ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០២៤នេះ បានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំសង្កាត់ចំនួន២៥០នាក់ មានរយៈពេល៤ថ្ងៃ មុននឹងបញ្ជូនទៅបម្រើការងារផ្នែកកសិកម្មជាមួយប្រជាពលរដ្ឋនៅតាមខេត្តគោលដៅចំនួន១៧។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត យ៉ង សំាងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា: វគ្គបណ្តុះបណ្តាលតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ២៥០នាក់ ដែលមានរយៈពេល៤ថ្ងៃនេះមានគោលបំណង ជួយមន្ត្រីកសិកម្មបានត្រៀមខ្លួនឱ្យបានល្អប្រសើរ ក្នុងការបំពេញតួនាទីទទួលខុសត្រូវដូចបានចែងនៅក្នុងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មានប្រសាសន៍ថាការរៀបចំវគ្គបណ្តុះបណ្តាលតម្រង់ទិសដំបូងសម្រាប់មន្ត្រីឃុំសង្កាត់នៅពេលនេះគឺ ឆ្លើយតបនឹងស្នូលរបស់យុទ្ធសាស្ត្រចតុកោណទីមួយ មុំទីពីរ ស្តីពីការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារសំដៅកសាងធនធានមនុ
ស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈ ម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈស្របតាមតួនាទី និងការទទួលខុសត្រូវ។តាមរយៈវគ្គបណ្តុះបណ្តាលនេះ មន្ត្រីកសិកម្មឃុំទំាងអស់នឹងទទួលបានចំណេះដឹង ពហុជំនាញបន្ថែម និងព្រមទំាងបានយល់ដឹងអំពីបេសកកម្ម រចនាសម្ព័ន្ធគ្រប់គ្រង អង្គការលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម នុត ច័ន្ទសុខា បន្តទៀតថា សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តការយកចិត្តទុកដាក់ និងជំរុញបន្ថែមទៀតនូវកម្មវិធីគោលនយោបាយដ៏មានឧត្តមប្រយោជន៍ ដោយបានដាក់ចេញនូវកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ ដើម្បីអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជាលើគ្រប់វិស័យ ក្នុងគោលបំណងទៅសម្រេចចក្ខុវិស័យ ចង់ប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នំា២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នំា២០៥០។
ឯកឧត្តម បន្តទៀតថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ គឺជាកម្មវិធីជួយដល់ការអភិវឌ្ឍវិស័យកសិកម្មផ្ទាល់ ក្នុងនោះមានការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំសង្កាត់, ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ចំពោះការដាក់ពង្រាយមន្ត្រីកសិកម្មឃុំនេះ គោលបំណងគឺចង់បង្ខិតសេវាកសិកម្ម ឱ្យទៅជិតប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលមានសកម្មភាពកសិកម្ម ដើម្បីឱ្យកសិករនៅគ្រប់ឃុំសង្កាត់ ទទួលបានសេវា និងការប្រឹក្សាយោបល់ បច្ចេកទេសផ្សេងៗ។ តាមរយៈគោលនយោបាយអាទិភាពនេះ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ គ្រោងជ្រើសរើសមន្ត្រីកសិកម្មសរុបចំនួន ១៦០០នាក់ ដើម្បីដាក់ពង្រាយនៅទូទំាងប្រទេស។
បើយោងតាម ឯកឧត្តម នុត ច័ន្ទ សុខា កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នំា២០២៣ កន្លងមកនេះ មន្ត្រីកសិកម្មឃុំសង្កាត់ចំនួន២៥០នាក់ ត្រូវបានជ្រើសរើសតាមរយៈការប្រឡងប្រជែងដែលរៀបចំដោយក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ មន្ត្រីកសិកម្មឃុំសង្កាត់ចំនួន ២៥០នាក់នឹងត្រូវចាត់បញ្ជូនទៅឱ្យបំពេញការងារតាមឃុំដែលបានជ្រើសរើស ចំនួន២៥០ឃុំ និងស្រុកចំនួន ៨៩នៃខេត្តចំនួន១៧ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលតម្រង់ទិសដំបូងដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នំា២០២៤ នេះ៕
ដោយ៖Long Sareth