ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ កាលពីព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ ការត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣» ។
យោងតាមសារព័ត៌មានFRESH NEWS ផ្អែកតាមរបាយការណ៍វឌ្ឍនភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣, ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានសម្រេចនូវសមិទ្ធកម្មគន្លឹះជាបណ្តើរៗ, ក្នុងនោះរួមមាន ៖ ភាពជឿទុកចិត្តបាននៃថវិកា ដែលជាកាតាលីករដ៏សំខាន់ក្នុងការរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជា កំណើនម៉ាក្រូសេដ្ឋកិច្ច ទោះបីកម្ពុជាបានជួបប្រទះនូវវិបត្តិជាសកលនានាក្នុងពេលកន្លងមកក៏ដោយ ។ ជាក់ស្តែង, ទោះបីជាការប្រមូលចំណូលថវិកាជាតិក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៣ នេះ មានភាពថមថយបន្តិច បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ ២០២២, ការប្រមូលចំណូលជារួមនឹងនៅតែស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបាន។
ចំពោះការអនុវត្តចំណាយថវិកាជាតិ, គិតត្រឹមឆមាសទី១, សម្រេចបានទាបជាផែនការបន្តិច ក៏ប៉ុន្តែតាមការប៉ាន់ស្មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ការអនុវត្តចំណាយនៅដំណាច់ឆ្នាំ នឹងសម្រេចបានតាមការគ្រោងទុក។ ជាមួយនឹងវឌ្ឍនភាពល្អប្រសើរ ដែលសម្រេចបាននាពេលកន្លងមក, ការរៀបចំលិខិតបទដ្ឋានគតិយុត្តនៅតែដើរ តួនាទីសំខាន់ក្នុងការបន្តនិរន្តរភាពកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ក្នុងស្មារតីនេះ, ឯកសារគោល ស្តីពី ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ឯកសារគោលស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ, គោលការណ៍ ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអនុក្រឹត្យស្តីពីការកំណត់គុណវុឌ្ឍិវិជ្ជាជីវៈមន្ត្រីជំនាញហិរញ្ញវត្ថុ សាធារណៈ ត្រូវបានរៀបចំ និងគ្រោងដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗខាងមុខ ដើម្បីជំរុញប្រសិទ្ធភាព ការងារ បន្ថែមទៀត។