កម្ពុជាទទួលបានចំណូលជិត១០០លានដុល្លារអាម៉េរិកពីការនាំចេញស្រូវ-អង្ករក្នុងខែមករា

ការនាំចេញស្រូវ-អង្ករ ក្នុងខែមករា ឆ្នំា២០២៤ មានជាង ៣២២ពាន់តោន ក្នុងនោះស្រូវមានជាង ២៧ពាន់តោន គិតជាទឹកប្រាក់មានជាង ៣៩លានដុល្លារអាម៉េរិក, អង្ករមានជាង ៤៦ពាន់តោន គិតជាទឹកប្រាក់មានជាង ៥៨លានដុល្លារអាម៉េរិក។ ពោលការនាំចេញស្រូវអង្ករក្នុងខែមករា កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារអាម៉េរិក។ នៅក្នុងចំណោមចំណូលសរុបបានមកពីការនាំកសិផលជាង ៤៣៥លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មគូសបញ្ជាក់ថា « សម្រាប់ការនាំចេញអង្ករក្នុងខែមករា ដែលបរិមាណជាង ៤៦ពាន់តោននេះ គឺមានការកើនឡើងជាង២៥% ហើយការនាំចេញស្រូវមានជាង ២៧៦ពាន់តោនកើនឡើងជាង៩០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នំា២០២៣»។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាមានប្រសាសន៍ថា «ការនាំចេញអង្ករ ក្នុងខែមករាកើនឡើងជាង២០% ដោយមានការនាំចេញទៅទីផ្សារប្រទេសឥណ្ឌូនេស៊ី(តំបន់អាស៊ាន),ទីផ្សារហុងកុង(តំបន់អាស៊ី)និងទីផ្សារនៅសហគមន៍អឺរ៉ុប»។
ទាក់ទងនិងវិស័យកសិកម្មថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានប្រសាសន៍ថា វិស័យកសិកម្មកម្ពុជា បានរីកលូតលាស់គួរឱ្យកត់សម្គាល់, ពោលគឺ បានប្រែក្លាយពីកសិកម្មបែបប្រពៃណី និង គ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃ, មកជាកសិកម្មទំនើប, មានពិពិធភាព និងលើសពីតម្រូវការក្នុងស្រុកដែលអាចនាំចេញ ជាច្រើនផលិតផល រួមមាន៖ ស្រូវ-អង្ករ, ដំឡូងមី, ស្វាយចន្ទី, ចេក, ស្វាយ, មៀនប៉ៃលិន។ ស្របពេលដែលកសិផលជាច្រើន ដែលធ្លាប់តែត្រូវបាននាំចូល ត្រូវបានផ្គត់ផ្គង់ ពីប្រភពក្នុងស្រុកជំនួសវិញ ហើយនៅក្នុងរយៈកាលជាង ២ទសវត្សរ៍ចុងក្រោយនេះ វិស័យកសិកម្មបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យសង្កត់ធ្ងន់ថា « វិស័យកសិកម្ម បានដើរតួសំខាន់ ក្នុងការជួយឱ្យកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ច ខ្ពស់ប្រមាណ ៧% ជាមធ្យម ក្នុងមួយឆ្នាំ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩, ហើយម៉្យាងទៀត យើងក៏បានមើលឃើញកាន់តែច្បាស់ អំពីសារៈសំខាន់នៃវិស័យនេះ ក្នុងអំឡុងកម្ពុជា ជួបប្រឈមនឹងវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណ ៣ ឆ្នាំកន្លងទៅ, ដែលក្នុងអំឡុងនោះ វិស័យនេះបានផ្តល់ការងារ, ប្រភពចំណូល និង សន្តិសុខ ស្បៀង ដល់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ពីវិបត្តិជាសកលនេះ »៕ ដោយ៖Long sareth


កាលវិភាគផ្សព្វផ្សាយ