ការនាំចេញកសិផលទៅទីផ្សារអន្តរជាតិក្នុងខែមករា កម្ពុជាទទួលបានទឹកប្រាក់ជាង៤៣៥លានដុល្លារអាម៉េរិក

ក្នុងខែមករា ឆ្នំា២០២៤ កន្លងមកនេះ កម្ពុជាបាននាំចេញកសិផលសរុប ទៅទីផ្សារអន្តរជាតិសម្រេចបានជាង១លានតោន ហើយបើគិតទឹកប្រាក់ទទួលបានជាង ៤៣៥លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។
របាយការណ៍បានបង្ហាញថា ក្នុងខែមករា ឆ្នំា២០២៤នេះ ការនាំចេញកសិផលទៅក្រៅប្រទេសដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ មានបរិមាណសរុបជាង ១លាន៤៣ម៉ឺនតោន ក្នុងនោះកសិផលក្រៅពីស្រូវ អង្ករមានចំនួនជាង ១លាន១១ម៉ឺនតោន, អង្ករចំនួន៤ម៉ឹន៦ពាន់តោន និងស្រូវចំនួនជាង២៧ម៉ឺនតោន ទៅកាន់ទិសដៅ៥២ប្រទេស ហើយការកើនឡើងជាង៨០%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២៣។
ការនាំចេញកសិផលក្នុងខែមករា ឆ្នំា២០២៤នេះ មានការប៉ាន់ស្មានជាទឹកប្រាក់ដែលទទួលបានការនំាចេញកសិផលមានចំនួនជាង ៤៣៥លានដុល្លារអាម៉េរិក ហើយក្នុងនោះតម្លៃនៃការនាំចេញកសិផលក្រៅពីស្រូវ អង្ករមានជាង ៣៣៨លានដុល្លារអាម៉េរិក, តម្លៃពីការនាំចេញអង្ករមានជាង ៣៩លានដុល្លារអាម៉េរិក និងតម្លៃពីការនាំចេញស្រូវមានជាង ៥៨លានដុល្លារអាម៉េរិក។
របាយការណ៍គួរបញ្ជាក់ថា កសិផលសំខាន់ៗដែលកម្ពុជានាំចេញក្នុងខែមករាមានដូចជា អង្ករ, ស្រូវ, ចំណិតដំឡូងមីក្រៀម,ដំឡូងមីស្រស់, ម៉្សៅដំឡូងមី, កាកសំណល់ដំឡូងមី, គ្រាប់ស្វាយចន្ទី,គ្រាប់ពោត, គ្រាប់ស្វាយចន្ទី,គ្រាប់សណ្តែកសៀង, ផ្លែចេកស្រស់, ផ្លែស្វាយស្រស់, ដំណាប់ស្វាយ,ផ្លែមៀនស្រស់, ដូងប្រេង, ម្រេច,បន្លែចម្រុះរួម និងកសិផលចំនួន ៣៤មុខផ្សេងទៀត។
របាយការណ៍សន្និដ្ឋានថា ការនាំចេញផលិតផលកសិកម្មក្នុងខែមករា ឆ្នំា២០២៤ មានការកើនឡើងជាង៦៤ម៉ឺនតោន (កសិផលក្រៅពីស្រូវអង្ករកើនឡើងជាង៤៩ម៉ឺនតោន, អង្ករកើនឡើង ៩ ៣២១តោន និងស្រូវកើនឡើងជាង១៣ម៉ឺនតោន) បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំាំ២០២៣។ កំណើននៃការនាំចេញក្នុងខែមករា ខ្ពស់មិនធ្លាប់មានក្នុងរយៈពេល ៥ឆ្នំាចុងក្រោយកន្លងមកនេះ៕ ដោយ៖Long Sareth


កាលវិភាគផ្សព្វផ្សាយ