ព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម

រដ្ឋធានីខេបថោន៖  ឆ្លៀតក្នុងឱកាស ចូលរួមក្នុងសន្និបាតហិរញ្ញវត្ថុ​ជាសកលផ្តោតលើប្រធានបទ ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព នៅរដ្ឋធានីខេបថោន សាធារណរដ្ឋអាហ្វ្រិកខាងត្បូង នៅរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ រអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ   លោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (International Fund for Agricultural Development- IFAD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបន្តការគាំទ្រលើការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទនៅកម្ពុជា។

ក្នុងជំនួបនេះដែរ  ឯកឧត្តមបណ្ឌិត ក៏បានគូសរំលេចអំពីបេសកកម្មសំខាន់ៗ របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការចូលរួមចំណែកអនុវត្តន៍គម្រោងពាក់ព័ន្ធមួយចំនួន របស់អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម ដែលមាននៅកម្ពុជា។

 

បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ក៏បានស្នើសុំដល់ភាគី អង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម បន្តជួយគាំទ្រដល់បេសកកម្មរបស់ធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម និងស្នើសុំធ្វើការពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងនានារវាងភាគីទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជាពិសេសគាំទ្រលើការអនុវត្ត គម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility – CCFF) ដែលជាគម្រាងគាំទ្រដោយមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF)  ដើម្បីរួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបញ្ចេញកាបូនតិច ហើយដែលធន់នឹងអាកាសធាតុលើវិស័យអាទិភាពរួមមាន៖ ព្រៃឈើនិងការប្រើប្រាស់ដី, កសិកម្ម, ធនធានទឹក, ថាមពលកកើតឡើងវិញ, ប្រសិទ្ធភាពថាមពល និងការដឹកជញ្ជូន។

នៅក្នុងឱកាសចូលរួមសន្និបាតហិរញ្ញវត្ថុ​ជាសកលនេះ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ក្នុងនាមជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ រអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ ស្តីពី «ប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព និងបញ្ហាប្រឈមជាសកល»។ ចំណែកក្នុងនាមជាប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក (ADFIAP)​ ​ឯកឧត្តមបណ្ឌិត បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាល  ​ដែលជាមាជិកនៃសហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ តំណាងពីតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងមានកិច្ចប្រជុំពិភាក្សាជាច្រើន ជាមួយដៃគូអភិវឌ្ឍន៍ និងធនាគារអភិវឌ្ឍន៍ផ្សេងៗទៀត និងអញ្ជើញជាវាគ្មិនលើប្រធានបទស្តីពី «ប្រព័ន្ធហិរញ្ញវត្ថុបៃតង៖ ការដកនូវរបាំងមូលធន សម្រាប់គាំទ្រដល់សកម្មភាពអាកាសធាតុ និងការអភិវឌ្ឍ»។

សន្និបាតហិរញ្ញវត្ថុជាសកល គឺជាការជួបជុំនៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងជាបណ្តាញសកល នៃបណ្តាធនាគារអភិវឌ្ឍន៍សាធារណៈ មកពីជុំវិញពិភពលោក ដើម្បីពិនិត្យ និងរៀបចំនូវលំហូរហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើង សម្រាប់ការឈានទៅមុខលើការប្តេជ្ញាចិត្ត ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពឆ្នាំ ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ សន្និបាតហិរញ្ញវត្ថុជាសកលនេះ គឺជាការប្រមូលផ្តុំធនាគារអភិវឌ្ឍន៍សាធារណៈ ប្រមាណជាង៥៣៣ស្ថាប័ន មកពីជុំវិញពិភពលោក ដែលបានរួមចំណែកលើការវិនិយោគប្រមាណ១០ភាគរយនៃការវិនិយោគលើការអភិវឌ្ឍពិភពលោកសរុបជារៀងរាល់ឆ្នាំ។

សន្និបាតហិរញ្ញវត្ថុសកល ត្រូវបានប្រារព្ធឡើងស្របពេលនៃសន្និបាត G20 ជួបប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាសំខាន់ៗទាក់ទងនឹងសេដ្ឋកិច្ចពិភពលោក មានដូចជា ស្ថិរភាពហិរញ្ញវត្ថុអន្តរជាតិ, ការដោះស្រាយបញ្ហាការប្រែប្រួលអាកាធាតុ និងការអភិវឌ្ឍន៍ប្រ​កបដោយចីរភាពជាដើម ដែលសាធារណរដ្ឋអាហ្វ្រិកខាងត្បូងធ្វើជាប្រធានសន្និបាតនេះ។

