ការសាងសង់ជណ្តើរត្រីភូមិស្លែង ក្នុងខេត្តសៀមរាបនឹងជួយបង្កើនប្រាក់ចំណូលដល់ពលរដ្ឋ និងជួយអភិរក្សប្រភេទត្រីនានានៅក្នុងស្រុក

រដ្ឋាភិបាលអូស្ត្រាលី រួមនិងតំណាងក្រសួងកសិកម្ម រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាជនក្នុងខេត្តសៀមរាបថ្មីៗកន្លងមកនេះ បានរៀបចំកម្មវិធីបើកសម្ពោធនៅជណ្តើរត្រីភូមិស្លែង ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីធ្វើឱ្យប្រសើឡើងនូវការផ្លាស់ទីរបស់ត្រី និងតភ្ជាប់ឡើងវិញនូវផ្លូវទឹកដែលល្អ រវាងបឹងទន្លេសាប និងសហគមន៍មូលដ្ឋាននៅតាមដងទន្លេ និងផ្លូវនេសាទ។
យោងតាមសារព័ត៌មាន ស៊ីស៊ី ថាមស៍ ជណ្តើរត្រីផ្តល់អត្ថប្រយោជន៍ដល់បរិស្ថាន និងប្រជាជន ដោយសារជណ្តើរត្រីនេះ អាចឱ្យត្រីធ្វើការផ្លាស់ទីដោយសេរី និងទទួលបានប្រភពអាហារ និងកន្លែងសម្រាប់ពងកូន ទន្ទឹមនឹងការរក្សាបាននូវការផ្គត់ផ្គង់ត្រីសម្រាប់ជលផលក្នុងស្រុក។ ជណ្តើរត្រីនេះគេបានសិក្សាឃើញថា អាចជំរុញសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនដែលពឹងផ្អែកលើវា។

លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានមានប្រសាសន៍ថា “ជណ្តើរត្រីភូមិស្លែងនេះ ត្រូវបានគេរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីការនេសាទដល់ចំនួន ៥០០០ គ្រួសារ និងជួយអភិរក្សប្រភេទត្រីនានាក្នុងស្រុកជាង ១០០ ប្រភេទ ដែលធ្វើឱ្យវាក្លាយជាជំហានដ៏សំខាន់ឆ្ពោះទៅកាន់អនាគតប្រកបដោយនិរន្តរភាពសម្រាប់ការនេសាទ និងសហគមន៍នេសាទរបស់កម្ពុជា” ។
សាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិ ACIAR បានមានប្រសាសន៍ថា “ចាប់តាំងពីឆ្នាំ ២០០៦ មក ACIAR បន្តផ្តល់មូលនិធិដល់ការស្រាវជ្រាវដើម្បីការពារស្តុកត្រីទន្លេមេគង្គ ដោយភ្ជាប់ក្រុមអ្នកស្រាវជ្រាវអូស្ត្រាលីសំខាន់ៗជាមួយសមភាគីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងសន្តិសុខស្បៀង និងថាមពល”។
សាស្ត្រាចារ្យ Umberger បានបន្ថែមថា “ការច្នៃប្រឌិតដែលត្រូវបានបង្កើតឡើងដោយភាពជាដៃគូស្រាវជ្រាវទាំងនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ជនបទ ដែលពឹងផ្អែកលើត្រីសម្រាប់សុខភាព និងសុខុមាលភាពរបស់ពួកគេ ហើយខ្ញុំរីករាយដែលឃើញបច្ចេកវិទ្យានេះ ត្រូវបានពង្រីកបន្ថែមទៀត ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងខេត្តសៀមរាប”។

តាមរយៈកិច្ចសហប្រតិបត្តិការបន្តរបស់ ACIAR និង DFAT ព្រមទាំងសាកលវិទ្យាល័យ Charles Sturt ជណ្តើរត្រីភូមិស្លែងត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ២០២២-២០២៣ ក្រោមភាពជាដៃគូជាមួយស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា រួមមានរដ្ឋបាលជលផល និងក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តសៀមរាប៕


កាលវិភាគផ្សព្វផ្សាយ