ក្រុមវារីវប្បករកម្ពុជាចូលមកដល់ឆ្នំា២០២៤នេះ នៅតែបន្តទន្ទឹងរង់ចំា និងចង់ឃើញឱ្យមានការនាំចេញត្រីប្រាបានឆាប់ៗ ទៅកាន់ទីផ្សារប្រទេសចិន បន្ទាប់ពីបានការទទួលស្គាល់ និងវាយតម្លៃពីរដ្ឋបាលគយចិននៅក្នុងឆ្នំា២០២២។
យោងតាម ម្ចាស់ស្ថានីយ៍ផលិតពូជត្រី ៧មករា មានទីតំាងនៅ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានឱ្យដឹងថាក្រោយកសិដ្ឋានបានការទទួលស្គាល់ពីរដ្ឋបាលគយចិននៅដើមឆ្នំា២០២៣ថា អាចនាំចេញត្រីទៅប្រទេសចិនបាន ធ្វើឱ្យលោក ក៏ដូចជាអ្នកចិញ្ចឹមត្រីក្នុងស្រុកច្រើនផ្សេងទៀតមានសេចក្តីសង្ឃឹមខ្ពស់ទៅលើទីផ្សារចិន ខណៈពេលដែលក្រុមវារីប្បករបាននឹងកំពុងពង្រឹងការចិញ្ចឹមត្រីរបស់ខ្លួនសម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
លោក វ៉ិត ធារិទ្ធ ម្ចាស់ស្ថានីយ៍ផលិតពូជត្រី ៧មករាមានប្រសាសន៍ថា «មកដល់ពេលនេះ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ក្រុមវារីវប្បករនៅក្នុងស្រុកក៏មានការចិញ្ចឹមត្រីកើនឡើងច្រើនផងដែរ ដោយសង្ឃឹមថាអាចនាំចេញទៅខាងក្រៅបានក្នុងពេលខាងមុខ ។ ទាក់ទងនឹងការនាំចេញត្រីប្រាកម្ពុជា ទៅទីផ្សារចិន ខ្ញុំនៅមានការព្រួយបារម្ភអំពីតម្លៃ ខ្លាចវាមិនបានថ្លៃប្រហាក់ប្រហែលទៅនឹងតម្លៃលក់នៅក្នុងស្រុក។ កាលណាការនាំចេញត្រីប្រា មិនមានតម្លៃល្អប្រសើរជាងការលក់នៅក្នុងស្រុក ប្រាកដជាមិនអាចនាំចេញបានទេ លុះត្រាតែតម្លៃត្រីនាំចេញមានតម្លៃ សមរម្យអាចឱ្យកសិករមានលទ្ធភាពទទួលបានប្រាក់ចំណេញជាងការលក់នៅក្នុងស្រុក»។
លោក វ៉ិត ធារិទ្ធ សង្កត់ធ្ងន់ដូច្នេះថា ដើម្បីឱ្យត្រីប្រាកម្ពុជាឆាប់បានធ្វើការនាំចេញទៅប្រទេសចិន លុះត្រាតែតម្លៃត្រីត្រូវនាំចេញល្អជាងនៅក្នុងស្រុក ទើបធ្វើការនាំចេញទទួលបានជោគជ័យ។ តែទោះជាយ៉ាងនេះក្តី ក្រុមវារីវប្បករក្នុងស្រុកទំាងអស់មានក្តីសង្ឃឹមថារដ្ឋបាលជលផល ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនិងស្ថាប័នផ្សេងទៀតរួមគ្នាជួយជំរុញ ដោយយ៉ាងណាឱ្យការនាំចេញត្រីរបស់កម្ពុជាឆាប់បាននាំចេញទៅប្រទេសចិន ហើយមានតម្លៃល្អ។
យោងតាមម្ចាស់កសិដ្ឋានចិញ្ចឹមត្រី យន់ សុវណ្ណារិទ្ធ មានទីតំាងនៅក្នុងក្រុងភ្នំពេញ បានការទទួលស្គាល់ពីរដ្ឋបាលគយចិនក្នុងឆ្នំា២០២២ បានឱ្យដឹងថានៅពេលបច្ចុប្បន្នតម្លៃត្រីប្រានៅក្នុងមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃត្រីនាំចេញ ប៉ុន្តែទីផ្សារនៅក្នុងស្រុកនៅមានទំហំតូច ដែលទាមទារឱ្យមានការនាំចេញ។
