1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. មុខទំនិញសំខាន់ៗចំនួន៥ប្រភេទ ជាប់ចំណាត់ថ្នាក់នាំចេញមានកំណើនខ្ពស់ជាងគេនៅ២ខែដំបូង

មុខទំនិញសំខាន់ៗចំនួន៥ប្រភេទ ជាប់ចំណាត់ថ្នាក់នាំចេញមានកំណើនខ្ពស់ជាងគេនៅ២ខែដំបូង

មុខទំនិញសំខាន់ៗចំនួន៥ប្រភេទ ដូចជាដំឡូងមីស្រស់, ម្សៅដំឡូងមី, ផ្លែមៀនស្រស់, គ្រាប់ពោត និងផ្លែស្វាយស្រស់ ត្រូវបានវាយតម្លៃជាប់នៅក្នុងចំណាត់ថ្នាក់ជាមុខទំនិញ ឬកសិផលដែលបាននាំចេញមានកំណើនខ្ពស់ជាងគេនៅក្នុងចំណោមកសិផលសក្តានុពលផ្សេងៗ ក្នុងរយៈពេល២ខែកន្លងមកនេះ។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម ការនាំចេញកសិផលរយៈពេល២ខែកន្លងមកកើនឡើងជាង១លានតោនបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នំា២០២៣ ហើយនៅក្នុងនោះមានមុខទំនិញ ឬកសិផលដែលចូលរួមជំរុញដល់កំណើននាំចេញខ្ពស់មានដូចជា ដំឡូងមីស្រស់កើនឡើង៥៦៦%, ម្សៅដំឡូងមីកើនឡើង២៣១%, ផ្លែមៀនស្រស់កើនឡើង២៦៥%, គ្រាប់ពោតកើនឡើង១៥៤% និងផ្លែស្វាយស្រស់កើនឡើង១៤០% បើប្រៀបធៀបនឹងពេលដូចគ្នាឆ្នំា២០២៣។
ពាក់ព័ន្ធនឹងការនាំចេញផ្លែស្វាយស្រស់នៅក្នុងរយៈពេល២ខែ ដើមឆ្នំា២០២៤ កន្លងមកនេះ, បើយោងតាម លោក សុទ្ធ សុភា ប្រធានប្រតិបត្តិសមាគមន៍ស្វាយកែវរមៀតគិរីរម្យបានឱ្យដឹងថា តាមការសង្កេតរបស់លោក ការនាំចេញផ្លែស្វាយស្រស់មានតម្រូវការខ្ពស់ពីប្រទេសជិតខាង ពិសេសនៅមុនពេលចូលឆ្នំាចិន ហើយស្វាយដែលបាននាំចេញនៅពេលកន្លងមកនេះជាប្រភេទស្វាយកែវរមៀតខុសរដូវដែលប្រជាកសិករបានចាប់ផ្តើមថែទំា រៀបចំបាញ់ជី-ថ្នាំឱ្យចេញផ្កាកាលខែកក្កដា ឆ្នំា២០២៣ ហើយបានបញ្ចប់ការប្រមូលផលកាលពីចុងខែកុម្ភៈ ឆ្នំា២០២៤នេះ។
លោក សុទ្ធ សុភា បន្តថា នៅក្នុងចំណោមសមាជិកសមាគមសរុបចំនួន៣៥នាក់ មានអ្នកធ្វើស្វាយកែវរមៀតខុសរដូវ និងក្នុងរដូវ។តែសម្រាប់កសិករដែល ធ្វើស្វាយខុសពួកគាត់អាចលក់បានថ្លៃរហូតដល់១ ៣០០រៀលក្នុងមួយគីឡូក្រាម ប៉ុន្តែចំពោះកសិករធ្វើដែលអាស្រ័យផលស្វាយក្នុងរដូវកាលនេះកំពុងជួបបញ្ហាទីផ្សារធ្វើឱ្យតម្លៃស្វាយធ្លាក់ចុះ។
យោងតាមរបាយការណ៍ខាងលើគូសបញ្ជាក់ថា មុខទំនិញនាំចេញដែលបានធ្វើការនំាចេញមានកំណើនខ្ពស់ដោយសារ ៖ (១)-តម្រូវការនាំចូលដំឡូងមីស្រស់របស់ប្រទេសវៀតណាម និងប្រទេសថៃ មានការកើនឡើង, (២)-ការនាំចេញម៉្សៅដំឡូងមីទៅកាន់ប្រទេសចិន មានការកើនឡើងក្រៅពីមានកិច្ចសន្យាទិញលក់ជាមួយក្រុមហ៊ុនចិន, (៣)- រោងចក្រកែច្នៃវេចខ្ចប់ផ្លែមៀន និងចម្ការមៀនដែលទទួលបានការអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិនមានការកើនឡើង និងមានសមត្ថភាពផលិតកែច្នៃផ្លែមៀនស្រស់កាន់តែល្អប្រសើរជាងមុន, (៤ )-ប្រទេសថៃបានចាប់ផ្តើមនាំចូលគ្រាប់ពោតពីប្រទេសកម្ពុជា ហើយប្រទេសវៀតណាម ក៏បាននាំចូលគ្រាប់ពោតក្នុងបិរមាណកាន់តែច្រើនសម្រាប់ការកែច្នៃផ្គត់ផ្គង់ក្នុងស្រុក និងក្រៅប្រទេស,(៥)ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន បានធ្វើការបញ្ជាទិញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាក្នុងបរិមាណច្រើនជាងមុនសម្រាប់ប្រើប្រាស់ក្នុងស្រុក និងកែច្នៃផ្គត់ផ្គង់ទីផ្សារក្រៅប្រទេស៕
ដោយ៖Long Sareth


កាលវិភាគផ្សព្វផ្សាយ