ទីក្រុងប៉េកាំង៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រទេសចិនបានបង្ហាញឯកសារគោលនយោបាយទី១ របស់ថា្នកមជ្ឍឹមសម្រាប់ឆ្នាំ២០២៥ ដោយបង្ហាញពីការងារអាទិភាពក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ជនបទ និងជាជំហានដ៏រឹងមាំ ដើម្បីជំរុញការស្តារឡើងវិញលើគ្រប់វិស័យជនបទទាំងអស់។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ បានឲ្យដឹងថា ឯកសារនេះ គឺជាសេចក្តីថ្លែងការណ៍អំពីគោលនយោបាយដំបូងគេ ដែលចេញផ្សាយប្រចាំឆ្នាំដោយការិយាល័យមជ្ឍឹមបក្សរបស់ចិន ហើយត្រូវបានគេមើលឃើញថា ជាការបង្ហាញឲ្យឃើញនូវគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលចិន។
ឯកសារនេះ មានប្រាំមួយផ្នែក គ្របដណ្តប់លើវិស័យចំនួនប្រាំមួយ គឺការធានាការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មសំខាន់ៗ សមិទ្ធផលរួមនៃការលុបបំបាត់ភាពក្រីក្រ ការអភិវឌ្ឍឧស្សាហកម្មជនបទ ការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ ការកែលម្អប្រព័ន្ធអភិបាលកិច្ចជនបទ និងការធ្វើឱ្យប្រព័ន្ធបែងចែកធនធានជនបទប្រកបដោយប្រសិទ្ធភាព។
ឯកសារនេះអំពាវនាវឱ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការងារទាក់ទងនឹងវិស័យកសិកម្ម អភិវឌ្ឍន៍ជនបទ និងកសិករ នៅឆ្នាំ២០២៥ និងនៅបណ្តាឆ្នាំខាងមុខ ដោយបានកំណត់គោលដៅនៃការជំរុញការស្តារឡើងវិញ នៅតាមជនបទទាំងអស់ និងការពង្រឹងមូលដ្ឋានគ្រឹះកសិកម្មរបស់ប្រទេសបន្ថែមទៀត។
ឯកសារដដែលនេះ បានរៀបរាប់ថា តាមរយៈកំណែទម្រង់នេះ ការបើកចំហរ នវានុវត្តន៍ និងបច្ចេកវិទ្យា គឺជាកម្លាំងជំរុញ ធ្វើឲ្យប្រទេសជាតិអាចការពារសន្តិសុខស្បៀងរបស់ខ្លួនដោយធានាមិនឲ្យមានការដួលរលំ ឬបង្កឲ្យមានភាពក្រីក្រឡើងវិញជាទ្រង់ទ្រាយធំឡើយ។
ឯកសារបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងខិតខំប្រឹងប្រែងយ៉ាងណា ដើម្បីបង្កើនប្រសិទ្ធភាពកសិកម្ម ពង្រឹងតំបន់ជនបទ និងបង្កើនប្រាក់ចំណូលពីកសិកម្ម ដោយបានចាក់គ្រឹះដ៏រឹងមាំសម្រាប់ការរីកចម្រើននៃទំនើបកម្មរបស់ចិន។
ឯកសារមជ្ឈឹមបក្សនេអ ក៏សង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍកម្លាំងផលិតភាពថ្មីប្រកបដោយគុណភាពក្នុងវិស័យកសិកម្ម ស្របតាមលក្ខខណ្ឌក្នុងស្រុក ហើយបានអំពាវនាវឱ្យមានការខិតខំបង្កបង្កើនផលនៃសហគ្រាសបច្ចេកវិទ្យាកសិកម្មជាន់ខ្ពស់ឈានមុខគេ និងការពន្លឿននៃការស្រាវជ្រាវផលិតពូជដំណាំ។
