កសិករដំាដូងក្រអូប នៅខាងស្រុកវាលរេញ ខេត្តព្រះសីហនុម្នាក់បាននឹងកំពុងចាប់យកឱកាសទីផ្សារ ក៏ដូចជាសក្តានុពលនៅក្នុងស្រុក ដោយមិនទាន់ចង់ធ្វើការនាំចេញផ្លែដូងរបស់ខ្លួនទៅទីផ្សារប្រទេសចិននោះទេ ស្របពេលពិធីសារស្តីពីលក្ខណ្ឌតម្រូវការភូតគាមអនាម័យសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនបានចាប់ផ្តើមកាលថ្ងៃទី១៥ ខែកញ្ញា ឆ្នំា២០២៣។
លោក ប៊ុត គឹមឆាយ ម្ចាស់ចំការដូងក្រអូបនៅស្រុកវាលរេញខេត្តព្រះសីហនុ បានឱ្យដឹងថាមកដល់បច្ចុប្បន្នលោកនៅមិនទាន់បានចុះបញ្ចីចំការដូងនៅខាងអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានចុះត្រួតពិនិត្យវាយតម្លៃសម្រាប់ធ្វើការនាំចេញដូងស្រស់ទៅប្រទេសចិនឡើយនោះទេ។
លោក ប៊ុត គឹមឆាយ បញ្ជាក់ថាការយឺតយាវនៃការចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម ដោយសារការផ្គត់ផ្គង់ស្រស់ក្នុងស្រុករបស់ខ្ញុំនៅមិនទាន់បានឆ្លើយតបទីផ្សារបានគ្រប់គ្រាន់ នៅឡើយនោះទេ ហើយម្យ៉ាងទៀតខ្ញុំកំពុងផ្តោតសំខាន់ទៅលើការផលិតដូងពូជលក់នៅក្នុងស្រុក។ ដូចនេះការនាំចេញដូងស្រស់ទៅទីផ្សារចិន នៅមិនទាន់មានផែនការនោះទេ»។
បើយោងតាមម្ចាស់ចំការដូងក្រអូបខាងលើ ក្នុងខែមករា ឆ្នំា២០២៤ នេះការផ្គត់ផ្គង់ផ្លែដូងខ្ចីមានចន្លោះពី១ម៉ឺន ទៅ ១ម៉ឺន២ពាន់គ្រាប់, ដូងពូជមានចន្លោះពី៤ពាន់ទៅ៥ពាន់គ្រាប់។
លោកបន្តថា « នៅពេលខ្លះយើងប្រមូលផលដូងខ្ចីសម្រាប់ ផ្គត់ផ្គង់តម្រូវការក្នុងស្រុកមិនទាន់ពេលវេលា ជាហេតុធ្វើឱ្យដូងមួយចំនួនចាស់ជ្រុល តែទោះជាយ៉ាងនេះក្តី យើងនៅតែទទួលបានផលប្រយោជន៍ ដោយសារ យើងយកវាមកបណ្តុះជាដូងពូជសម្រាប់បំពេញតម្រូវការក្នុងតំបន់ និងក្រៅតំបន់ដែលកំពុងមាននិន្នាការកើនឡើង»។
បើតាមលោក ប៊ុត គឹមឆាយ ក្នុង២០២៣ លោកលក់ផ្លែដូងខ្ចីមានជាង៩ម៉ឺនគ្រាប់, ដូងពូជក្នុងឆ្នំា២០២២ មានជាង៧ម៉ឺនដើម និងឆ្នំា២០២៣ មានជាង៥ម៉ឺនដើម ហើយនៅឆ្នំា២០២៤ លោកកំពុងផ្តោតខ្លំាងទៅលើការបណ្តុះ គ្រាប់ដូងពូជឱ្យបាន១០ម៉ឺនដើម។ ខណៈបច្ចុប្បន្នលោកមានផ្ទៃដីដាំដុះដូងក្រអូបសរុប៦០ហិកតា។
ពាក់ព័ន្ធនឹងការនាំចេញដូងក្រអូបទៅប្រទេសចិននេះ, ឯកឧត្តម ងិន ឆាយ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា «ក្នុងពេលថ្មីៗនេះអគ្គរដ្ឋបាលគយចិនបានធ្វើការត្រួតពិនិត្យចំការដូងរបស់យើង និងទីតំាងវេចខ្ចប់។ ក្រុមការងារកំពុងតែរៀបចំរបាយការណ៍ដាក់ទៅអគ្គរដ្ឋបាលគយចិនពិនិត្យសម្រេច ដូចនេះសួរថាដល់ពេលណានាំចេញបាន នៅមិនទាន់ដឹងច្បាស់លាស់នៅឡើយ រងចំាអគ្គរដ្ឋបាលគយចិនឯកភាព ទើបយើងធ្វើការនាំចេញបាន»៕ ដោយ៖ Long Sareth