ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នឹងអញ្ជើញធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបញ្ហាប្រឈមជាសកល នៅក្នុងសន្និបាតហិរញ្ញវត្ថុជាសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីក្រុងខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង។
នៅក្នុងឱកាសចូលរួមសន្និបាតហិរញ្ញវត្ថុសកលនេះ ក្នុងនាមឯកឧត្តមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP) ផងដែរ ឯកឧត្តមនឹងចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ដែលជាមាជិកនៃសហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ តំណាងពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងមានកិច្ចប្រជុំពិភាក្សាជាច្រើន ជាមួយដៃគូអភិវឌ្ឍន៍ និងធនាគារអភិវឌ្ឍន៍ផ្សេងៗទៀត។
បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏ត្រូវបានអញ្ជើញឱ្យធ្វើជាវាគ្មិនបន្ថែមមួយទៀតក្នុងនាមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក ដោយផ្តោតលើប្រធានបទ «ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ ដែលមានសហប្រធានដឹកនាំកិច្ចពិភាក្សាដោយរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសប្រេស៊ីល និងរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃប្រទេសឥណ្ឌូនេស៊ី ដោយឯកឧត្តមគ្រោងលើកអំពីកិច្ចខិតខំរបស់ សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតមកពីតំបន់អាស៊ី និងប៉ាស៊ីហ្វិក ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍បញ្ជាក់ថា តាមរយៈសន្និបាតនេះ ឯកឧត្តមបណ្ឌិតនឹងផ្សព្វផ្សាយជូនអង្គសន្និបាតហិរញ្ញវត្ថុសកល អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។
ជាពិសេស ក្រសួងបរិស្ថានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលបានគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកលប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ ភាគរយ នៅឆ្នាំ២០៥០។ ជាសក្ខីភាព ព្រះរាជាណាចក្រកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ បានចូលរួមអនុម័តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ, បានរៀបចំផែនការរួមចំណែករបស់ជាតិ ដើម្បីកំណត់គោលដៅសម្រាប់គាំទ្រដល់សកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបានប្រមាណ ៤១,៧% និងការបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ និងបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
មួយវិញទៀត ការរួមចំណែកនៃវិស័យសេវាហិរញ្ញវត្ថុមិនមែនធនាគារដូចជាតាមរយៈការបោះផ្សាយនូវសញ្ញាបណ្ណចីរភាពជាដើម។ បន្ថែមលើនេះទៀត វិស័យធនាគារនៅកម្ពុជាដោយមានធនាគារជាតិនៃកម្ពុជាជានិយត័ករបានយកចិត្តទុកដាក់ខ្ពស់លើបរិស្ថាន សង្គម និងអភិបាលកិច្ច ជាពិសេសបានគាំទ្រលើការដាក់ឱ្យអនុវត្តនូវ គោលការណ៍ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាពកម្ពុជា។
ដោយឡែក ការរួមចំណែករបស់ធនាគារ ARDB តាមរយៈការអនុវត្តគម្រោងដែលពាក់ព័ន្ធនឹងហិរញ្ញប្បទានប្រកបដោយចីរភាព ដូចជា ឥណទានបៃតងជាដើម។
មួយវិញទៀត កាលានុវត្តភាពនៃការវិនិយោគប្រកបដោយចីរភាព និងការសិក្សាសមិទ្ធិលទ្ធភាពនៃកិច្ចសហប្រតិបត្តិការនានាលើគម្រោងហិរញ្ញប្បទានប្រកបដោយចីរភាពសម្រាប់ពិភពលោក និងតំបន់អាស៊ី-ប៉ាស៊ីហ្វិកកាន់តែមានភាពបៃតង។
សន្និបាតហិរញ្ញវត្ថុសកល ត្រូវបានគ្រោងប្រារព្ធឡើងស្របពេលនៃសន្និបាត G20 ជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក មានដូចជា ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ, ការដោះស្រាយបញ្ហាការប្រែប្រួលអាកាធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម ដែលសាធារណរដ្ឋអាហ្វ្រិកខាងត្បូងធ្វើជាប្រធានសន្និបាតនេះ។
សន្និបាតG20, សន្និបាតហិរញ្ញវត្ថុជាសាកល (FiCS) ឆ្នាំ២០២៥នេះ ផ្តោតលើប្រធានបទស្តីពី ß ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញ-វត្ថុសម្រាប់កំណើនប្រកបដោយសមធម៌, បរិយាប័ន្ន, និងចីរភាព ។
ន្និបាតនេះនឹងពិនិត្យលើបញ្ហាប្រឈមសំខាន់ៗតាមរយៈសសរស្តម្ភចំនួនបី រួមមាន៖ ទី១. បរិយាប័ន្នហិរញ្ញវត្ថុ សំដៅដល់ការលើកកម្ពស់កំណើនប្រកបដោយចីរភាព, និងការកាត់បន្ថយវិសមភាព តាមរយៈគំរូហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍, ទី២. បរិវត្តកម្មឌីជីថល សំដៅដល់ការបែងចែកឌីជីថលឱ្យមានលក្ខណៈសមធម៌ និងបរិយាប័ន្ន ដើម្បីធានាថាគ្មានអ្នកណាម្នាក់ត្រូវបានគេទុកចោល, និង ទី៣. ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់សកម្មភាពអាកាសធាតុ សំដៅដល់ការបង្កើនភាពធន់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។