កំពត៖ អំបិលដែលផលិតនៅក្នុងខេត្តកំពត-កែប មានតម្រូវការប្រើប្រាស់នៅលើទីផ្សារកំពុងបង្ហាញសញ្ញាមានការថមថយនៅរយៈពេល៤ឬ៥ឆ្នាំចុងក្រោយនេះ ហើយការថមថយនេះ ត្រូវបានប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប វាយតម្លៃថា វាបណ្តាលមកពីការនាំចូលអំបិលមកពីខាងក្រៅមានច្រើន ហើយមានតម្លៃទាបជាងអំបិលដែលផលិតនៅក្នុងស្រុក។ តួយ៉ាងនៅក្នុងរដូវកាលប្រមូលផលត្រីប្រហុកនៅចុងឆ្នាំ២០២៤និងដើមឆ្នាំ២០២៥ថ្មីៗ មានតម្រូវការសម្រាប់ធ្វើត្រីប្រហុកហាក់មានចំនួនតិចតួច។
លោក ប៊ុន ណារិន ប្រធានសមាគមអ្នកផលិតអំបិលកំពត-កែប បានឱ្យដឹងថា អំបិលកំពត កែប កាលដែលប្រជាកសិករផលិតជាប្រព័ន្ធក្នុងទសវត្សរ៍៦០រហូតដល់ទសវត្សរ៍ឆ្នាំ៩០ ផ្តោតដសំខាន់សម្រាប់ផ្គត់ផ្គង់ដល់ការធ្វើត្រីប្រហុក និងការធ្វើឆៃពៅ របស់ប្រជាពលរដ្ឋនៅក្នុងប្រទេស។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះតម្រូវការប្រើប្រាស់អំបិលធម្មជាតិដែលផលិតនៅក្នុងខេត្តកំពត-កែបបានថយចុះជាបន្តបន្ទាប់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបន្តថា “តម្រូវការប្រើប្រាស់អំបិលដែលផលិតនៅក្នុងស្រុកនៅឆ្នាំ២០២៤ រហូតដល់ខែមករាឆ្នាំ២០២៥នេះ សមាគមបានបញ្ចេញទៅលើទីផ្សារមានប្រហែល៥០% ឬស្មើប្រមាណ៦ម៉ឺនតោននៃបរិមាណអំបិលសរុប១៣ម៉ឺនតោនដែលកម្ពុជាផលិតបានក្នុងឆ្នាំ២០២៣ ។ ការថយចុះនៃការប្រើប្រាស់អំបិលដែលផលិតក្នុងស្រុកនេះ ដោយសារការនាំចូលមកពីអំបិលមកពីប្រទេសជិតខាងតម្លៃតម្លៃទាបជាងអំបិលផលិតក្នុងស្រុក ព្រោះអំបិលកម្ពុជាផលិតពីទឹកសមុទ្រ ត្រូវការឆ្លងកាត់ច្រើនដំណាក់កាលនិងចំណាយពេលថ្ងៃទម្រាំក្លាយជាអំបិលអាចប្រើប្រាស់បាន”។
លោកលើកឡើងថា នៅថ្ងៃបន្ទាប់ការប្រើប្រាស់អំបិលដែលផលិតក្នុងស្រុក មានកើនឡើង ឬថយចុះទៀត វាអាស្រ័យទៅលើទឹកចិត្តនិងការយល់ដឹងរបស់ពលរដ្ឋខ្មែរ។ បើពលរដ្ឋមានជាតិនិយមខ្ពស់ទៅលើការប្រើប្រាស់ផលិតផលក្នុងស្រុកនឹងពួកគាត់និងបន្តគាំទ្រអំបិលក្នុងស្រុក ទោះបីតម្លៃខ្ពស់ជាងអំបិលនាំចូលបន្តិចក្តី តែវាមិនធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពអ្នកបរិភោគ ។
បើតាមប្រធានសមាគមខាងលើ បច្ចុប្បន្ន ការផលិតអំបិលកំពត កែប មានផ្ទៃដីសរុប៣៧០០ហិកតា ហើយតម្លៃអំបិលក្នុងពេលសព្វថ្ងៃ១បេទម្ងន់៥០គីឡូក្រាមថ្លៃពី៦ ០០០ ទៅ៧ ០០០រៀល។
អ្នកស្រី សរ ឌីណា អាជីវករលក់អំបិល ក្នុងរដូវប្រមូលផលត្រីប្រហុកនៅភូមិកំពង់ហ្លួងស្រុកពញាឮខេត្តកណ្តាលបានឱ្យដឹងថា ក្នុងរដូវកាលប្រមូលផលត្រីប្រហុកលើកទី១ អ្នកស្រីលក់អំបិលបានប្រហែល១០បេ ដោយសារតែមិនសូវមានប្រជាពលរដ្ឋមកទិញត្រីសម្រាប់ធ្វើប្រហុក។ តែនៅលើកទី២ មានប្រជាពលរដ្ឋមកទិញត្រីប្រហុកច្រើន ធ្វើឱ្យអ្នកស្រីលក់បានប្រហែល២៥បេ ដោយក្នុង១បេថ្លៃ២ម៉ឺនរៀល។
ស្រដៀងគ្នានេះដែរ អ្នកនាង ពេជ្រ ស្រីនិច អាជីវករនៅភូមិឃុំខាងលើបានឱ្យដឹងថា ក្នុងរដូវប្រមូលផលត្រីប្រហុកលើកទី១ មិនសូវមានប្រជាពលរដ្ឋមកទិញត្រីប្រហុកច្រើនដូចលើកទី២នេះទេ ជាក់ស្តែងការប្រមូលផលត្រីប្រហុកលើកទី១ លក់អំបិលបានត្រឹមតែចំនួន១០បេ តែលើកទី២នេះ លក់បានរហូតដល់២០បេ។
នៅក្នុងរដូវប្រមូលផលត្រីប្រហុកទាំង២លើកនេះ សម្រាប់អ្នកស្រី សរ ឌីណា និងអ្នកនាង ពេជ្រ ស្រីនិច មានការសប្បាយចិត្ត នៅពេលដែលលក់អំបិលបានច្រើន ហើយថ្លៃអំបិលឆ្នាំនេះមានតម្លៃធូរថ្លៃជាងឆ្នាំមុន លក់រាយក្នុងមួយគីឡូក្រាមថ្លៃតែ១០០០រៀល ឬ១បេទម្ងន់៤៥គីឡូក្រាមថ្លៃ២ម៉ឺនរៀល៕