ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងសាជីវកម្មធានាឥណទានកម្ពុជា ហៅកាត់ថា CGCC កាលពីថ្ងៃទី១៧ខែកញ្ញាឆ្នំា២០២៤បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាធានាឥណទាន សម្រាប់ជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ធ្វើយ៉ាងណារួមគ្នាអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដែលជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម ឱ្យមានមូលដ្ឋានបច្ចេកទេស ផលិតតាមតម្រូវការទីផ្សារ មានគុណភាពល្អ កាត់បន្ថយថ្លៃដើមផលិត និងមានប្រសិទ្ធភាពសេដ្ឋកិច្ច។
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា សង្កត់ធ្ងន់ថា “សហគមន៍កសិកម្មទំនើបដើរតួនាទីយ៉ាងសំខាន់ និងជាខែលដ៏រឹងមាំក្នុងការជួយប្រជាកសិករដែលខ្វះបច្ចេកទេស ប្រឈមនឹងបំរែបំរួលអាកាសធាតុ ខ្វះឥណទាន និងប្រឈមហានិភ័យទីផ្សារ។ ប្រជាកសិករដែលស្ម័គ្រចិត្តចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប នឹងទទួលបាននូវការវិនិយោគ និងទុនគ្រប់គ្រាន់ សម្រាប់កសិផលសក្តានុពល ដូចជា ស្រូវអង្ករ ដំឡូងមី និងស្វាយចន្ទីជាដើម”។
ឯកឧត្តម បានគូសបញ្ជាក់ថា សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាដៃគូដ៏ល្អ តាមរយៈការវាយតម្លៃ និងផ្តល់ធាតុចូលសំខាន់ៗក្នុងការរៀបចំផែនការអាជីវកម្មដល់សហគមន៍កសិកម្មទំនើប ឱ្យជាចេញជារូបរាងពិតប្រាកដ និងទទួលបានជោគជ័យ។ជ ជោគជ័យនៅក្នុងវិស័យកសិកម្ម ត្រូវការការចូលរួមពីស្ថាប័ន និងដៃគូពាក់ព័ន្ធនានា ដោយឆ្លងកាត់ការគិតគូរ និងចាំបាច់ត្រូវមានយុទ្ធសាស្រ្តច្បាស់លាស់។
គួរបញ្ជាក់ផងដែរថា ពិធីចុះអនុស្សរណៈខាងលើននេះ មានការអញ្ចើញជាកិត្តិយសដោយ ឯកឧត្តមរដ្ឋលេខាធិការ រស់ សីលវ៉ា ប្រធានសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ហើយអនុស្សរណៈនេះ នឹងអាចផ្តល់ហិរញ្ញប្បទានគ្រប់គ្រាន់ដល់កសិករ ឈានទៅទទួលផលវិជ្ជមានជាផ្លែផ្កា និងលទ្ធផលល្អប្រសើរតាមការរំពឹងទុក ក្រោមម្លប់សុខសន្តិភាព។
ទាក់ទងនិងសហគមន៍កសិកម្មទំនើបនេះផងដែរ នៅក្នុងវេទិការស្រូវអង្ករកម្ពុជាលើកទី៧ កន្លងទៅថ្មីៗនេះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការអភិវឌ្ឍសហគមន៍កសិកម្មទំនើបយើងបានរៀបចំបានចំនួន៨ ដែលគ្របដណ្តប់លើផ្ទៃដីជិត២ពាន់ហិកតានៅក្នុងដំណាក់កាលដំបូង ហើយត្រូវធ្វើបន្តដោយត្រូវធ្វើយ៉ាងណាឱ្យសហគមន៍កសិកម្មទំនើបថ្មីនេះរីកចម្រើនបន្ថែមទៀត ទោះបីការវិនិយោគថ្លៃ ប៉ុន្តែផលប្រយោជន៍រយៈពេលវែងបានល្អប្រសើរ៕