បន្ទាប់ពីរាជរដ្ឋាភិបាលចាប់ផ្តើមបើការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១គ្រោងចំណាយថវិកាប្រមាណ២៤៣លានដុល្លារអាមេរិកកាលពីថ្ងៃទី២២ខែធ្នូឆ្នំា២០២៣កន្លងមកនេះ ត្រូវបានអ្នកជំនាញផ្នែកពាណិជ្ជកម្មក្នុងស្រុកមួយរូបមើលឃើញថា ការនាំចេញកសិផលស្រស់របស់កម្ពុជាលែងជាឧបស័គ្គទៀតហើយ ពោលការនាំចេញឈប់ពឹងផ្អែកទៅលើកំពង់ផែរបស់ប្រទេសវៀតណាមទៀត នៅពេលចំណតផែកុងតឺន័រថ្មីនេះដាក់ឱ្យដំណើរការ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រាប់ការនាំចេញកសិកផល កន្លងទៅ មានឧបស័គ្គ ពិសេសផលិតផលកសិកម្មស្រស់ ដូចការនាំចេញផ្លែចេកស្រស់ ត្រូវការចំណាយលើការដឹកជញ្ជូនថ្លៃ ធ្វើឱ្យក្រុមហ៊ុនងាកនាំចេញទៅតាមកំពង់ផែហូរជីមិញរបស់វៀតណាមដែលមានសកម្មភាពដឹកជញ្ជូនរាល់ថ្ងៃនិងមានតម្លៃទាប។ តែនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ វិញត្រូវការពេលកន្លះខែទើបមានការដឹកជញ្ជូនចេញបានមួយជើង ដោយសារកម្ពុជាមានកាប៉ាល់តូច ហើយទាមទារត្រូវការសាងទំនិញលើកដាក់បន្តមុននាំចេញ។
អ្នកឧកញ៉ា លឹម ហេង មានប្រសាសន៍ថា «ប៉ុន្តែបើយើងមានកំពង់ផែទឹកជ្រៅ អាចនិងមានការដឹកជញ្ជូនមានច្រើន យើងមានកាប៉ាល់ដឹកជញ្ជូនទំនិញចេញបានរាល់ថ្ងៃទៅបណ្តាប្រទេសនៅលើទីផ្សារអន្តរជាតិ នោះកសិផលស្រស់របស់យើងនឹងងាយស្រួលក្នុងការដឹកជញ្ជូននិងមានតម្លៃថោក ហើយផលិតផលកសិកម្មស្រស់របស់កម្ពុជា ដូចជាផ្លែស្វាយ ចេកអំបូងលឿង និងកសិផលស្រស់ផ្សេងទៀត នៅពេលខាងមុខនិងធ្វើការនាំចេញតាមកំពង់ផែទឹកជ្រៅស្វយ័តក្រុងព្រះសីហនុនេះវិញ ហើយនិងមានតម្លៃថោកជាងការនាំចេញទៅតាមកំពង់ផែហូរជីមិញរបស់វៀតណាម»។
អ្នកឧកញ៉ា លើកឡើងថា ផ្អែកទៅលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាមានជាមួយបណ្តាប្រទេសមួយចំនួននាពេលកន្លងមក កម្ពុជានៅតែមានសុទិដ្ឋិនិយមថា វិនិយោគិនបរទេសនឹងចូលមកវិនិយោគលើវិស័យកសិកម្ម និងការកែច្នៃកសិផលមានកាន់តែច្រើនឡើង ព្រោះក្នុងពេលសព្វថ្ងៃនេះវិនិយោគិនបរទេសបានចូលមកកម្ពុជាមានជាបន្តបន្ទាប់មានដូចជា ក្រុមហ៊ុនចិន, ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនកូរ៉េ ។លើសពីនេះបើការដឹកជញ្ជូនតាមកំពង់ផែស្វយ័តក្រុងព្រះសីហនុមានតម្លៃថោក ហើយបានលឿន ក្រុមហ៊ុនក្នុងស្រុកក៏ដូចជាក្រុមហ៊ុនបរទេសដែលបាននិងកំពុងវិនិយោគក្នុងវិស័យកសិកម្មនេះ និងធ្វើការពង្រីកផ្ទៃដីដាំដុះរបស់ខ្លួនថែមទៀត។
ទាក់ទងគម្រោងការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១,ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងសាងសង់ចំណតផែទឹកជ្រៅថ្មី ជំហានទី១មានប្រវែង៣៥០ម៉ែត្រ, ជម្រៅទឹកសាងសង់១៤,៥ម៉ែត្រ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក៦ម៉ឺនតោន ឬស្មើនិង៤ពាន់TEU(TEUជាខ្នាតកុងតឺន័រ) ដែលមានផ្លូវទឹកដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយបង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ១,២៥លាន TEU នៅក្នុងមួយឆ្នំា។
