កម្ពុជាកំពុងពង្រឹងការកត់ត្រាទិន្នន័យនាំចេញគ្រាប់ស្វាយចន្ទីឱ្យមានភាពសុក្រឹត

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ហៅកាត់ថា .អ.គ.រ. គ្រោងជួបពិភាក្សាជាមួយសមាគមស្វាយចន្ទីកម្ពុជាដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាពជាក់ស្តែងនៃការនាំចេញគ្រាប់ស្វាយចន្ទី របស់កម្ពុជា។
យោងតាមសំណើចុះថ្ងៃទី១៦ ខែមករា របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សុំជួយប្រជុំពិភាក្សាអំពីស្ថានភាពនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជាទៅប្រទេសជិតខាង និងបញ្ហានៃការកត់ត្រាទិន្នន័យ ជាមួយនឹងសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អ.គ.រ.) កំពុងពង្រឹងការកត់ត្រាទិន្នន័យនាំចេញកសិផល ជាពិសេសគ្រាប់ស្វាយចន្ទីដែលជាមុខទំនិញនាំចេញដ៏សំខាន់ ដែលកំពុងត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយនៅពេលកន្លងមកទិន្នន័យនាំចេញដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធរួមទំាងប្រទេសជិតខាងនៅមានភាពលម្អៀងគ្នាច្រើនដែលនាំឱ្យពិបាកក្នុងការវិភាគអំពីស្ថានភាពនាំចេញជាក់ស្តែង ដើម្បីរៀបចំគោលនយោបាយសម្រាប់គំាំទ្រដល់វិស័យនេះឱ្យបានសមស្រប។
ក្នុងន័យនេះ ដើម្បីស្វែងយល់បន្ថែមទៀត អំពីស្ថានភាពជាក់ស្តែងនៃការនាំចេញគ្រាប់ស្វាយចន្ទី ក៏ដូចជាស្វែងរកយន្តការកត់ត្រា និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានកាន់តែសុក្រឹត សូមលោកប្រធានសមាគមអនុញ្ញាតឱ្យអ្នកជំនាញស្ថិតិរបស់ អគរ និងគម្រោង ARISE Plus Cambodia ជួបពិភាក្សាជាមួយតំណាងសមាគម និងបុគ្គលិកជំនាញពាក់ព័ន្ធនាចុងខែមករាខាងមុខនេះ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា តាមរយៈទិន្នន័យស្វាយចន្ទីដែលសមាគមរកឃើញ ហើយធ្វើការប្រៀបធៀបជាមួយខាងក្រៅប្រទេសវាមានភាពខុសគ្នា។ ជាក់ស្តែង នៅឆ្នំានេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រកឃើញជាង៤០ម៉ឺនតោន តែចំណែកខាងសមាគមវិញរកឃើញរហូតដល់ជាង៦០ម៉ឺនតោន។ លោកសង្កត់ធ្ងន់ថា « កាលណាយើងមានព័ត៌មាន និងទិន្នន័យមួយ មានភាពសុក្រឹត វាជាប្រទីបសម្រាប់ឱ្យវិនិយោគិនបរទេសកាន់តែមានទំនុកចិត្ត ហើយគាត់អាចមកវិនិយោគបន្ថែម ដោយសារកម្ពុជាមានសក្តានុពលស្វាយចន្ទី។ បើសិនយើងអាចឈានទៅប្រមូលទិន្នន័យមានភាពមានសុក្រឹតបាន ហើយមានបរិមាណច្រើនវាជួយឱ្យវិនិយោគិនបរទេស ងាកមករកវត្ថុធាតុដើមនៅកម្ពុជា និងសាងសង់រោងចក្រកែច្នៃនៅស្រុកផងដែរ»។
បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា កន្លងមកសមាគមតែងតែចង់បានទិន្នន័យអំពីស្វាយចន្ទីដែលមានភាពសុក្រឹតមួយ ដើម្បីជាប្រយោជន៍ដល់ធុរជនដែលមានគំនិតចង់វិនិយោគនៅលើវិស័យស្វាយចន្ទីមួយនេះ។ តែទិន្នន័យស្វាយចន្ទីជាច្រើនឆ្នំាកន្លងមកនេះ បានធ្វើឱ្យកម្ពុជាបាត់បង់នូវឱកាសបង្ហាញទៅពិភពលោក អំពីសក្តានុពលរបស់ស្វាយចន្ទីខ្លួន។ លោកលើកឡើងថា នៅឆ្នំា២០២២ សមាគមបានសិក្សាស្រាវជ្រាវរកឃើញ កម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីប្រហែល៦៥ម៉ឺន ហិកតា ហើយនៅឆ្នំា២០២៣ បានរកឃើញថាកូនស្វាយចន្ទីដែលបានលក់ចេញនៅក្នុងខេត្តចំនួន៦ មានជិត៧លានកូន ហើយផ្អែកទៅលើចំនួនកូនស្វាយចន្ទីនេះ មានការប៉ាន់ប្រមាណថាមានផ្ទៃដីប្រហែល៤ម៉ឺនហិកតាទៀតដែលបានដំាស្វាយចន្ទីថែម។
នៅក្នុងវិស័យស្វាយចន្ទី មកដល់បច្ចុប្បន្ននេះ កម្ពុជាមាន៤២សហគ្រាស ក្នុងនោះជាសមាជិករបស់សមាគមមាន ៣៥សហគ្រាស។ រោងចក្រខ្នាតមធ្យម ដែលមានសមត្ថភាពផលិតគ្រាប់ឆៅបាន៧ពាន់តោន ក្នុងមួយឆ្នំាមានចំនួន៣ ស្ថិតនៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងនៅខេត្តព្រះវិហារ៕
ដោយ៖Long Sareth


កាលវិភាគផ្សព្វផ្សាយ