស។ ដើម្បីនាធាសុវត្ថិភាព លោក សារ៉ា បានសហការជាមួយសាកលវិទ្យាល័យពហុបច្ចេកវិទ្យានៅរាជធានីភ្នំពេញ ផ្នែកគីមីចំណីអាហារ ដើម្បីត្រួតពិនិត្យរកពីផលប៉ះពាល់ដោយសារផ្សែង និងការចម្លងរោគ គឺទទួលបានវិជ្ជមានដោយមិនមានផលប៉ះពាល់អ្វីឡើយ។

លោក សារ៉ា បានបន្ថែមថា៖ “លំហូរនៃការកែច្នៃនេះត្រូវពិនិត្យផ្លែមៀន រួចដាក់ត្រាំទឹកសម្លាប់មេរោគដើម្បីលាងសត្វល្អិតឱ្យបានស្អាតល្អ បន្ទាប់មកយកទៅបកដោយដៃ ហើយយកលាងទឹកម្ដងទៀតឱ្យបានស្អាតល្អ រួចយកទៅដាក់ក្នុងឡសម្ងួតរយៈពេល ៨ម៉ោង។ ចំពោះមៀនស្រស់ ១០០០ក្រាម សម្ងួតរួចបានមៀនក្រៀម ៨៥ក្រាម។ មៀនកែច្នៃនេះ អាចរក្សាទុកបានរហូតដល់មួយឆ្នាំ”។

បើតាមអគ្គនាយកក្រុមហ៊ុនរូបនេះ ដំណាំហូបផ្លែមិនដូច ដំណាំស្លឹកនោះទេ ព្រោះវាត្រូវពិនិត្យទៅតាមស្ដង់ដា ទើបអាចនាំចេញបាន ហើយនៅសល់ ៣០% ដែលមិនអាចនាំចេញទៅទីផ្សារខាងក្រៅ ដែលមានរូបរាងតូចជ្រុល ធំពេក និងមានស្នាមឆូតជាដើម។ ជាទូទៅសម្រាប់ខ្សែចង្វាក់ផលិតកម្មនេះ គឺរៀបចំជាផែនការ និងដាក់ផែនការឱ្យកសិករផលិតមៀនតាមទម្រង់ស្ដង់ដានាំចេញប្រភេទស្រស់ និងការកែច្នៃ។

ប្រទេសចិន ថៃ អារ៉ាប់រួម គឺជាទីផ្សារនាំចេញមៀនរបស់ក្រុមហ៊ុនពេជ្រចិន្ដា។ ហើយបានរៀបចំផែនការ ការសាងសង់ និងការកៀរគរទុនចាប់ផ្ដើមតាំងពីឆ្នាំ២០២០ និងបានដំណើរការពេញលេញនៅឆ្នាំ២០២៣។
មានភាពងាយស្រួលសម្រាប់លោក សារ៉ា ដោយសារវត្ថុធាតុដើមមានស្រាប់នៅក្នុងសហគមន៍របស់ខ្លួន។

បើយោងតាមរបាយការណ៍ឆ្នាំ២០២៣កន្លមកនេះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនមានចំនួនប្រមាណជាង ១៧ពាន់តោន ហើយគិតជាទំហំទឹកប្រាក់ចំនួនជាង ២៤ លានដុល្លារអាម៉េរិក។ កម្ពុជាមានក្រុមហ៊ុនវេចខ្ចប់កែច្នៃផ្លែមៀនចំនួន ១២កន្លែង នាពេលបច្ចុប្បន្ននេះ។ ការនាំចេញផ្លែមៀនស្រស់ក្នុងខែមករា ឆ្នំា២០២៤ មានចំនួន ៦ ៤៣៨តោន កើនឡើងជាង២០០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២៣៕ ដោយ៖ Sam Oun


កាលវិភាគផ្សព្វផ្សាយ