សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងក្រុមហ៊ុននាំចូលសាច់បង្កកពីបរទេសបានជួបពិភាក្សាដើម្បីរកច្រកចេញរួមគ្នានៅក្នុងវិស័យចិញ្ចឹមសត្វ តាមរយៈការសម្របសម្រួលពីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី៩ ខែមករា ឆ្នំា២០២៤។
លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ក្រោយពីបញ្ចប់កិច្ចពិភាក្សា ខាងក្រុមហ៊ុននាំចូលសាច់បង្កកពីបរទេស បានទទួលស្គាល់ពីការខាតបង់របស់អ្នកចិញ្ចឹមសត្វនៅក្នុងស្រុក ហើយបានសន្យាថានឹងព្យាយាមទិញសាច់ដែលផលិតបាននៅក្នុងស្រុក យកទៅផ្គត់ផ្គង់បន្ត។ តាមរយៈកិច្ចប្រជុំដែលសម្របសម្រួលដោយថ្នាក់ដឹកនាំរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វគឺធ្វើយ៉ាងណាចង់ឱ្យអ្នកនាំចូលសាច់បង្កកពីខាងក្រៅទំាងអស់ងាកមកទិញផលិតផលនៅក្នុងស្រុកឱ្យអស់លទ្ធភាព បើខ្វះខាតនៅផ្នែកណាមួយនៅលើទីផ្សារ ទើបពិចារណាឱ្យមានការនាំចូល។
លោក លី ឡាវីល លើកឡើងថា បើក្រុមហ៊ុនផ្អាកការនាំចូលសាច់បង្កកពីបរទេស ហើយរាជរដ្ឋាភិបាល អាជ្ញាធរនៅតាមបណ្តាខេត្តជាប់ព្រំដែនគ្រប់គ្រងច្រករបៀងឱ្យមានប្រសិទ្ធភាពមិនឱ្យមានការនាំចូលសាច់ដោយខុសច្បាប់ ខ្ញុំគិតថារយៈពេល៣ខែទៀតវិស័យចិញ្ចឹមសត្វនៅក្នុងស្រុក វានឹងមានភាពប្រសើរឡើង ហើយធ្វើឱ្យវិស័យមួយនេះអាចប្រកួតប្រជែងគ្នាដោយស្មើភាព។
លោកសង្កត់ធ្ងន់ថា« តាមការប៉ាន់ប្រមាណនៃការនាំចូលសាច់បង្កកយកមកផ្គត់ផ្គង់នៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នមានចន្លោះពី២០០ ទៅ៣០០តោន ក្នុងមួយថ្ងៃ ហើយបរិមាណនេះវាស្មើនឹងការផ្គត់ផ្គង់ជ្រូករស់ប្រមាណពី១ពាន់ក្បាល ទៅ២ពាន់ក្បាល ដែលក្រុមហ៊ុនត្រូវទិញពីខាងសមាគម បើសិនផ្អាកការនាំចូលសាច់បង្កកពីខាងក្រៅ»។
យោងតាមប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា នៅក្នុងមួយឆ្នំាៗវិស័យចិញ្ចឹមសត្វបានទទួលទិញកសិផលក្នុងស្រុកដូចជាពោត៥០ម៉ឺនតោន ដំឡូងមីជាង២០ម៉ឺនតោន, កញ្ចុងអង្ករ និងកន្ទក់ជាង២០ម៉ឺនរតោន រួមនិងវត្ថុធាតុដើមផ្សេងទៀតគិតជាទឹកប្រាក់ប្រមាណ៨០០លានដុល្លារអាម៉េរិក។
គួរបញ្ជាក់ផងដែរ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំស្តីពីបញ្ហាទីផ្សារសត្វ សាច់ និងផលិតផលសត្វនៅកម្ពុជា ហើយ
កិច្ចប្រជុំនេះធ្វើឡើងស្វែងយល់ពីស្ថានភាពពិតប្រាកដ និងគោលជំហររបស់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកចិញ្ចឹមសត្វ អ្នកនាំចូល កុងស៊ីឬអ្នកកាប់ អ្នកចែកចាយ និងអ្នកលក់ ដើម្បីឈានទៅដោះស្រាយបញ្ហាទីផ្សារសត្វ។
តាមរយៈកិច្ចប្រជុំនេះ ឧត្តម ឌិត ទីណា បញ្ជាក់ថា ក្រសួងនឹងចាត់ចែងឱ្យមានការសិក្សាទីផ្សារគ្រប់ជ្រុងជ្រោយ ដើម្បីវាយតម្លៃឱ្យបានច្បាស់លាស់ពីស្ថានភាព តម្រូវការ និងការផ្គត់ផ្គង់សត្វ ក្នុងខ្សែច្រវាក់ផលិតកម្ម និងតម្លៃ ដើម្បីដោះស្រាយ និងគ្រប់គ្រងបញ្ហានេះឱ្យបានល្អប្រសើរ ដើម្បីផលចំណេញទាំងអស់គ្នា ក៏ដូចជាសុខុមាលភាពសម្រាប់អ្នកបរិភោគ។
ឯកឧត្តមរដ្ឋមន្ត្រី បានចាត់តាំង ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដឹកនាំកិច្ចប្រជុំបន្ទាន់ជាមួយក្រុមការងារជំនាញ និងភាគីពាក់ព័ន្ធ ស្តីពីតម្រូវការ និងការផ្គត់ផ្គង់សត្វ ការធ្វើបំណែកសាច់តាមប្រភេទ និងស្តង់ដាគុណភាព ដើម្បីទទួលបានតម្លៃបន្ថែម និងធានាស្ថិរភាពតម្លៃទីផ្សារល្អ និងធានាផលចំណេញសមរម្យសម្រាប់អ្នកផលិត ចែកចាយ និងអ្នកបរិភោគ៕
ដោយ៖ Long Sareth