1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. ការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារចិនមានទឹកប្រាក់ជាង២៤លានដុល្លារអាម៉េរិកក្នុងឆ្នំា២០២៣

ការនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារចិនមានទឹកប្រាក់ជាង២៤លានដុល្លារអាម៉េរិកក្នុងឆ្នំា២០២៣

ក្នុងឆ្នាំ២០២៣កន្លងមកនេះកម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនមានចំនួនប្រមាណជាង ១៧ពាន់តោន ហើយគិតជាទំហំទឹកប្រាក់ចំនួនជាង ២៤លានដុល្លារអាម៉េរិក ស្របពេលកម្ពុជាទើបមានក្រុមហ៊ុនវេចខ្ចប់ កែច្នៃផ្លែមៀនចំនួន ១២កន្លែងក្នុងពេលបច្ចុប្បន្ននេះ។
ទាក់ទងនឹងបរិមាណនៃការនាំចេញផ្លែមៀនស្រស់ទៅប្រទេសចិនក្នុងឆ្នំា២០២៣កន្លងមកនេះ ត្រូវបានប្រធានសហគមន៍មៀនប៉ៃលិន ចាត់ទុកថាមានចំនួនច្រើនបើប្រៀបធៀបនឹងឆ្នំាមុន ហើយមានសេចក្តីសង្ឃឹមថានៅឆ្នំា២០២៤នេះនឹងមានការកើនឡើងបន្ថែមទៀត។

លោក សួស ស៊ីយ៉ាត ប្រធានសមាគមមៀនប៉ៃលិន បានឱ្យដឹងថា ចូលមកដល់ដើមឆ្នំា២០២៤ ការបញ្ចាទិញផ្លែមៀនស្រស់សម្រាប់ធ្វើការនាំចេញនៅមានជាធម្មតា មិនទាន់មានការប្រែប្រួលណាមួយនោះទេ។ តែក្រុមហ៊ុននឹងផ្អាកការបញ្ជាទិញមួយរយៈដល់ខែមិថុនា ហើយនឹងចាប់ផ្តើមដំណើរការឡើងវិញនៅក្នុងខែសីហាឆ្នំា២០២៤ ក្រោយពីមៀនឱ្យផលជាថ្មី។
បើតាមការកត់សម្គាល់ របស់ប្រធានសមាគមមៀនប៉ៃលិន បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ដែលមានចំការមៀននៅពេលប្រមូលផលបានច្រើនហើយអាចលក់បានតម្លៃមួយខ្ពស់ ឃើញថាប្រជាកសិករភាគច្រើនមានការសប្បាយចិត្តហើយមានជីវភាពល្អប្រសើរ។

ខណៈខេត្តប៉ៃលិនមានក្រុមហ៊ុន និងរោងចក្រកែច្នៃមួយចំនួនធ្វើការនាំចេញទៅប្រទេសចិន ហើយនៅពេលខាងមុខ បើមានក្រុមហ៊ុនចូលមកបណ្តាក់ទុនប្រកួតប្រជែងទិញមៀនបន្ថែមទៀត នឹងផ្តល់អត្ថប្រយោជន៍ថែមទៀតដល់កសិករនៅក្នុងតំបន់។
លោក សួស ស៊ីយ៉ាត សង្កត់ធ្ងន់ថា «នៅពេលការប្រមូលផលមៀនស្រស់ចាប់ផ្តើមឡើងវិញនៅខែសីហា ខ្ញុំរំពឹងថាការនាំចេញផ្លែមៀនទៅប្រទេសចិននឹងមានកើនឡើងថែមទៀត បើប្រៀបធៀបនឹងឆ្នំា២០២៣ ព្រោះថាតម្រូវការនាំចេញរបស់ក្រុមហ៊ុន កសិករនៅពុំទាន់មានការឆ្លើយតបបានពេញលេញនៅឡើយ»។

ទាក់ទងនឹងការការនាំចេញមៀនស្រស់ទៅទីផ្សារប្រទេសចិននេះ បើយោងតាមស្ថានទូតចិនប្រចំាកម្ពុជាធ្លាប់បានបង្ហាញឱ្យដឹងថា ដើម្បីអនុវត្តកុងសុងស៊ីសពាក់ព័ន្ធដែលថ្នាក់ដឹកនាំចិន និងកម្ពុជាកំណត់ជូន និងដើម្បីបញ្ចប់នីតិវិធីតេស្ត និងត្រួតពិនិត្យលើផ្លែមៀនកម្ពុជាដែលនាំចេញទៅកាន់ប្រទេសចិនឱ្យបានឆាប់រហ័ស នាពីថ្ងៃទី៤ ដល់៦ ខែមករា ឆ្នាំ២០២២ រដ្ឋបាលគយប្រទេសចិនបានធ្វើការវិភាគហានិភ័យ ​និងការត្រួតពិនិត្យផ្លែមៀនកម្ពុជាដោយតាមរយៈវីដេអូ មន្រ្តីតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានចូលរួមត្រួតពិនិត្យនៅទីតាំងផ្ទាល់។

ដំណើរខាងលើនេះ បានចុះពិនិត្យចម្ការផ្លែមៀនចំនួន ៣កន្លែងក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង និងរោងចក្រវេចខ្ចប់ចំនួន២កន្លែងក្នុងខេត្តប៉ៃលិន និងខេត្តកំពង់ស្ពឺ និងព្រមទាំងមន្ទីរពិសោធន៍ភូតគាមអនាម័យ និងមន្ទីរពិសោធន៍គុណភាពសុវត្ថិភាពក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។ ស្ថាប័នទទួលបន្ទុកកិច្ចការខាងលើនៃប្រទេសទាំងពីរមានប្រសាសន៍ថា ការវាយតម្លៃលើកនេះទទួលបានជោគជ័យពេញលេញ និងសម្រេចបានលទ្ធផលដូចការរំពឹងទុក។
គួរបញ្ជាក់ផងដែរថា ការនាំចេញផ្លែមៀនស្រស់ក្នុងខែមករា ឆ្នំា២០២៤ មាន ៦ ៤៣៨តោន កើនឡើងជាង២០០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២៣៕ ដោយ៖ Long Sareth


កាលវិភាគផ្សព្វផ្សាយ