នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការីបានចុះពិនិត្យមើលការច្រូតកាត់ប្រមូលផលប្រភេទពូជស្រូវថ្មីដែលផ្តល់ទិន្នផលខ្ពស់ជាង៨តោនក្នុង១ហិកតាស្ថិតនៅទីតាំងស្រែគំរូ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ជាលើកទី២ ខណៈការសាកល្បងលើកទី១ បានចាប់ផ្តើមនៅថ្ងៃទី២ ខែកញ្ញាឆ្នំា២០២៣។
ពាក់ព័ន្ធនឹងការប្រមូលផលទៅលើប្រភេទពូជស្រូវថ្មីជាលើកទី២, ឧកញ៉ា ឈិត ប៊ុនថន ម្ចាស់រោងម៉ាស៊ីនកិនស្រូវក៏ដូចជាម្ចាស់ស្រែគំរូបានឱ្យដឹងថា ពូជស្រូវថ្មីនេះចំណាយពេលថែទំាមានរយៈពេលពី៩០ ទៅ ៩៥ថ្ងៃ នឹងទទួលបានផល ហើយមកដល់ថ្ងៃនេះ ក៏នៅមិនទាន់មានការកំណត់ឬដាក់ឈ្មោះអ្វីឱ្យច្បាស់លាស់នៅឡើយទេ ព្រោះវាកំពុងស្ថិតក្នុងការដំាដុះសាកល្បងឡើយ។
ឧកញ៉ាបញ្ជាក់ថា ពូជស្រូវថ្មីនេះកាល ខ្ញុំសាកល្បងដំាដុះលើកទី១ ប្រើប្រាស់ពូជតែ៣០គីឡូលើផ្ទៃដីស្រែមួយហិកតា ហើយទទួលបានទិន្នផលចំនួន៨តោន២៤០គីឡូក្រាម,លើកទី២ ប្រើប្រាស់ពូជ ១០០គីឡូក្រាមហើយដល់ពេលប្រមូលផលបានចំនួន៨តោន ២០០គីឡូក្រាមលើផ្ទៃដីមួយហិកតា ហើយលើសពីស្រូវពូជថ្មីនេះ យើងអាចលក់បានថ្លៃប្រហាក់ប្រហែលទៅនឹងប្រភេទស្រូវ ៥៤៥១ ដែលក្នុងមួយគីឡូក្រាមថ្លៃ១ ១០០រៀល។
ស្របពេលការសាកល្បងដំាដុះ និងការប្រមូលផលពូជស្រូវថ្មីលើកទី២ នៅតែទទួលបានទិន្នផលខ្ពស់ជាង៨តោនក្នុងមួយហិកតាដូចទៅនឹងការសាកល្បងលើទី១, ឧកញ៉ា ឈិត ប៊ុនថន មានគម្រោងចែកចាយពូជស្រូវថ្មីនេះទៅដល់ប្រជាកសិករផងដែរ ខណៈកន្លងមកពូជស្រូវថ្មីនេះទទួលបានការចាប់អារម្មណ៍ជាខ្លំាងពីប្រជាកសិករ ។
គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរការសាកល្បងដំាដុះពូជស្រូវថ្មីនេះសម្រាប់ផ្ទៃដីក្នុងមួយ ឧកញ៉ា ឈិត ប៊ុនថន ដែលបានអនុវត្តជាក់ស្តែងលើស្រែគំរូ បានចំណាយអស់ប្រាក់២លានរៀល ទៅលើជី និងថ្នាំកសិកម្មសម្រាប់ការពារសត្វល្អិតផងដែរ៕
ដោយ៖Long Sareth