រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និង ក្រុមអឺរ៉ុបមានដូចជា ឯកអគ្គរដ្ឋទូសហភាពអឺរ៉ុប, អាល្លឺម៉ង់និងសាធារដ្ឋឆេក, តំណាងមកពីស្ថានទូតបារាំង, ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), អាជ្ញាធរអភិវឌ្ឍន៍សហប្រតិបត្តិការស្វីស (SDC) និងអង្គការ GIZ នៅថ្ងៃទី២៧-២៨ខែវិច្ឆិកាឆ្នាំ២០២៤នេះ បានចុះធ្វើទស្សនៈកិច្ចដល់ទីតាំងចម្ការផ្ទាល់ដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនានា នៅថ្នាក់មូលដ្ឋានដែលកសិករនិងក្រុមការកែច្នៃកំពុងជួបប្រទះលើការផលិតដំណាំដែលមានតម្លៃខ្ពស់ ជាពិសេសសគ្រាប់ស្វាយចន្ទីមានក្នុងខេត្តកំពង់ធំ និងម្រេចនៅខេត្តត្បូងឃ្មុំ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្រសាសន៍ថា “សហគមន៍កសិកម្មទំនើបមានសារសំខាន់ចំពោះប្រព័ន្ធកសិចំណីអាហារ របស់កម្ពុជា។ តាមរយៈការចងក្រកសិករជាសហគមន៍កសិកម្មទំនើប នឹងជួយពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកធានានូវនិរន្តភាពសេដ្ឋកិច្ច និងបរិស្ថានសម្រាប់កម្ពុជា ។ តាមរយៈការប្រមូលផ្តុំកសិករឱ្យប្រកាន់យកការអនុវត្តប្រកបដោយចីរភាព បួកគាត់អាចកាត់បន្ថយថ្លៃដើមផលិតកម្ម ពង្រឹងអំណាចចរចា ក៏ដូចជាជីវភាពរបស់ពួកគាត់ផងដែរ”។
ឯកឧត្តម អ៊ីហ្កូ ទ្រីសមាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា មានប្រសាសន៍ថា “បញ្ហាកសិកម្មសព្វថ្ងៃត្រូវការការសហការរួមគ្នា និងដំណោះស្រាយច្នៃប្រឌិត ក្រុមអឺរ៉ុបកំពុងធ្វើការដើម្បីជួយជំរុញពន្លឿនកំណើនបៃតងនិងការងារសមរម្យនៅក្នុងអាជីវកម្មកសិ-ពាណិជ្ជកម្មរបស់កម្ពុជា។ តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា យើងកំពុងកសាងភាពជាដៃគូដ៏រឹងមាំក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុក បង្កើនផលិតភាព និងការកែច្នសក្នុងស្រុក ព្រមទាំងលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព។ យើងប្តេជ្ញាគាំទ្រដល់វិស័យកសិកម្ពុជានិងធានាថាវិស័យនេះអនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់”។
ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ មានប្រសាសន៍ថា “គោលបំណងចម្បងរបស់យើងគឺគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងភាពធន់នឹងអាកាសធាតុនៃវិស័យកសិកម្ម។ តាមរយៈការជំរុញការអនុវត្តប្រកបដោយចីរភាពនិងការពង្រឹងខ្សែច្រវាក់តម្លៃ យើងប្តេជ្ញាបង្កើនប្រាក់ចំណូល ពង្រីកសមត្ថភាពកែច្នៃនិងកែលម្អលទ្ធភាពចូលទៅកាន់ទីផ្សារសម្រាប់អ្នកពាក់ព័ន្ធទាំងអស់ដោយផ្តោតសំខាន់លើការបន្ថែមតម្លៃក្នុងស្រុក”។
កិច្ចសហប្រតិបត្តិការនេះកំពុងតែចូលរួមអនុវត្តដោយប្រទេសបារាំង អាល្លឺម៉ង់ សហភាពអឺរ៉ុប និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងគោលបំណងអភិវឌ្ឍន៍ការស្រាវជ្រាវ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងខ្សែច្រវាក់តម្លៃកសិកម្មរបស់កម្ពុជា ។ គំនិតផ្តួចផ្តើមនេះ ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងការលើកកម្ពស់ផលិតកម្មប្រកបដោយចីរភាព និងពង្រឹងទំនាក់ទំនងអាជីវកម្មនៅក្នុងសហគមន៍កសិកម្មទំនើប ក៏ដូចជាជាមួយអ្នកកែច្នៃនិងអ្នកនាំចេញ ដែលលើកកម្ពស់ផលិតភាព និងធានាសុវត្ថិភាពស្បៀងអាហារស្របតាមស្តង់ដារសង្គមនិងបរិស្ថាន។
គំនិតផ្តួចផ្តើមរបស់ក្រុមអឺរ៉ុប ស្តីពីកសិពាណិជ្ជកម្មបៃតង និងការងាសមរម្យដែលមានការគាំទ្រ ដោយប្រទេសជាច្រើននៅអឺរ៉ុប មានគោលបំណងអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ប្រកបដោយចីរភាព ដោយពុំមានការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា។ យុទ្ធវិធីនៃគំនិតផ្តួចផ្តើមនេះ គឺធ្វើយ៉ាងណាដើម្បី បង្កើតប្រព័ន្ធកសិកែច្នៃដែលធន់ដេលបំពេញតាមលក្ខខណ្ឌទីផ្សារដែលមានតម្លៃខ្ពស់ទាំងក្នុងតំបន់អឺរ៉ុបនិងអាស៊ាន៕