ឧកញ៉ា ឆែន ច័ន្ទដារ៉ា ម្ចាស់អាជីវកម្មប្រេងកន្ទក់សុខៈ បានទៅសិក្សានៅប្រទេសបង់ក្លាដេស ឥណ្ឌា ជប៉ុន ថៃ និងចិន ដើម្បីស្វែងយល់ពីការផលិតប្រេងកន្ទក់ និងសិក្សាពីដំណើរការនៅលើទីផ្សារ។ ឧកញ៉ា ច័ន្ទដារ៉ា បានសម្រេចផលិតចម្រាញ់ប្រេងកន្ទក់នេះ ដោយសារវាមានអត្ថប្រយោជន៍ច្រើនដល់សុខភាព និងជួយផ្ដត់ផ្គង់ជីវភាពរស់នៅរបស់ស្រ្តីមេផ្ទះគ្រប់រូប។
ប្រេងកន្ទក់ ត្រូវបានអង្គការសុខភាពពិភពលោក ចាត់ទុកថាជាប្រេងមួយដែលជួយដល់សុខភាព ដោយក្នុងនោះមានសារធាតុអាហារូបត្ថម្ភឈ្មោះថា អូរីសាឡាល ដែលមានក្នុងប្រេងកន្ទក់តែមួយគត់ និងមានតួនាទីជួយកាត់បន្ថយ និងកំចាត់ខ្លាញ់អាក្រក់នៅក្នុងថ្លើម និងខ្លាញ់ក្នុងបេះដូងផងដែរ។ នេះបើតាមឧកញ៉ា ច័ន្ទដារ៉ា ហើយបានបញ្ជាក់ថា៖ ‘ប្រេងកន្ទក់ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ តែជារឿងថ្មីនៅក្នុងសម័យកាលបច្ចុប្បន្ន ហើយក៏ជារឿងថ្មីសម្រាប់ខ្ញុំផងដែរ”។
មុនពេលកើតបានជាផ្លែផ្កា ដំណាក់កាលដំបូង គឺត្រូវរៀបចំពីការសិក្សាស្វែងយល់ពីចំណេះដឹងរបស់ផលិតផលជាមុនសិន ខណៈនៅក្នុងឆ្នាំ២០១៥ ឧកញ៉ា ច័ន្ទដារ៉ា បានទៅសិក្សានៅប្រទេសចិនពីខ្សែចង្វាក់អាជីវកម្មប្រេងកន្ទក់អស់រយៈពេល ២ឆ្នាំ។ នៅឆ្នាំ២០១៧ បានទៅសិក្សានៅប្រទេសម៉ាឡេស៊ី ក៏មានក្រុមហ៊ុនមួយបានបញ្ជាទិញប្រេងកន្ទក់ដោយមានតួនាទីជាអ្នកផលិតឱ្យពួកគេ ដូច្នេះមុនពេលបង្កើតរោងចក្រ ឧកញ៉ា ច័ន្ទដារ៉ា បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុននៅប្រទេសម៉ាឡេស៊ី។
ឧកញ៉ា ច័ន្ទដារ៉ា បានលើកឡើងថា ចំពោះការផលិតប្រេងនេះ គេអាចធ្វើជារបៀបកៀប និងសម័យទំនើបគេធ្វើលក្ខណៈបំបែ្លងដោយផ្សំវត្ថុធាតុដើមឱ្យទៅជាផលិតផលសម្រេច។
ម្ចាស់អាជីវកម្មប្រេងកន្ទក់សុខៈរូបនេះ បានលើកឡើងថា៖ ’ប្រជាពលរដ្ឋបានដាំដុះស្រូវមានការកើនឡើងរហូតដល់ប្រមាណ ១លាន ៣សែនហិកតា ដែលធ្វើឱ្យផ្លូវដើររបស់ខ្ញុំ មើលឃើញវែងឆ្ងាយទៅមុខទៀត ដោយគ្រោងនាំចេញប្រេងកន្ទក់នេះទៅកាន់ទីផ្សារអន្តរជាតិ។ នៅដើមឆ្នាំ២០២៤នេះ ក្រុមហ៊ុនរបស់ខ្ញុំ បាននាំចេញប្រេងកន្ទក់ទៅម៉ាឡេស៊ីប្រមាណ ៤០តោន និងទៅប្រទេសចិននាំចេញប្រមាណ ៨០តោន”។
បើតាមឧកញ៉ា ច័ន្ទដារ៉ា សិក្សាទីផ្សារ ត្រៀមដើមទុន និងត្រៀមទីផ្សារទុកមុន ដើម្បីដាក់ចរាចណ៍ផលិតផលឱ្យមានដំណើរការល្អ។ តាំងពីការចាប់ផ្ដើមរហូតមកដល់បច្ចុប្បន្ននេះ គឺចំណាយដើមទុនអស់ប្រមាណ ៦លានដុល្លារអាម៉េរិក ដែលជាដើមទុនគាំទ្រដោយគ្រួសារ។
រោងចក្រផលិតប្រេងរបស់ឧកញ៉ា ច័ន្ទដារ៉ា ក្នុងមួយខែអាចផលិតបានប្រមាណ ១៨០តោន ខណៈក្នុងមួយថ្ងៃផលិតបាន ៦តោន ក្នុងនោះដាក់លក់លើទីផ្សារក្នុងស្រុកជិត ៣តោន និងសល់ប៉ុន្មានសម្រាប់នាំចេញទៅក្រៅប្រទេស។ សព្វថ្ងៃប្រជាពលរដ្ឋមានតម្រូវការប្រើប្រេងកន្ទក់នេះជាង ៣ពាន់តោន ដូច្នេះការផលិតពុំទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់នោះទេ៕ ដោយ៖ ញឹក សំអូន