សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន។ នេះបើតាមរយៈសារលិខិត ក្នុងទិវាជាតិអាហារូបត្ថម្ភ លើកទី១០ នៅថ្ងៃ០៦ វិច្ឆិកា។
សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបន្តកែលម្អប្រព័ន្ធស្បៀងបម្រុងកម្ពុជា ឱ្យមានលទ្ធភាពកាន់តែច្រើន និងអនុវត្តបានរហ័សទាន់សភាពការណ៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើអន្តរាគមន៍ជួយប្រជាពលរដ្ឋ តាមរយៈការផ្ដល់ស្បៀង ការផ្ដល់គ្រាប់ពូជស្រូវ និងពូជដំណាំបន្លែសម្រាប់ស្ដារការដាំដុះឡើងវិញ ក្រោយរងការខូចខាតដោយសារគ្រោះមហន្តរាយធម្មជាតិ ឬគ្រោះអាសន្ននានា និងជំរុញការដាំដុះបន្លែមានសុវត្ថិភាព សម្រាប់ផ្គត់ផ្គង់គ្រួសារ ចូលរួមលើកកម្ពស់អាហារូបត្ថម្ភ បង្កើនប្រាក់ចំណូល និងប្រាក់សន្សំ។
សម្ដេច បានបញ្ជាក់ថា គ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធស្បៀង សុវត្ថិភាពម្ហូបអាហារ “ចាប់ពីកសិដ្ឋានទៅដល់កន្លែងបរិភោគ” ត្រូវសហការ និងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្ហូបអាហារ និងដើម្បីគ្រប់គ្រងហានិភ័យដែលអាចកើតមានតាមខ្សែច្រវាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ និងធានាថារាល់គោលការណ៍ណែនាំស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានគោរពតាម និងផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។
សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា៖ “អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចលនាប្រជាពលរដ្ឋឱ្យដាំដុះ និងចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ជាសហគមន៍ និងតាមសាលារៀន ដើម្បីបង្កើនភាពមានស្បៀងគ្រប់គ្រាន់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងធានាឱ្យមានប្រភពស្បៀងអាហារចម្រុះមុខច្រើនជាងមុន” ៕ ប្រភពៈ DAP News
អត្ថបទ៖ ញឹក សំអូន