រាជរដ្ឋាភិបាលសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្ន៦ខែទៀត
រាជរដ្ឋាភិបាលបានសម្រេចបន្តអនុវត្តនូវវិធានការហាមឃាត់ការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកជាបណ្តោះអាសន្នរយៈពេល៦ខែថែមទៀត ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ខែកញ្ញាឆ្នំា២០២៤ដល់ថ្ងៃទី១២ខែមីនាឆ្នំា២០២៥។ នេះបើយោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ចុះថ្ងៃទី១១ខែកញ្ញាឆ្នំា២០២៤បានឱ្យដឹងថា ក្រោយការអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តុះអាសន្ននូវគ្រឿងក្នុងនិងបំណែកសាច់បង្កកតាមរយៈសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្តុះអាសន្ននូវគ្រឿងក្នុងនិងបំណែកសាច់បង្កកចុះថ្ងៃទី១២ខែមករាឆ្នំា២០២៤កន្លងទៅ ក្រសួងបានពិនិត្យឃើញថា ផលិតកម្មសត្វចិញ្ចឹមនៅកម្ពុជាត្រូវបានសង្គ្រោះពីផលប៉ះពាល់ដែលបណ្តាលមកពីការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កកដែលមិនប្រើប្រាស់ជាចំណីអាហារនៅប្រទេសនាំចូល។ដោយឡែកការនាំចូលថ្លើមនៃសត្វជ្រូកបង្កក និងភាគបំណែកសាច់និងគ្រឿងក្នុង ផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន នៅតែបណ្តាលឱ្យផលិតកម្មជ្រូកនៅកម្ពុជាបន្តរងការគម្រោមកំហែងនិងអាចឈានទៅដល់ការខូចខាតទំាងស្រុង។
សេចក្តីជូនដំណឹងដដែលគូសបញ្ជាក់ថា “ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបន្តអនុវត្តវិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នរយៈពេល៦ខែថែមទៀតដែលមានសុពលភាពចាប់ពីថ្ងៃទី១២ខែកញ្ញាឆ្នំា២០២៤ ដល់ថ្ងៃទី១២ខែមីនាឆ្នំា២០២៥ លើមុខទំនិញដែលមានលេខប្រពន្ធសុខដុមនីយកម្មនិងនាមវលីគយ”។
បើតាមសេចក្តីជូនដំណឹងខាងលើ លេខប្រព័ន្ធសុខដុមនីយកម្មកម្ពុជា០២០៦.៤១.០០ សំដៅដល់មុខទំនិញជាថ្លើមនសសត្វជ្រូក បង្កក, ចំណែកលេខ ០២០៦.៤៩.០០ ជាប្រភេទមុខទំនិញជាភាគបំណែកសាច់និងគ្រឿងក្នុងផ្សេងទៀតក្រៅពីថ្លើមនៃសត្វជ្រូកដែលអាចបរិភោគបាន បង្កក ។វិធានការបន្តការហាមឃាត់ការនាំចូលជាបណ្តោះអាសន្ននេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលនាំចូលទំនិញខាងលើ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនំាចេញឡើយ។
ស្របពេលវិស័យចិញ្ចឹមសត្វក្នុងស្រុក ទទួលបានការយកចិត្តទុកដាក់បន្ថែមពីរាជរដ្ឋាភិបាល, ខាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានវាយតម្លៃថា តម្លៃជ្រូករស់នៅលើទីផ្សារបច្ចុប្បន្ននូវមានសញ្ញាល្អ ពោលកសិករដែលជាអ្នកចិញ្ចឹមជ្រូកនៅអាចរកប្រាក់ចំណេញបាន។
លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មានប្រសាសន៍ថាតម្លៃជ្រូករស់ចូលមកដល់ខែកញ្ញាឆ្នំា២០២៤នេះ តម្លៃជ្រូករស់នៅលើទីផ្សារនូវមិនទាន់មានបញ្ហាអ្វីនោះទេ។ មានន័យថានៅពេលបច្ចុប្បន្នកសិករដែលជាអ្នកចិញ្ចឹមជ្រូកនៅអាចរកប្រាក់ចំណេញតិចតួច មិនទាន់ជួបបញ្ហាប្រឈមអ្វីនោះទេ។
បើតាមលោក លី ឡាវីល ថ្លៃជ្រូករស់នៅលើទីផ្សារសព្វថ្ងៃមានតម្លៃចន្លោះ៩០០០ទៅ៩៦០០រៀលក្នុងមួយគីឡូក្រាម ហើយពាក់ព័ន្ធនិងការស្នើសុំផ្អាកការនាំចូលគ្រឿងក្នុងនិងបំណែកសាច់បង្កករយៈពេល៦ខែថែមទៀតនេះ ខាងសមាគមបានផ្ញើរលិខិត តាមរយៈក្រសួងពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលមានរយៈពេលជាង១ខែ បើគិតពេលនេះ៕