ភ្នំពេញ៖ កញ្ញា ណៃ ស៊ីខៀន អនុប្រធានការិយាល័យរដ្ឋបាលព្រៃឈើនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងតែអភិរក្សរុក្ខជាតិដ៏កម្រមួយមានឈ្មោះ កេសរកូលព្រៃជាង៥០០ប្រភេទ ដែល ជាធនធានដ៏មានតម្លៃកំពុងតែលើកស្ទួយមុខមាត់ប្រទេសកម្ពុជា។
ការរកឃើញកេសរកូលព្រៃ ត្រូវបានកញ្ញា ណៃ ស៊ីខៀន បានរៀបរាប់ថា កន្លងមកសំរាប់ការសិក្សាស្រាវជ្រាវជាលទ្ធផលបានរកឃើញកេសរកូលព្រៃជាច្រើនប្រភេទ ដែលមិនមានវត្តមាននៅកម្ពុជា ប៉ុន្តែ ក្រុមការងារបានយកមកដាក់នៅកណ្តាលក្រុង បន្ទាប់មកមានចេញផ្កានិងលូតលាស់បានល្អ។
កញ្ញាបានលើកឡើងថា កាលពី២០១៣នៅខេត្តកោះកុងកញ្ញាបានទៅសិក្សាអំពីជីវចម្រុះរួចបានប្រមូលសំណាក និងបញ្ជាក់ពីឈ្មោះរុក្ខជាតិនេះ រហូតដល់ឆ្នាំ២០១៥ និងបច្ចុប្បន្ននេះនៅតែបន្តចុះស្រាវជ្រាវកេសរកូលព្រៃនៅតាមបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា ដោយសារតែវត្តមាន កេសរកូលព្រៃគឺមិនមែននៅតាមតំបន់រយៈខ្ពស់ៗឬត្រជាក់នោះទេ សូម្បីតំបន់ក្តៅបំផុតក៏មានដុះដែរ តែជាប្រភេទផ្សេងគ្នា ឥឡូវនេះប្រមូលបាន ៣ពាន់សំណាកជាងហើយ ដែលបានកំណត់ឈ្មោះ ៣០០ប្រភេទ។
ប្រទេសកម្ពុជាសំបូរទៅដោយធនធានធម្មជាតិព្រៃឈើ និងសត្វព្រៃ រួមទាំងរុក្ខជាតិគ្រប់ប្រភេទ។ សម្បត្តិធម្មជាតិទាំងនេះ មិនត្រឹមតែបានផ្តល់នូវសោភ័ណភាពស្រស់ត្រកាលប៉ុណ្ណោះទេ តែវាថែមទាំងបានរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាន ផងដែរ។
រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ខ្ពស់លើការស្រាវជ្រាវវិទ្យាសាស្ត្រទៅលើប្រភេទរុក្ខជាតិ រួមទាំងកេសរកូលព្រៃ អស់រយៈពេលជាច្រើនទសវត្សមកហើយ ដោយមានការសហការជាមួយដៃគូអភិវឌ្ឍនានា។ បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានស្រាវជ្រាវរកឃើញកេសរកូលព្រៃជាង ៥០០ប្រភេទ ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ហើយការសិក្សាស្រាវជ្រាវនេះនៅតែបន្តស្វែងរកប្រភេទថ្មីៗបន្ថែមទៀត។
ការសិក្សាស្រាវជ្រាវ ប្រមូលសំណាកកេសរកូលព្រៃ គឺវិភាគទានដ៏សំខាន់មួយសម្រាប់សិស្ស និស្សិត មន្ត្រីរាជការ និងដៃគូអភិវឌ្ឍន៍នានា ប្រើប្រាស់ជាមគ្គុទេសក៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍ។ ការងារនេះ ក៏កំពុងលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជា ដែលមានឆន្ទៈមុតស្រួចក្នុងការការពារ ថែរក្សា ស្រាវជ្រាវ និងយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រភេទកេសរកូលព្រៃទាំងនេះ ដែលខ្លះមានរកឃើញវត្តមានតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ៕