មន្រ្តីក្រសួងកសិកម្មបញ្ជាក់ថា ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ ដែលបានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបាន

ភ្នំពេញ៖ លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានថ្លែងបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤នេះ ស្ថានភាពថ្លៃស្រូវនៅខេត្តបាត់ដំបង និងពោធិ៍សាត់ បានវិលមករកសភាពធម្មតា និងអាចគ្រប់គ្រងបានហើយ។
ទោះយ៉ាងណា ដើម្បីអាចលក់ស្រូវបានក្នុងតម្លៃល្អ លោក គង់ គា បានណែនាំដល់ប្រជាកសិករ អនុវត្តតាមការណែនាំរបស់ជំនាញ ក្នុងនោះរួមមាន៖ ទុកឱ្យស្រូវទុំល្អ កុំឱ្យមានគ្រាប់ស្ពៀតច្រើន ប្រើប្រាស់ពូជសុទ្ធក្នុងការដាំដុះ និងសំខាន់បំផុត កុំផ្សព្វផ្សាយបន្ទាបថ្លៃស្រូវរបស់ខ្លួន។

សម្រាប់ពូជវិញ មន្រ្តីក្រសូងកសិកម្ម ខាងលើលើកឡើងទៀតថា កសិករស្រូវទទួលបានផលល្អហើយ ត្រូវប្រុងប្រយ័ត្ន ករណីពូជស្រូវមិនសុទ្ធ ដែលលាយនិងប្រភេទស្រីផ្សេង នាំឲ្យរោងម៉ាស៊ីនពិបាកឲ្យតម្លៃបានខ្ពស់ល្អ ហើយម្យ៉ាងវិញទៀត ករណីបងប្អូនចែកចាយព័ត៌មានមិនច្បាស់លាស់លើបណ្តាញសង្គម រឿងតម្លៃស្រូវថោកគឺ ធ្វើឲ្យប៉ះពាល់ដល់កសិករយើងតែម្តង តាមពិតមិនដូច្នោះទេ។
ចំពោះ រោងម៉ាស៊ីន ឡាយសែ ក្នុង១ថ្ងៃបានប្រមូលទិញស្រូវពីកសិករចន្លោះពី២ពាន់ទៅ៣ពាន់តោន ក្នុងមួយថ្ងៃ ហើយរោងម៉ាស៊ីនផ្សេងទៀតកំពុងប្រមូលទិញ ពីកសិករឲ្យអស់ផង ដែរ ប៉ុន្តែបើសិនជាឈ្មួញមកឲ្យតម្លៃថោក គឺកសិករផ្អាកការច្រូតមួយរយៈសិន ដើម្បីរង់ចាំមើលតម្លៃល្អប្រសើរទើបលក់ ដោយសារតែរដូវភ្ជុំបិណ្ឌនេះ រោងម៉ាស៊ីនមិនមានកម្លាំងកម្មករ ធ្វើការសង្ងួតនិងប្រមូលទិញនោះទេ។
ចំណែក នៅតាមរោងម៉ាស៊ីនកិនស្រូវធំៗក្នុងខេត្តបាត់ដំបងកំពុងចាល់ស្រូវដឹកចូល ស្របពេលកម្មករសុំច្បាប់ឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។ ករណីនេះ មន្រ្តីក្រសួងកសិកម្ម សូមបងប្អូនប្រជាកសិករផ្អាកការច្រូតកាត់៣ថ្ងៃសិន ព្រោះនៅពេលរោងម៉ាស៊ីនកិនស្រូវបិទទ្វារ ឈ្មួញទិញស្រូវមិនមកប្រមូលទិញ ធ្វើឱ្យឈ្មួញក្នុងស្រុកមួយចំនួនឆ្លៀតឱកាសបន្ថោកតម្លៃស្រូវរបស់ប្រជាកសិករក្នុងតម្លៃមួយពិបាកទទួលយកបាន។
បន្ថែមពីនេះ សូមបងប្អូនប្រជាកសិកររង់ចាំការផ្តល់ព័ត៌មានអំពីទីតាំងប្រមូលទិញស្រូវក្នុងភូមិឃុំ ផែនការច្រូត និងតម្លៃស្រូវតាមរយៈអាជ្ញាធរមូលដ្ឋាននិងមន្ត្រីកសិកម្មឃុំរបស់បងប្អូន។
យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជាបានថ្លែងកាលពីថ្ងៃ២៧ ខែកញ្ញានេះបង្ហាញថា ឥឡូវនេះ មានរោងម៉ាស៊ីនកិនស្រូវទាំងតូចនិងមធ្យមប្រមាណ ១៣៨ បាននិងកំពុងតែប្រមូលទិញស្រូវ OM 5451 ពីប្រជាកសិករនៅទូទាំងប្រទេសកំពុងតែមមាញឹកយ៉ាងខ្លាំង ដើម្បីស្តុកទុកសម្រាប់កែច្នៃនិងនាំចេញ។
តម្លៃស្រូវកសិករយើងបានលក់ទៅរោងម៉ាស៊ីនមានតម្លៃល្អនៅឡើយ និងស្រូវខ្លះគឺប្រជាកសិករបានលក់ទៅឲ្យឈ្មួញលក់បន្តឲ្យទៅប្រទេសវៀតណាមខ្លះ ហើយតម្លៃទិញនៅរោងម៉ាស៊ីន OM 5451 តម្លៃចន្លោះ ១១០០រៀលទៅក្នុង១ គីឡូក្រាមលក់ឲ្យរោងម៉ាស៊ីន ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់ប្រជាកសិករនៅទូទាំងប្រទេសកម្ពុជា ជ្រើសរើសពូជស្រូវជាតិ២ប្រភេទគឺ ផ្ការំដួល និងសែនក្រអូប សម្រាប់ធ្វើការដាំដុះ ដោយសារពូជស្រូវទាំងនេះ មានតម្រូវការទីផ្សារសម្រាប់ការនាំចេញខ្ពស់ ឋិតថេរ និងមានតម្លៃសមរម្យ។
ទាក់ទងនិងបញ្ហាខាងលើនេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យប្រជាកសិករមិនត្រូវភ័យខ្លាចពីព័ត៌មានទាំងចាស់និងថ្មី ដែលត្រូវបានយកមកផ្សព្វផ្សាយ ដើម្បីបំពុល បំភ័ន្ត និងបំភ្លៃចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ។
ថ្លៃស្រូវនៅឆ្នាំនេះ នៅតែស្ថិតក្នុងកម្រិតធម្មតា និងអាចផ្តល់ប្រាក់ចំណេញដល់កសិករ មិនទាន់ធ្លាក់រហូតធ្វើឱ្យប្រជាកសិករខាត ដូចការលើកឡើងមួយចំនួនឡើយ។


កាលវិភាគផ្សព្វផ្សាយ