យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆ្នំា២០២៣កន្លងមកនេះកម្ពុជាបាននាំចេញបន្លែចម្រុះប្រមាណ ២២០ តោនទៅទីផ្សារអន្តរជាតិ កើនឡើងជាង១០០% បើធៀបទៅនឹងឆ្នាំ ២០២២។
ពាក់ព័ន្ធនឹងការនំាចេញបន្លែចម្រុះខាងលើ, ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បន្លែចម្រុះចំនួន ២២០តោននេះគឺនាំចេញ ទៅកាន់ទីផ្សារប្រទេសបាំរាំងដោយក្រុមហ៊ុន SOUN THONG IMPORT EXPORT CO., LTD ហើយបើគិតជាទំហំទឹកប្រាក់មានជាង ៥៣ម៉ឺនដុល្លារអាម៉េរិក។
ការនាំចេញបន្លែចម្រុះនៅក្នុងឆ្នំា២០២៣កន្លងមកនេះត្រូវបានគេមើលឃើញថា វាជាឱកាសម្រាប់កម្ពុជាក្នុងការជំរុញការដំាដុះបន្លែក្នុងផ្ទះសំណាញ់ឱ្យបានច្រើន ដើម្បីត្រៀមឆ្លើយតបទៅ
នឹងតម្រូវការទីផ្សារខាងក្រៅ។
លោក ជួ មករា ប្រធានសហភាព សហគមន៍បន្លែសុវត្ថិភាពកម្ពុជា យល់ឃើញថាការនាំចេញបន្លែចម្រុះទៅទីផ្សារបរទេស វាជាឱកាសមួយសម្រាប់កម្ពុជា ហើយប្រសិនមានការដំាបន្លែនៅក្នុងរោងផ្ទះសំណាញ់ច្រើន កម្ពុជាអាចទទួលការបញ្ជាទិញពីអ្នកប្រើប្រាស់នៅក្រៅប្រទេសបានច្រើនថែមទៀត។
លោក ជួ មករា សង្កត់ធ្ងន់ថា «ដូចនេះវាជាឱកាសមួយសម្រាប់ប្រទេសកម្ពុជាយើង ក្នុងការជំរុញការនាំចេញបន្លែទៅក្រៅប្រទេស តាមរយៈការពង្រីកឱ្យមានការដំាដុះច្រើននៅក្នុងរោងផ្ទះសំណាញ់ ហើយស្របពេលជាមួយគ្នានេះដែរក៏មានអតិថិជននៅខាងក្រៅប្រទេសមួយចំនួនបានទាក់ទងមកខាងសហភាពដើម្បីសួរនាំអំពីលទ្ធភាពពីការផលិត និងការនាំចេញប្រភេទបន្លែមួយចំនួនទៅទីផ្សារបរទេសផងដែរ»។
ពាក់ព័ន្ធនឹងការនាំចេញបន្លែនេះ បើយោងតាមប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា ថាបច្ចុប្បន្នខាងសហភាពកំពុងតែជជែកគ្នាជាមួយដៃគូមិនទាន់ឈានទៅដល់កាលលម្អិតឬ ធ្វើកុងត្រាអោយផលិតផលនាំចេញទេ ដោយសារនៅខាងសហភាពមានទំហំរោងផ្ទះសំណាញ់មានកម្រិត ត្រូវការរោងផ្ទះសំណាញ់បន្ថែមទៀត។
លោកគូសបញ្ជាក់ថា «យើងត្រូវការសិក្សាអំពីបច្ចេកទេសនៃការផលិត ស្តង់ដារគុណភាពដែលអាចនាំចូលទៅប្រទេសក្រៅ ជាមួយនឹងតម្លៃថាអាចនឹងទទួលបានផលចំណេញឬអត់? តម្លៃបន្លែរបស់យើងមានការប្រកួតប្រជែងជាមួយប្រទេសនាំចូលបន្លែទៅទីផ្សាររួមវាយ៉ាងណាដែរ? ចំណុចទំាងនេះ យើងកំពុងធ្វើការសិក្សានៅឡើយ ។ ប៉ុន្តែយើងមានសុទិដ្ឋិនិយមថាយើងអាចធ្វើបាន ដោយសារក្រុមអ្នកផលិត និងអ្នកទិញសុទ្ធតែមានឆន្ទៈរួមគ្នាថាយើងជួយជំរុញនាំចេញបន្លែពីកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ»។
ក្រោយពីមានការបង្ហាញពីឆន្ទៈចង់ធ្វើការនាំចេញបន្លែចម្រុះទៅទីផ្សារអន្តរជាតិនាពេលខាងមុខ, លោក ជួ មករា បញ្ជាក់ថា «យើងព្យាយាមបញ្ចប់ការចរចារនៅក្នុងរយៈពេល២ឬ៣ខាងមុខនេះ ហើយការដំាបន្លែសាកល្បងអាចនឹងចាប់ផ្តើមនៅពេលដំណាលគ្នាផងដែរ។ ដូចនេះប្រហែល៦ខែទៀតអាចសាកល្បងនាំចេញខ្លះបាន ខណៈនៅពេលបច្ចុប្បន្នកសិករស្ថិតនៅក្នុងផែនការផលិតកម្ម យើងមានចំនួន៥០គ្រួសារ បើគិតជាចំនួនរោងផ្ទះសំណាញ់មានចន្លោះពី៤០០ទៅ៥០០ខ្នង ហើយមានលទ្ធភាពប្រមូលផល បន្លែចម្រុះមានពី១តោន ទៅ២តោននៅក្នុងមួយថ្ងៃ»៕ ដោយ៖ Long Sareth