ក្រសួងសេដ្ឋកិច្ច ស្នើឱ្យធនាគារអភិវឌ្ឍន៍អាស៊ីបន្តគំាំទ្រដល់គម្រោងនៅក្នុងវិស័យអាទិភាពចំនួន៤

ក្នុងរយៈពេលជាង៣០ឆ្នំាកន្លងមកនេះធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថាADBបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា និងថែមទំាងបាន ឆ្លើយតបភ្លាមៗ ក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក។ ផ្អែកលើកិច្ចសហប្រតិបត្តិការដ៏ល្អ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ពន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន ស្នើឱ្យធនាគរ ADB បន្តគំាទ្រដល់គម្រោងសំខាន់ចំនួន៤ស្ថិតនៅក្នុងវិស័យអាទិភាពរបស់កម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីជំនួបពិភាក្សាការងាររវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក ស្កត ម៉ូរីស អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)នៅថ្ងៃទី១៦ ខែមករា ឆ្នំា២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋម បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់ របស់ADB ដែលបានផ្តល់កិច្ចសហការប្រតិបត្តិការយ៉ាងល្អ និងរឹងមំាក្នុងការគំាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចអស់រយៈពេលជាង៣០ឆ្នាំកន្លងទៅ ជាពិសេសADB បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបភ្លាមៗក្នុងកាលៈទេសៈដ៏លំបាក ដែលក្នុងនោះរួមមាន ការសម្រេចផ្តល់ហិរញ្ញប្បទាន ជូនរាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ១៩ និងការបន្តគំាំទ្ររាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ តាមរយៈការអនុវត្ត«ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នំា២០២១-២០២៣។

ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះការសន្យារបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការកៀរគរហិរញ្ញវត្ថុអាកាសធាតុ និងការប្តេជ្ញាចិត្តខ្ពស់របស់ADB ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ក្នុងតំបន់ សម្រាប់ឆ្នំា២០២១៩-២០៣០ ដែលក្នុងនោះក៏រួមមានប្រទេសកម្ពុជាផងដែរ។ ទោះជាយ៉ាងណា ការលើកកម្ពស់ការអភិវឌ្ឍបៃតងក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ត្រូវផ្អែកលើអភិក្រម «រក្សាតុល្យការរវាងកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយចីរភាព និងបរិយាបន្ន ជាមួយនឹងតម្រូវការបៃតង»។
នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានស្នើADB បន្តគំាំទ្រគម្រោងពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ក្នុងនោះវិសយអាទិភាពមួយចំនួន មានជាអាទិ៍៖ (១) ការអភិវឌ្ឍវិស័យថាមពល, (២) ការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីអាចធានាសន្តិសុខស្បៀងផង និងជំរុញការធ្វើពាណិជ្ជូរបនីយកម្ម, (៣) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង ដោយផ្តោតជាពិសេស លើការរៀបចំប្រព័ន្ធលូ , ប្រព័ន្ធប្រព្រឹត្តិកម្ម និងការគ្រប់គ្រងសំណល់ផ្សេងៗ ដោយមានការរៀបចំផែនការមេ និងផែនការវិនិយោគច្បាស់លាស់ រួមទំាងការគិតគូរអំពីយន្តការស្រង់ថ្លៃដើម ថ្លៃវិនិយោគ និងនិរន្តរភាពប្រតិបត្តិការ និង(៤) ការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព តាមរយៈការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលមានសមត្ថភាពបម្រើឱ្យមុខងារសំខាន់យ៉ាងហោច ៣ រួមមាន មុខងារគ្រប់គ្រងគ្រោះមហន្តរាយ, មុខងារស្រោចស្រពកសិកម្ម និងមុខងារជាប្រភពទឹកសម្រាប់ការផលិតទឹកស្អាតបម្រើឱ្យជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍវិស័យកសិកម្ម។

បន្ថែមលើសពីនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ADB ចំពោះការយកចិត្តទុកដាក់ និងការរួមចំណែកក្នុងការអភិវឌ្ឍវិស័យឯកជននៅកម្ពុជាដោយស្នើឱ្យADB គិតគូរអំពីការជំរុញការផ្តល់ឥណទានដល់វិស័យឯកជន ក្រោមក្របខណ្ឌជា Non-Sovereign Loan ដើម្បីបង្កើនប្រសិទ្ធភាព និងសម្រេចបាននូវគោលដៅអាទិភាពនៃការអភិវឌ្ឍ៕ ដោយ៖ Long Sareth


កាលវិភាគផ្សព្វផ្សាយ