ឯកឧត្តម បញ្ជាក់ថា «គម្រោងសាងសង់ចំណតផែទឹកជ្រៅថ្មី ជំហានទី១នេះប្រើប្រាស់រយៈពេលសាងសង់៣៦ខែដែលគ្រោងបញ្ចប់នៅឆ្នំា២០២៦ ហើយគ្រោងចំណាយថវិកាសាងសង់ប្រមាណ២៤៣លានដុល្លារអាមេរិក រួមបញ្ចូលទំាងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ពន្ធអាករផ្សេងៗ។ ចំណតផែកុងតឺន័រទឹកថ្មី ជំហានទី១នេះ នៅពេលដាក់ឱ្យដំណើរការ និងអនុញ្ញាតឱ្យនាវា៩៣%ក្នុងតំបន់ចូលចតនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលនៅពេលបច្ចុប្បន្នមានត្រឹមតែ១៨%ប៉ុណ្ណោះអាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាមសមុទ្រអាចនិងកាត់បន្ថយបានប្រមាណពី២០០ដុល្លារអាមេរិកក្នុង១ TEU ដែលតម្លៃនេះនិងប្រហាក់ប្រហែលជាមួយនិងប្រទេសនៅក្នុងតំបន់»។
ឯកឧត្តម ប៉េង ពោធិ៍នា មានប្រសាសន៍បន្ថែមទៀតថា កំពង់ផែស្វយ័តក្រុងព្រះសីហនុគ្រោងនឹងអភិវឌ្ឍន៍និងពង្រីកបន្ថែមនៅសមត្ថភាពកំពង់ផែតាមរយៈគ្រោងសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី២និងជំហានទី៣ ដែលក្នុងនោះចំណតផែកុងតឺន័រជំហានទី២មានប្រវែង៤០០ម៉ែត្រ ជម្រៅទឹកសាងសង់១៦,៥ម៉ែត្រ អាចអនុញ្ញាតនាវាកុងតឺន័រមានចំណុះផ្ទុក១២ម៉ឺនតោនឬស្មើនិង១ម៉ឺនTEU ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនិងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់ប្រមាណជាង១,៨លានTEUក្នុង១ឆ្នំា។
ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹកសាងសង់១៧,៥ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក១៦ម៉ឺនតោនឬស្មើនិង១៥ពាន់TEU ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អឺរ៉ុប អាមេរិកនិងទូទំាងពិភពលោកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយពុំចាំបាច់ឆ្លងកាត់កំពង់ផែផ្សេងៗនៅក្នុងតំបន់ទៀតទេ។ចំណតផែកុងតឺន័រថ្មីនេះនិងបង្កើនសមត្ថភាពកំពង់ផែសរុបរហូតដល់២,៥លានTEUក្នុង១ឆ្នំា។
ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី២និងជំហានទី៣ថ្មីនេះ គ្រោងនិងចំណាយថវិកាសាងសង់ប្រមាណ៦៩៨លានដុល្លារអាមេរិកបន្ថែមទៀត ដែលទឹកប្រាក់ជាង៥០០លានដុល្លារអាមេរិកជាឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុន និងជាង១០០លានដុល្លារអាមេរិកជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
តាមគម្រោងសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ចំណតផែកុងតឺន័រទំាង៣ជំហាននេះនិងប្រែក្លាយសមត្ថភាពកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូចឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំប្រកបដោយភាពប្រកួតប្រជែង ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំពីគ្រប់តំបន់នៅជុំវិញពិភពលោកអាចចូលចតបានដោយងាយស្រួលនិងឆាប់រហ័តដោយពុំមានឧបស័គ្គលើជម្រៅទឹកទៀតឡើយ៕
ដោយ៖ LONG SARETH