សន្និបាតG20, សន្និបាតហិរញ្ញវត្ថុជាសាកល (FiCS) ឆ្នាំ២០២៥នេះ ផ្តោតលើប្រធានបទស្តីពី «ការជំរុញហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុសម្រាប់កំណើនប្រកបដោយសមធម៌ បរិយាប័ន្ន និងចីរភាព​» ដោយគ្រោងពិនិត្យលើបញ្ហាប្រឈមសំខាន់ៗតាមរយៈសសរស្តម្ភ​ចំនួនបី រួមមាន៖ ទី១. បរិយាប័ន្នហិរញ្ញវត្ថុ  សំដៅដល់ការលើកកម្ពស់កំណើនប្រកប​ដោយចីរភាព, និងការកាត់បន្ថយវិសមភាព តាមរយៈគំរូហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍, ទី២. បរិវត្តកម្មឌីជីថល សំដៅដល់​ការ​បែងចែក​ឌីជីថលឱ្យមានលក្ខណៈសមធម៌ និងបរិយាប័ន្ន ​ដើម្បី​ធានា​ថា​គ្មាន​អ្នក​ណា​ម្នាក់​​ត្រូវ​បាន​គេ​ទុក​ចោល, និង ទី៣. ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់សកម្មភាពអាកាសធាតុ សំដៅដល់ការបង្កើនភាពធន់ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ថា «តាមរយៈសន្និបាតនេះ ខ្ញុំនឹងផ្សព្វផ្សាយជូនអង្គសន្និបាតហិរញ្ញវត្ថុ​សកល អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព»។

នៅថ្ងៃដដែលនេះ ឯកឧត្តមបណ្ឌិត ក៏បានអញ្ជើញចូលរួមធ្វើបទអន្តរាគមន៍ក្នុងកិច្ចពិភាក្សាចង្អៀតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសមាជិកសន្និបាតហិរញ្ញវត្ថុជាសកល ស្តីពីប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលរៀបចំដោយអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម និងដោយមានការចូលរួមពីតំណាងសហគមអឺរ៉ុប ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នៃប្រទេសកាណាដា និងធនាគារអភិវឌ្ឍន៍មួយចំនួនទៀតមកពីជុំវិញពិភពលោក។

កិច្ចប្រជុំចង្អៀតនេះ មានគោលបំណងកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍ ផ្តល់ឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ កៀរគរមូលធន និងកំណត់នូវយុទ្ធសាស្រ្តអាទិភាពរួម។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានផ្តល់ធាតុចូលសំខាន់ៗក្នុងការកំណត់នូវយុទ្ធសាស្រ្តរួមសម្រាប់ធនាគារអភិវឌ្ឍន៍ក្នុងការគាំទ្រដល់ការផ្តល់ហិរញ្ញប្បទានប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងពិភាក្សាអំពីអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរវាងធនាគារអភិវឌ្ឍន៍ជុំវិញពិភពលោក។

ចំណែកនៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២៥នេះ នារដ្ឋធានីខេបថោននៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូង មុនការចាប់ផ្តើមនៃសន្និបាតហិរញ្ញវត្ថុ​ជាសកលដោយ ឯកឧត្តមបណ្ឌិត បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ (Board of Governors of World Federation of Development Finance Institutions – WFDFI) ដែលប្រមូលផ្តុំគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ប្រមាណជាង៥​៣០ស្ថាប័ន មកពីជុំវិញ​ពិភពលោក។

សហព័ន្ធពិភពលោកនៃគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍នេះ ត្រូវបានបង្កើតឡើងដោយសមាគមមកពីតំបន់ផ្សេងគ្នាជុំវិញ​ពិភពលោក រួមមាន៖

ទី១- សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន​ ដែលមានសមាជិកមកពី៤១ប្រទេស។

ទី២-សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍​តំបន់ អាមេរិកឡាទីន និងខារីប៊ែន (ALIDE) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីលីម៉ា ប្រទេសប៉េរូ  ដែលមានសមាជិកមកពី២២ប្រទេស។

ទី៣- សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍តំបន់អាហ្វ្រិក (AADFI) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ ដែលមានសមាជិកមកពី៥០ប្រទេស។

ទី៤- សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ជាតិនៃប្រទេសសមាជិកនៃធនាគារអភិវឌ្ឍន៍អ៊ីស្លាម (ADFIMI) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីអីស្តង់ប៊ុល ប្រទេសតួគី  ដែលមានសមាជិកមកពី១៩ប្រទេស។

ទី៥- សមាគមវិនិយោគិនរយៈពេលវែងនៃសហភាពអឺរ៉ុប (ELTI) មានទីស្នាក់ការស្ថិតនៅរដ្ឋធានីប្រ៊ុចសែល ប្រទេសបែលស្ស៊ីក ដែលមានសមាជិកមកពី២៣ប្រទេសនៃសហគមអឺរ៉ុប។

