1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream

កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream

កម្ពុជា កំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ បានអនុញ្ញាតឱ្យអ្នកវិនិយោគចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជាដោយបានគូសបញ្ជាក់ថា ៖ “កម្ពុជាកំពុងត្រូវការអ្នកវិនិយោគនៅកម្រិត Upstream ដូចជា ការកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម សម្រាប់ការនាំចេញទៅប្រទេសចិន និងទីផ្សារអន្តរជាតិ” ។

ឯកឧត្តម ឌិត ទីណា បានបន្ថែមថា ផលិតផលកសិកម្ម ជាពិសេសអង្ករប្រណិត ស្វាយចន្ទី កៅស៊ូ ផលិតផលជលផលទឹកសាប និងវារីវប្បកម្ម ព្រមទាំងផលិតផលកសិកម្មដែលមានសក្តានុពលផ្សេងៗទៀត ដែលមានតម្លៃបន្ថែមខ្ពស់ ផ្តល់ផលចំណេញដល់កសិករ និងអ្នកវិនិយោគ។

បើតាមឯកឧត្តមរដ្ឋមន្ត្រី រាល់ការវិនិយោគត្រូវមានការសិក្សា មានផែនការវិនិយោគច្បាស់លាស់ និងទីផ្សារពិតប្រាកដ ដើម្បីធានាឱ្យការវិនិយោគស្របតាមគោលនយោបាយជាតិ ទទួលបានការគាំទ្រ ផ្តល់ផលចំណេញ និងមាននិរន្តរភាពសេដ្ឋកិច្ច។

ជាមួយគ្នានេះ ឯកឧត្តម ឌិត ឌីណា បានបញ្ជាក់បន្ថែមអំពីយន្តការគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម នៃរាជរដ្ឋាភិបាលអាណត្តិទី៧នេះផងដែរ ដោយផ្ដោតលើការកសាងសហគមន៍កសិកម្មទំនើប និងការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ។
សូមជម្រាបថា វិស័យកសិកម្ម បានដើរតួយ៉ាងសំខាន់ក្នុងការគំាំទ្រដល់ការអភិវឌ្ឍសង្គម និងនៅសេដ្ឋកិច្ចកម្ពុជា។ គេសង្កេតឃើញថា មានកំណើននាំចេញផលិតផលកែច្នៃ ដូចជាការនាំចេញផលិតស្វាយកែច្នៃសម្រេចបានជាង ២៧ពាន់តោន កើនប្រមាណ ៤៨ភាគរយ។ នៅឆ្នំា២០២៣ តាមការប៉ាន់ស្មានការនាំចេញកសិផល គិតជាទឹកប្រាក់មានជាង ៤ ៣០៤លានដុល្លារអាម៉េរិក ក្នុងនោះតម្លៃបានមកពីការនាំចេញអង្ករមានជាង ៥៦៧លានដុល្លារ , តម្លៃបានមកពីការនាំចេញស្រូវមានជាង ៩៣៩លានដុល្លារ និងតម្លៃបានមកពីការនាំចេញកសិផលស្រូវអង្ករមានជាង ២ ៧៩៩លានដុល្លារអាម៉េរិក៕


កាលវិភាគផ្សព្វផ្សាយ