លោក យន់ សុវណ្ណារិទ្ធ បានឱ្យដឹងថា ការងារនាំ
ចេញត្រីប្រាទៅប្រទេសចិន វានៅមានភាពស្មុគស្មាញ ប្រទាក់ក្រឡាគ្នារវាងអ្នកបញ្ជាទិញ អ្នកកែច្នៃ និងអ្នកផលិតត្រីស្រស់ ហើយដើម្បីសម្រួលដល់ការនាំចេញត្រីស្រស់ឆាប់បានទៅចិន ទាល់តែមានវិនិយោគិនចិន ចូលមកបណ្តាក់ទុនបង្កើតរោងចក្រកែច្នៃនៅកម្ពុជា។
លោក សុខ រ៉ាដែន ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនៅខាងខេត្តកំពង់ធំ បានការទទួលស្គាល់ពីរដ្ឋបាលគយចិន និងជាប្រធានសមាគមវារីវប្បករកម្ពុជាបានឱ្យដឹងថា ការនាំចេញត្រីប្រាទៅប្រទេសចិន មានភាពស្ងប់ស្ងាត់ដោយសាររោងចក្រកែច្នៃ ពុំមានការបញ្ជាទិញឱ្យជាប់លាប់។ បញ្ហាត្រីប្រាកម្ពុជានៅមិនទាន់អាចនាំចេញទៅប្រទេសចិនបាន ដោយសារកម្ពុជាមិនទាន់មានរោងចក្របង្កក រោងចក្រកែច្នៃវេចខ្ចប់ត្រីប្រាមានលក្ខណៈស្តង់ដា តែសម្រាប់ការផលិតត្រីនៅក្នុងស្រុកអាចផ្គត់ផ្គង់ត្រីបានទៅតាមតម្រូវការទីផ្សារ។
លោក សុខ រ៉ាដែន មានប្រសាសន៍ថា « សេចក្តីប្រាថ្នារបស់ក្រុមវារីវប្បករក្នុងស្រុក នៅតែចង់បាន ឱ្យមានការនាំចេញត្រីប្រាទៅប្រទេសចិន ព្រោះការនាំចេញធ្វើឡើងមានបរិមាណច្រើន ហើយត្រីមានគុណភាពល្អ។ ដូចនេះយើងនៅតែប្រាថ្នាចង់ឃើញការនាំចេញត្រីស្រស់ទៅប្រទេសចិន និងប្រទេសផ្សេងទៀត ដូចនទៅនិងបណ្តាប្រទេសផ្សេងទៀតដែរ»។
ពាក់ព័ន្ធនឹងការនាំចេញត្រីបា្រកម្ពុជា ទៅទីផ្សារប្រទេសចិន បើយោងតាម ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាបានចុះពិធីសារជាមួយភាគីចិន ដើម្បីនាំចេញត្រីប្រារួចហើយ ដូចនេះយើងអាចនាំចេញត្រីប្រាទៅចិនបានតែត្រូវអនុវត្តតាមលក្ខខណ្ឌតម្រូវក្នុងពិធីសារ។ កសិដ្ឋានចង់នាំចេញត្រូវអនុវត្តវារីវប្បកម្មល្អ និងចុះបញ្ជីជាមួយអគ្គរដ្ឋបាលគយចិន តាមរយៈរដ្ឋបាលជលផល។
ឯកឧត្តមបញ្ជាក់ថា បច្ចុប្បន្នយើងមានកសិដ្ឋានចំនួន៣ និងកន្លែងកែច្នៃ១កន្លែង បានចុះបញ្ជីរួចហើយ បើមានកសិដ្ឋានថ្មីចង់នាំចេញត្រូវស្នើសុំចុះបញ្ជីថែមទៀត។ បញ្ហាតម្លៃត្រីប្រាយើងថ្លៃបន្តិច មិនទាន់អាចឆ្លើយតបទីផ្សារប្រទេសចិនបាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននឹងកំពុងដាក់ចេញនូវវិធានការជំរុញវារីវប្បកម្ម ក្នុងការកាត់បន្ថយថ្លៃដើម បង្កើនផលិតភាព និងគុណភាព ដើម្បីប្រកួតប្រជែងទីផ្សារនាំចេញ៕
ដោយ៖ Long Sareth