ភ្នំពេញ: ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅរសៀលថ្ងៃទី៤ខែកុម្ភ:ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យទូរទស្សន៍ BTVសម្ភាសន៍ស្តីពីមូលនិធិពិសេសរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសនោះ គឺផ្តោតលើវិស័យស្រូវអង្ករ។
នៅក្នុងបទសម្ភាសន៍នោះ ពេលពិធីការិនីបានផ្តោតសំណួរទាក់ទងនឹងការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលតើបានជួយអ្វីខ្លះដល់វិស័យកសិកម្មនោះ? ឯកឧត្តមបណ្ឌិតប្រតិភូបានឆ្លើយតបថា ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ARDB បានប្រើប្រាស់ឲ្យមានការរីកចម្រើននិងមានប្រសិទ្ធភាពខ្ពស់ សម្រាប់ជួយវិស័យកសិកម្ម ជាក់ស្តែង បើពិនិត្យមើលទំហំផលិតកម្មស្រូវ និងតម្លៃស្រូវក្នុងនិងក្រោយឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះឃើញថា តម្លៃស្រូវនិងអង្កររបស់កម្ពុជាយើងមានស្ថេរភាព និងកើនឡើងជាបន្តបន្ទាប់ជាមួយគ្នានោះ ផលិតកម្មស្រូវក្នុងឆ្នាំ២០១៦ មានជាង៩លានតោន និងបានកើនឡើងជារហូតដល់ជាង១៣លានតោនឆ្នាំ២០២៤។
ផលិតកម្មស្រូវដែលជាកំណើនយ៉ាងគំហុកផងដែរ ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា ទុនពិសេសដែលញ្ចេញ ដើម្បីស្ថិរភាពថ្លៃនិងលំនឹងជីវភាពរបស់ប្រជាកសិករ ពិតជាមានប្រសិទ្ធភាពខ្ពស់ ព្រោះថា ប្រសិនបើតម្លៃស្រូវមិនមានស្ថិរភាព ឬចុះថោកនោះ កសិករខ្មែរនឹងមិនបង្កើនការផលិតច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំនោះទេ។
ជាមួយគ្នានោះ ប្រសិនស្រូវមានតម្លៃថោក ហើយលក់មិនដាច់ច្បាស់ណាស់កសិករនឹងឈប់ធ្វើស្រែ ហើយទៅស្វែងរកការងារធ្វើនៅទីក្រុងឬក្រៅប្រទេសជាក់ជាមិនខាន ហើយផលិតកម្មស្រូវនឹងថយចុះពីជាង៩លានតោនក្នុងឆ្នាំ២០១៦ មកនៅក្រោម៩ តោនក្នុងពេលបច្ចុប្បន្នជាមិនខាននោះ នេះជាភាពឡូហ្សិច(Logic)។
ទន្ទឹមនិងនេះដែរ នៅពេលសួរថា ហេតុអ្វី បានជាវិស័យស្រូវអង្គរមានការកើនឡើង! ឯកឧត្តមបណ្ឌិត កៅ ថាច បានគូសបញ្ជាក់ថា ការកើនឡើងនេះគឺទី១ មានការអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម និងទី២ កសិករធ្វើស្រែបានចំណេញច្រើនជាងមុនទើបជំរុញឲ្យកសិករបន្តខិតខំប្រឹងប្រែងនាំគ្នាធ្វើដែលនាំឲ្យផលិតកម្មស្រូវបានកើនឡើង ។
សរុបជារួមនៅក្នុងន័យនេះ បើសិនកសិករយើងធ្វើស្រែខាតវិញ គឺមិនបន្តធ្វើទៀតទេ។ ហើយការវិវត្តន៍ជាវិជ្ជមាននេះ មិនមែនត្រឹមតែដំណាំស្រូវទេ ពោលគឺដំណាំផ្សេងៗក៏មានកំណើនផ្នែកផលិតកម្មដែរ ដូចជាដំណាំចន្ទីរ ដំឡូងមី កៅស៊ូ ឬផ្នែកចិញ្ចឹមសត្វ វារីវប្បកម្ម ជាពិសេស វិស័យបន្លែ-ផ្លែឈើមានការចម្រើនយ៉ាងខ្លាំង បើប្រៀបធៀបនឹងឆ្នាំ២០១៦។