កំពង់ធំ-ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចម្ការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពិនិត្យផ្ទាល់នូវកន្លែកស្តុកទុកហាល និងកែច្នៃរបស់សហគ្រាសក្នុងស្រុក ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចម្ការជាច្រើនគ្រួសារផងដែរ ។
ការអញ្ជើញជួបកសិករ និងប្រធានសមាគមខាងលើរបស់ឯកឧត្តមបណ្ឌិតប្រតិភូ គឺដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ។
ជាការឆ្លើយតប លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា និងលោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានលើកឡើងថា ការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីរបស់កសិករនៅរយ:ពេលចាប់ផ្ដើមពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមីនាឆ្នាំ២០២៥នេះ គឺតម្លៃធ្លាក់ត្រឹម៤៦០០រៀល ក្នុងមួយគីឡូក្រាម។
បច្ចុប្បន្ននេះ បើយោងតាមសមាគមស្វាយចន្ទីកម្ពុជាបានបញ្ជាក់ថា គិតចាប់ត្រឹមថ្ងៃទី៧ ដល់ថ្ងៃ១២ ខែមីនា ឆ្នាំ២០២៥នេះ តម្លៃគ្រប់ស្វាយចន្ទីជាមធ្យមដែលកសិកររលក់បានក្នុងតម្លៃចន្លោះ៥២០០រៀលទៅ៥៣០០រៀលក្នុង១គីឡូក្រាម ហើយទៅមុខទៀតបើសិនជាទីផ្សារកើនដូចខែកុម្ភ: តម្លៃ៦០០០រៀលនោះ កសិករនឹងទទួលបានផលចំណេញថែមទៀត៕