គម្រោងពិពិធកម្មកសិកម្មកម្ពុជានៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទហៅកាត់ថា CASDP បានផ្តល់ហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគដល់សហគមន៍កសិកម្មម្រេចសរីរាង្គនៅខេត្តមណ្ឌលគិរី ចំនួន៤០% ដើម្បីពង្រីកខ្សែច្រវាក់ផលិតកម្មម្រេចសរីរាង្គ កាលពីថ្ងៃទី២ខែ តុលា ឆ្នំា២០២៣កន្លងមកនេះ។
លោក គ្រី សុង ប្រធានសហគមន៍កសិកម្មម្រេចសរីរាង្គមណ្ឌលគីរី បានឱ្យដឹងថាទឹកប្រាក់ដែលសហគមន៍ទទួលបានពីគម្រោងខាងលើនេះសមាជិកនឹងយកទៅទិញសម្ភារដែលបម្រើទៅដល់ការដំាដុះម្រេចដូចជា ជន្លង សូឡា ម៉ាស៊ីនមូបទឹក និងទិញត្រាក់ទរ័ជាដើម។
លោក គ្រី សុង មានប្រសាសន៍ថា ហិរញ្ញប្បទានដែលផ្តល់ដោយគម្រោង CASDP បានផ្តល់ជូនសហគមន៍ក្នុងពេលនេះបានជួយសម្រួលការងាររបស់កសិករបានច្រើន ព្រោះសព្វថ្ងៃនេះសមាជិកសហគមន៍ត្រូវការថវិកាសម្រាប់បង្វិលក្នុងការដំាដុះម្រេចសរីរាង្គ។ បច្ចុប្បន្ននេះសមាគមមានសមាជិកចំនួន២១គ្រួសារដែលបាន ផលិតម្រេចសរីរាង្គ នៅលើផ្ទៃដី៥៥ហិកតា ហើយនៅក្នុងមួយឆ្នំាៗសហគមន៍ប្រមូលផលម្រេចសរីរាង្គសរុបជាង១០០តោន និងនៅក្នុងមួយឆ្នំាកសិករអាចលក់បានតម្លៃជាង៤០០០ដុល្លារអាមេរិក។
លោក គ្រី សុង លើកឡើងថា នៅពេលកន្លងមកក៏ដូចបច្ចុប្បន្ននេះកសិករដំាម្រេចសរីរាង្គ នៅពេលប្រមូលផលបានហើយត្រូវរងចំាអស់រយ:ពេលច្រើនខែទម្រាំបានលក់ចេញទៅឱ្យក្រុមហ៊ុន ហើយចំណុចនេះបានធ្វើឱ្យកសិករមួយចំនួនក៏បានបោះបង់ឈប់ដំាម្រេចសរីរាង្គខ្លះផងដែរ។
បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម គិតត្រឹមរយៈពេលពេល៨ខែចុងក្រោយនេះដែរ ម្រេចរបស់កម្ពុជាបាននាំចេញបានប្រមាណ ៥០៩៤តោន ធ្លាក់ចុះប្រមាណ៣០% បើប្រៀបធៀបពេលដូចគ្នាឆ្នំា២០២២៕