ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យ លោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការី ចូលជួបសំដែងការគួរសម និងការប្រគល់-ទទួលសៀវភៅ “គោលធម៌ព្រះត្រៃបិដក” ចំនួន ១៥០០ក្បាល ជូនឯកឧត្តមបណ្ឌិតប្រតិភូ និងលោកជំទាវ នៅទីស្នាក់ការកណ្ដាលធនាគារ ARDB។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតបានជួយឧបត្ថម្ភក្នុងការបោះពុម្ពដល់ ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដើម្បីចាត់ចែងប្រើប្រាស់ជាប្រយោជន៍ដល់សង្គមជាតិ និងរក្សាសៀវភៅមួយចំនួនក្នុងបណ្ណាល័យនៃធនាគារ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងការផ្ដល់សេវាជូនអ្នកអាន និងអ្នកស្រាវជ្រាវទូទៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្រាប់ប្រធានសមាគមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្ដមបណ្ឌិត កៅ ថាច និងលោកជំទាវ ដែលតែងតែស្រឡាញ់ និងចូលរួមយ៉ាងសកម្មក្នុងការងារថែរក្សាអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ ដោយបាន ផ្តល់យោបល់ អនុសាសន៍ដ៏ល្អៗ និងជួយឧបត្ថម្ភការបោះពុម្ព នាពេលកន្លងមកសម្រាប់ជាប្រយោជន៍សាធារណៈ ទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងការបន្តជួយឧបត្ថម្ភគាំទ្របន្ថែមទៀត។