ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអំពីបញ្ហាស្រូវធ្លាក់ថ្លៃ(ប្រភេទស្រូវOM)និងអ្វីដែលរាជរដ្ឋាភិបាលតាមរយ:ក្រសួងកសិកម្ម ដែលជាសេនាធិការបានធ្វើនិងបំពេញសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាកសិករ។
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ខែមករាពីខេត្តសៀមរាបធ្លាប់បានបញ្ជាក់ពីស្ថានភាពតម្លៃស្រូវនៅកម្ពុជា ក៏ដូចជាពិភពលោក ឱ្យប្រជាកសិករបានជ្រាប ព្រមទាំងបានលើកទឹកចិត្តប្រជាកសិករឲ្យផ្លាស់ប្តូរទម្លាប់ពីការដាំដុះពូជស្រូវបរទេស ងាកមកជ្រើសរើសដាំដុះស្រូវពូជជាតិដូចជា ពូជស្រូវសែនក្រអូប ស្រូវស្រង៉ែ និងពូជស្រូវផ្សេងទៀត ព្រោះមកដល់ពេលនេះ តម្លៃស្រូវពូជជាតិ នៅតែមានតម្លៃសមរម្យ និងរក្សាបានភាពចំណេញ ធ្វើឱ្យកសិករអាចទទួលបានទិន្នផលខ្ពស់ តម្លៃសមរម្យ និងទទួលបានផលចំណេញច្រើន។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាកសិករមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ទឹក ដោយលើកនូវសុភាសិត “ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ” ព្រោះបើខ្វះទឹកសម្រាប់ស្រោចស្រព នាំឱ្យប្រជាកសិករប្រឈមការខាតបង់។
ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