មជ្ឈមណ្ឌលហិរញ្ញវត្ថុ កិច្ចសហប្រតិបត្តិការត្បូង-ត្បូង Financial Center for South-South Cooperation (FCSSC) បានចូលជួបពិភាក្សាជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងយល់ពីកិច្ចការងារសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម វិស័យហិរញ្ញវត្ថុបៃតង និង កាបូនក្រេឌីតនៅកម្ពុជា។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានឱ្យដឹងថា កិច្ចពិភាក្សាដែលធ្វើឡើងនៅទីក្រុងប៉េកាំង ប្រទេសចិនកាលពីថ្ងៃទី២៣ខែតុលាឆ្នំា២០២៣កន្លងមកនេះ
នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌល FCSSC លោកស្រី Zhang Xiaowen បានបង្ហាញចំណាប់អារម្មណ៍ចំពោះទំនាក់ទំនងយ៉ាងស្អិតរមួតចិន-កម្ពុជា ដែលឆ្នាំនេះគឺជាខួបទី ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតរវាងភាគីទាំងពីរ។
ក្នុងឱកាសនោះដែរ លោកស្រី ក៏បានលើកឡើងអំពី ប្រវត្តិកិច្ចការងារវិនិយោគរបស់សមាជិកមជ្ឈមណ្ឌលមួយចំនួនដែលកំពុងមានដំណើរការនៅក្នុងប្រទេសកម្ពុជា និង សមាជិកមួយចំនួនផ្សេងទៀតដែលចាប់អារម្មណ៍ប្រទេសកម្ពុជា ដោយកំពុងបញ្ជូនក្រុមការងារមកសិក្សាស៊ីជម្រៅលើការវិនិយោគនៅកម្ពុជា។
ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាជារួម និង ការវិវឌ្ឍថ្មីៗនៃគោលនយោបាយកម្ពុជា និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យនានាដែលអង្គប្រជុំបានលើកឡើង។ បន្ថែមលើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងជាថ្មីម្ដងទៀតអំពីសក្តានុពលសេដ្ឋកិច្ច ការវិនិយោគដែលមានភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កភាពងាយស្រួលសម្រាប់វិនិយោគិន។
ដើម្បីធានាឱ្យបានការគាំទ្រលើដំណើរការដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចសាងសង់រួចរាល់នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងមានគម្រោងទំនើបថ្មីៗជាច្រើនទៀតដែលនឹងបម្រើប្រយោជន៍ជារួមសម្រាប់វិនិយោគិន និងកម្ពុជាទាំងមូល។
គួរបញ្ជាក់ផងដែរ គិតត្រឹមរយៈពេល៩ខែឆ្នំា២០២៣កន្លងមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគដែលមានទំហំទុនវិនិយោគប្រមាណជិត ៤ប៊ីលានដុល្លារអាមេរិក ក្នុងនោះទុនវិនិយោគរបស់ចិនមានប្រមាណ៧៦%៕