ក្រសួងកសិកម្មកំពុង លើកកម្ពស់ដំណាំស្វាយចន្ទីដើម្បីធានានិរន្តរភាពផ្គត់ផ្គង់លើទីផ្សារ

មន្ត្រីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថ្មីៗនេះថា ស្វាយចន្ទីជាដំណាំសក្តានុពលយ៉ាងសំខាន់មួយក្នុងចំណោមដំណាំអាទិភាពផ្សេងទៀត ដែលក្រសួងកំពុងយកចិត្តទុកដាក់ និងលើកកម្ពស់ដើម្បីធានានិរន្តរភាពនៃការផ្គត់ផ្គត់នៅលើទីផ្សារនាពេលខាងមុខ។

នៅក្នុងដំណើរទស្សនៈកិច្ច ពិនិត្យទីតាំងកែច្នៃរបស់ក្រុមហ៊ុន Ample Agro Product ស្ថិតនៅ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលថ្ងៃទី១១ ខែមីនា ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ដំណាំស្វាយចន្ទី គឺជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំងបួនមុខរួមមាន ស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ ដើម្បីធ្វើយ៉ាងណាចងក្រងកសិករ និងប្រែក្លាយសហគមន៍កសិកម្មដែលមានស្រាប់ ទៅជាសហគមន៍កសិកម្មទំនើប ក្នុងន័យធានានិរន្តរភាពនៃការផ្គត់ផ្គង់។

ទាក់ទងនឹងដំណាំស្វាយចន្ទីនេះផងដែរ បើយោងតាម លោកជំទាវ អ៊ឹម រចនា មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ស្វាយចន្ទីគឺជាដំណាំដែល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និយាយដោយឡែក និងរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម កំណត់ជាដំណាំមួយប្រភេទដែលមានសក្ដានុពលខ្ពស់ សម្រាប់លើកស្ទួយជីវភាពប្រជាកសិករ វិស័យកសិកម្ម និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិ។

លោកជំទាវមានប្រសាសន៍ថា តម្លៃរបស់ស្វាយចន្ទីប្រែប្រួលឡើងចុះ អាស្រ័យលើបរិមាណផ្គត់ផ្គង់ និងតម្រូវការ ហើយគ្រាប់ស្វាយចន្ទីលក់បានថ្លៃខុសគ្នា ទៅតាមទំហំ គុណភាព សំណើម និងប្រភេទពូជស្វាយចន្ទី ហើយកសិករបានផលចំណេញតិច ឬច្រើន អាស្រ័យលើបច្ចេកទេសនៃការដាំដុះ ដូចជា ការបាញ់ថ្នាំ ការដាក់ជី កម្លាំងពលកម្មថែទាំស្វាយចន្ទី របៀបប្រមូលផលស្វាយចន្ទី សុទ្ធសឹងតែជាការចំណាយដែលជះឥទ្ធិពលទៅលើផលចំណេញរបស់បងប្អូនប្រជាកសិករ។

លោកជំទាវលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ ដើម្បីជួយប្រជាកសិករ ទាំងបញ្ហាបច្ចេកទេស ការផ្ដល់ឥណទានតាមករណីចាំបាច់ ដោះស្រាយមធ្យោបាយផលិត ការពារថ្លៃកសិផល និងជួយរកទីផ្សារលក់ជូនកសិករ ដូចមានចែងក្នុងមាត្រា៦១ និង៦២ នៃរដ្ឋធម្មនុញ្ញ។

លោកជំទាវបន្តថា ការចងក្រងសហគមន៍កសិកម្មទំនើប ជាដំណោះស្រាយមួយសម្រាប់ប្រជាកសិករដែលលោកត្រូវការការគាំទ្រ ទាំងក្នុងបញ្ហាបច្ចេកទេស ទុន ទីផ្សារ និងបញ្ហាប្រឈមផ្សេងៗទៀត។ ចំណែក ប្រជាកសិករដែលលោកមានចំណេះជំនាញ ក្រសួងនៅតែផ្ដល់ការគាំទ្រតាមរយៈមន្ដ្រីកសិកម្មឃុំដែលនឹងដាក់ពង្រាយនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០២៥។ អ្វីដែលយើងនិយាយ យើងធ្វើ។ ធ្វើច្រើន កំហុសតែងតែមានចៀសពុំរួច។ យើងស្វាគមន៍ជានិច្ចចំពោះមតិរិះគន់ស្ថាបនា។ យើងនឹងបន្តរៀនសូត្រ កែលម្អ ហើយបន្តធ្វើការថែមទៀតដោយឥតរាថយ ដើម្បីផលប្រយោជន៍ប្រជាកសិករ វិស័យកសិកម្ម និងប្រជាជាតិ៕
ដោយ៖Long Sareth


កាលវិភាគផ្សព្វផ្សាយ