Pressed for time? Stay informed with ARDB TV's newsletters
ភ្នំពេញ៖ ក្នុងអំឡុងពេលនៃដំណើរចុះល្បាតរយៈពេលប្រាំថ្ងៃទៅកាន់ទន្លេស្រែពក ខេត្ត មណ្ឌលគិរី និងរតនគិរី ដែលស្ថិតនៅតាមដងទន្លេនេះ ក្រុមការងាររបស់អង្គការ WWF-កម្ពុជាបានប្រទះឃើញកូនក្រពើភ្នំចំនួនបីក្បាលជាការរកឃើញដ៏កម្រនៃប្រភេទសត្វល្មូនជិតផុតពូជមួយប្រភេទនេះ។ ទន្លេស្រែពកមានប្រភពមកពីតំបន់ភ្នំកណ្ដាល នៃប្រទេសវៀតណាមហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេស្រែពកជាទន្លេដែលត្រូវបានគេចាត់ទុកថា ជាជម្រកត្រី ជាពិសេសជាតំបន់ដែលមានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជនៅកម្ពុជា។ បើតាមអ្នកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់អង្គការ WWF-កម្ពុជាបានប៉ាន់ស្មានថា ក្រពើទាំង៣ក្បាលដែលគេបានប្រទះឃើញនេះមានអាយុពី ៥ ទៅ ៦ ខែ។ តំបន់នេះក៏ធ្លាប់ជាកន្លែងដែលគេធ្លាប់ប្រទះឃើញពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវនេះប្រព្រឹត្តិទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពង និងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់យើងជាខ្លាំងក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានាជាដើមពីដំបន់នេះ។ យោងតាមអង្គការអង្គការ WWF បានឱ្យដឹងថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះអាចសម្រេចទៅបានក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ។ បើតាមអ្នកជំនាញបានលើកឡើងនាកន្លងមកថាក្រពើភ្នំបានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ។នៅកម្ពុជា ឧទ្យានជាតិជួរភ្នំក្រវាញក៏ជាទីជម្រកធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់ការរស់នៅរបស់ប្រភេទសត្វដ៏កម្រនេះផងដែរ។ សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១ ០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ។ក្រពើភ្នំជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ កម្ពុជាត្រូវបានគេចាត់ទុកថា មានវត្តមានសត្វក្រពើភ្នំច្រើនជាងគេដែលប្រមាណជាង ៣០០ក្បាលកំពុងរស់នៅ និងស្ថិតក្រោមការឃ្លាំមើល និងការពារដោយក្រុមអ្នកជំនាញ៕
សៀមរាប៖ ប្រជាកសិករ រស់នៅភូមិព្រះដាក់ក៏ដូចជាកសិករនៅភូមិមួយចំនួនផ្សេងទៀតក្នុងស្រុក បន្ទាយស្រីខេត្តសៀមរាប ដែលប្រកបមុខរបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារប្រើប្រាស់កាកសំណល់ផ្ទះបាយ នាពេលបច្ចុប្បន្នបាននិងកំពុងទទួលបានការគាំទ្រទីផ្សារ ពីម្ចាស់អាជីវកម្មលក់ជ្រូកអាំងប្រចាំតំបន់។ អ្នកស្រី ឈ្នាង ចំរើន ម្ចាស់អាជីវកម្ម យីហោរ៉ាយុទ្ធជ្រូកអាំងរស់នៅភូមិឃុំខាងលើបានឱ្យដឹងថា ការប្រកបមុខរបរលក់ជ្រូកអាំងប្រចាំតំបន់នេះ អ្នកស្រីបាននៅចុងឆ្នាំ២០២១ដើមឆ្នាំ២០២២ នៅពេលដែលអាជ្ញាធរស្រុករៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារប្រចាំភូមិព្រះដាក់ចំនួន៣ថ្ងៃ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកចំនួន៨ក្បាលដោយក្នុងមួយក្បាលមានទម្ងន់ពី៥០ទៅ៦០គីឡូក្រាម។ អ្នកស្រីរៀបរាប់ថា បន្ទាប់ពីកម្មវិធីពិព័រណ៍ម្ហូបអាហារនៅប្រចាំភូមិត្រូវបានបិទបញ្ចប់ អ្នកស្រីបន្តសាកល្បងលក់សាច់ជ្រូកអាំងនៅថ្ងៃធម្មតាត្រឹមតែមួយចំហៀងជ្រូកប៉ុណ្ណោះ។ប៉ុន្តែនៅចុងសប្តាហ៍អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូក ពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។ អ្នកស្រីបញ្ជាក់ថា ក្រោយពីទទួលបានការគាំទ្រពីអ្នកបរិភោគសាច់ជ្រូកអាំងនៅក្នុងតំបន់ នៅក្នុងឆ្នាំទី១ អ្នកស្រីលក់សាច់ជ្រូកអាំងអស់ជ្រូកពី២ទៅ៣ក្បាលក្នុងមួយថ្ងៃ។ នៅឆ្នាំទី២ លក់សាច់ជ្រូកអាំងអស់ជ្រូកពី៣ទៅ៥ក្បាល ហើយនៅឆ្នាំទី៣ ឬក្នុងពេលបច្ចុប្បន្នលក់សាច់ជ្រូកអាំងអស់ជ្រូកពី៥ទៅ១០ក្បាលនៅក្នុងមួយថ្ងៃ។ បើយោងតាមម្ចាស់អាជីវកម្មខាងលើ នៅក្នុងភូមិព្រះដាក់សព្វថ្ងៃមានអ្នកប្រកបមុខរបរលក់សាច់ជ្រូកអាំង មានប្រមាណ៣០កន្លែង។ កន្លែងខ្លះលក់នៅតែថ្ងៃសៅរ៍-អាទិត្យ, កន្លែងខ្លះទៀតលក់តែថ្ងៃបុណ្យ ហើយកន្លែងផ្សេងទៀតលក់សាច់ជ្រូកអាំងជាប្រចាំរាល់ថ្ងៃ ដើម្បីឆ្លើយតបទៅនិងការគាំទ្ររបស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលបានទៅទស្សនាក្នុងខេត្តសៀមរាប ពិសេសចូលទៅសាកល្បងម្ហូបអាហារនៅភូមិព្រះដាក់។ អ្នកស្រី ឈ្នាង ចំរើន អះអាងថាសព្វថ្ងៃនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រះដាក់ បានប្រកបមុខបរចិញ្ចឹមជ្រូកលក្ខណៈគ្រួសារឱ្យស៊ីចំណីកាកសំណល់ផ្ទះបាយ លាយជាមួយដើមចេកនិងកន្ទុ មានការកើនឡើងគួរឱ្យកត់សម្គាល់ ។អ្នកខ្លះមិនធ្លាប់ចិញ្ចឹមជ្រូកពីមុន ក៏មកចិញ្ចឹមជ្រូកដែរ ហើយអ្នកដែលធ្លាប់ចិញ្ចឹមជ្រូកឱ្យស៊ីចំណីសម្រេច ក៏បានងាកមកចិញ្ចឹមជ្រូកឱ្យស៊ីចំណីកាកសំណល់ផ្អះបាយដែរ បន្ទាប់ពីទទួលបានការគាំទ្រផ្នែកទីផ្សារពីម្ចាស់អាជីវកម្មលក់សាច់ជ្រូកអាំងនៅក្នុងតំបន់ជាប្រចាំ និងហ៊ានទិញក្នុងតម្លៃខ្ពស់លើសទីផ្សារពី១០០ទៅ២០០រៀលក្នុងមួយគីឡូជ្រូករស់៕