សហព័ន្ធពិភពលោកនេះ គឺ​តំណាងឱ្យគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងគោល​​បំណងលើកកម្ពស់ការអភិវឌ្ឍឱ្យ​​កាន់តែមានប្រសិទ្ធភាព ដោយនាំមកនូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងចំណោមគ្រឹះស្ថានហិ​រញ្ញវត្ថុអភិវឌ្ឍន៍នៅជុំវិញពិភពលោក។

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះមានរបៀបវារៈមួយចំនួនពាក់ព័ន្ធនឹងផែនការសកម្មភាពរបស់សហព័ន្ធ ជាពិសេសបានពិនិត្យឡើងវិញនូវតួនាទីមួយចំនួនរបស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលរួមមានការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុ, ការសម្របសម្រួលកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍជាអន្តរជាតិ, ការលើកកម្ពស់ការវិនិយោគរយៈពេលវែង, ការផ្តល់ហិរញ្ញប្បទានក្រោមគោលនយោបាយសារពើពន្ធ ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម, ការជំរុញលើការវិយោគក្នុងវិស័យឯកជន, ការជំរុញកំណើនសេដ្ឋកិច្ច, ការសម្របសម្រួលលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញគោលដៅយុទ្ធសាស្ត្រជាតិ​, ការលើកកម្ពស់បរិយាប័ន្នសង្គម និងការឆ្លើយតបចំពោះការបរាជ័យទីផ្សារឱ្យបានទាន់ពេល៕

 


FB_IMG_1741948287800
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសាកសួរសុខទុក្ខ​ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំបន្លែពីរកន្លែង ក្នុងខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ដាំដុះបន្លែក្នុងផ្ទះសំណាញ់នៅសហគមន៍ចំនួន២កន្លែង ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។ នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពដាំដុះ របស់ឯកឧត្តមបណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើ គឺទី១ សហគមន៍សម្ព័ន្ធកសិករខ្មែអង្គរ លោក យិប ប្រេង មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើ និងផ្សារចាស់ ក្នុងទីរួមខេត្តសៀមរាប។ ក្រោយជួបជាមួយសហគមន៍ដាំដុះបន្លែខាងលើរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតាំងសហគមន៍កសិកម្មទំនើប ស សី ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងដាំដុះបន្លែសុវត្ថិភាព វគ្គទី២ លើផ្ទៃដី២៧ហិកតា ក្រោមការគាំទ្រឥណទានពីធនាគារ ARDB មានដាំបន្លែ ផ្ទះសំណាញ់ចំនួន៩ខ្នង ដាំប្រភេទបន្លែខាត់ណាដើម ស្ពៃក្រញាញ់ និងស្ពៃជើងទាផងដែរ។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិត […]

FB_IMG_1741916105493
អគ្គនាយកធនាគារ ARDB ជួបប្រជុំជាមួយសហគមន៍ដាំស្វាយចន្ទី និងសិប្បកម្មកែច្នៃផ្លែស្វាយកែវរមៀត នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៣ ខែមីនានេះ បានអញ្ជើញជួបប្រជុំជាមួយតំណាងសហគមន៍ព្រះប្រឡាយ ដាំដុះស្វាយចន្ទី, ទីលានហាល និងឃ្លាំងស្តុក ព្រមទាំងចុះពិនិត្យមើលទីតាំងសិប្បកម្មកែច្នៃស្វាយកែវរមៀតស្ថិតនៅឃុំត្រពាំងតាវ និងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ សហគមន៍ដាំដំណាំស្វាយចន្ទីនេះ មានផ្ទៃដីដាំដុះ ប្រមាណ៩០០ហិកតា ក្នុងនោះមានសមាជិកសរុបចំនួន១៦០គ្រួសារ ហើយបច្ចុប្បន្នសមាជិកមួយចំនួនកំពុងទទួលបាន និងប្រើប្រាស់ឥណទានពីធនាគារ ARDB ដើម្បីពង្រីក និងដាំដុះស្វាយចន្ទីបន្ថែមទៀត។ បន្ទាប់ពីបានជួបពិភាក្សាផ្ទាល់ជាមួយសហគមន៍ និងស្តាប់មតិលើកឡើងរបស់ប្រជាពលរដ្ឋអ្នកដាំដុះស្វាយចន្ទីរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកជាអនុសាសន៍ណែនាំបន្ថែមដល់សហគមន៍ដាំស្វាយចន្ទី ការគិតគូរថ្លៃដើមផលិត និងប្រើប្រាស់បច្ចេកទេសបន្ថែមលើដំណំាស្វាយចន្ទី ដើម្បីឲ្យទទួលបានផលកាន់តែច្រើន ពោលគឺអាចទាញផលចន្លោះពី២តោន ទៅ២,៥តោនក្នុង១ហិកតា ជាមួយនិងការរៀបចំឃ្លាំងស្តុកទុក ឬទីលានហាលគ្រាប់ចន្ទី នៅពេលតម្លៃធ្លាក់ចុះ ព្រោះនេះជាមធ្យោបាយដ៏ល្អដល់កសិករ ដើម្បីរក្សាតម្លៃបន្ថែម។ នៅក្នុងថ្ងៃដដែលនេះដែរ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអញ្ជើញចុះពិនិត្យការស្តុក និងហាលទុកគ្រាប់ស្វាយចន្ទីមួយកន្លែងទៀត ស្ថិតក្នុងស្រុកអន្លង់វែង របស់លោក សាន ឡុងហាក់ ដែលកំពុងប្រមូលទិញគ្រាប់ស្វាយចន្ទី ដំឡូងមី សណ្តែកសៀងពីកសិកររាប់សិបតោន សម្រាប់នាំចេញទៅប្រទេសវៀតណាម និងថៃ ព្រមទាំងបង្ហាញពីស្ថានភាពទិញគ្រាប់ស្វាយចន្ទីពីកសិករ […]

IMG_20250313_210111_502
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ពិភាក្សាជាមួយបណ្តាធនាគាររដ្ឋចិន លើលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការផ្តល់សេវាឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម

ទីក្រុងណានីង-ខេត្តក្វាងស៊ី៖ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម, ឯកឧត្តម បាន លឹម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី រួមមាន ប្រធាននាយកដ្ឋានប្រតិបត្តិការ និងកិច្ចការរតនាគារ, ប្រធាននាយកដ្ឋានអភិវឌ្ឍន៍យុទ្ធសាស្រ្តអាជីវកម្ម និងទីប្រឹក្សាជាន់ខ្ពស់ ជួបពិភាក្សាជាមួយតំណាងធនាគារសាខាខេត្តក្វាងស៊ីរបស់ចិន ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការពិសេស លើការផ្តល់សេវាទូទាត់ឆ្លងប្រទេស និងសេវាហិរញ្ញប្បទានពាណិជ្ជកម្ម។ តំំណាងថ្នាក់ដឹកនាំធនាគារសាខាខេត្តខ្វាងស៊ី ដែលចូលរួមក្នុងកិច្ចពិភាក្សាជាមួយតំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមមាន ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China-ICBC), ធនាគារចិន (Bank of China -BoC), ធនាគារកសិកម្មចិន (Agricultural Bank of China- ABC) និងធនាគារសាងសង់ចិន (China Construction Bank-CCB) ដោយមានការសម្របសម្រួលពីអគ្គកុងស៊ុល និងមន្ទីរ […]

IMG_20250312_181052_054
ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញពិនិត្យមើលតម្លៃគ្រប់ស្វាយចន្ទីក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ

កំពង់ធំ-ព្រះវិហារ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការីនៅថ្ងៃទី១២ ខែមីនានេះ បានអញ្ជើញពិនិត្យមើលតម្លៃលក់ស្វាយចន្ទី និងការប្រមូលផលរបស់កសិករ នៅតាមសមាគម និងចម្ការនានា ស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងមួយកន្លែងទៀត ស្ថិតក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានពិនិត្យផ្ទាល់នូវកន្លែកស្តុកទុកហាល និងកែច្នៃរបស់សហគ្រាសក្នុងស្រុក  ហើយបានជួបជាមួយលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា, លោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ និងកសិករជាម្ចាស់ចម្ការជាច្រើនគ្រួសារផងដែរ ។ ការអញ្ជើញជួបកសិករ និងប្រធានសមាគមខាងលើរបស់ឯកឧត្តមបណ្ឌិតប្រតិភូ គឺដើម្បីតាមដានសភាពការណ៍នៃការធ្លាក់ចុះតម្លៃគ្រប់ស្វាយចន្ទីនៅក្នុងខែមីនានេះ និងសកម្មភាពទិញរបស់រោងចក្រ សហគ្រាសកែច្នៃនានា ព្រមទាំងការទិញពីឈ្មួញក្នុងស្រុកផងដែរ។ ជាការឆ្លើយតប លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា និងលោកស្រី អ៉ិន ឡៃហួត ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យ សំបូរ បានលើកឡើងថា […]

កាលវិភាគផ្សព្វផ្សាយ