ទីភ្នាក់ងារព័ត៌មាន ស៊ិនហួរ បានឱ្យដឹងថា បើយោងតាមឯកសារនេះ ប្រទេសចិននឹងគាំទ្រដល់ការអភិវឌ្ឍន៍កសិកម្មឆ្លាតវៃ និងពង្រីកកម្មវិធីនៃបច្ចេកវិទ្យា ដូចជា បញ្ញាសិប្បនិម្មិតក្នុងការប្រមូលទិន្នន័យ និងប្រព័ន្ធស្រោចស្រព។ ក្នុងនេះ ក៏មានការគូសបញ្ជាក់អំពីផែនការពង្រីកការដឹកជញ្ជូនផលិតផលត្រជាក់ និងសេវាលក់រាយភ្លាមៗទៅកាន់ទីប្រជុំជន និងលើកទឹកចិត្តតាមតំបន់ដែលមានលក្ខខណ្ឌសមស្រប ដើម្បីបង្កើតកន្លែងសាកថ្មរថយន្តជាសាធារណៈ និងកន្លែងផ្លាស់ប្តូរថ្មសម្រាប់យានយន្តអគ្គិសនី។
ដើម្បីលើកកម្ពស់ការគ្រប់គ្រង ការប្រើប្រាស់ធនធាន និងទ្រព្យសម្បត្តិជនបទប្រកបដោយប្រសិទ្ធភាព ឯកសារនេះអំពាវនាវឱ្យមានការស្វែងរកមធ្យោបាយគ្រប់គ្រង និងប្រើប្រាស់លំនៅឋានជនបទ ដែលមានកម្មសិទ្ធិស្របច្បាប់ ដូចជាតាមរយៈការជួល ការកាន់កាប់ជាកម្មសិទ្ធិរួមជាដើម។
ខ្លឹមសារនៅក្នុងឯកសារនេះក៏ជំរុញឱ្យមានការខិតខំប្រឹងប្រែងបង្កើតថ្មីទាក់ទងនឹងយន្តការហិរញ្ញប្បទានសម្រាប់ការស្តារជនបទឡើងវិញ។ គ្រប់ជំហាននៃការអនុវត្តគោលនយោបាយនឹងជួយយពង្រឹងការគាំទ្រពីការ
វិនិយោគដោយថវិការបស់ថ្នាក់មជ្ឈឹមបក្ស ជាបន្ទុកបំណុលពិសេសរបស់រដ្ឋាភិបាលក្នុងរយៈពេលវែង
សម្រាប់គម្រោងសំខាន់ៗ ក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍តំបន់ជនបទ។ គោលនយោបាយរូបិយវត្ថុនឹងត្រូវបានប្រើប្រាស់ដើម្បីលើកទឹកចិត្តដល់ស្ថាប័នហិរញ្ញវត្ថុឱ្យបង្កើនមូលនិធិសម្រាប់ការស្តារជនបទឡើងវិញ។
ចំណែកកំណែទម្រង់ទាក់ទងនឹងធនធានព្រៃឈើ កសិដ្ឋានរបស់រដ្ឋ និងសហគមន៍ផ្គត់ផ្គង់ និងទីផ្សារនឹងមានភាពជឿនលឿនផងដែរ។ ឯកសារនេះសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱ្យស៊ីជម្រៅនូវកំណែទម្រង់នៃការកាន់កាប់ព្រៃឈើសហគមន៍ ការពង្រឹងកំណែទម្រង់ទូលំទូលាយនៃតម្លៃទឹក និងសិទ្ធិគ្រប់គ្រងទឹកក្នុងវិស័យកសិកម្ម ការពង្រឹងយន្តការគ្រប់គ្រងការប្រើប្រាស់ទឹក និងការលើកកម្ពស់បច្ចេកវិទ្យាធារាសាស្ត្រសន្សំសំចៃទឹក។
ឯកសារមជ្ឈឹមបក្សនេះ ក៏បានបញ្ជាក់ផងដែរថា ចំណែកទីក្រុងនានា ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច ត្រូវបានលើកទឹកចិត្តឱ្យប្រជាជនធ្វើចំណាកស្រុកទៅធ្វើកសិកម្មនៅតាមជនបទ ក៏នឹងទទួលបានការធានាអំពីសុវត្ថិភាពការងាររបស់ពួកគេ រួមទាំងទទួលបានទីកន្លែងស្នាក់នៅស្របតាមគោលនយោបាយលំនៅដ្ឋាន នៅក្នុងទីក្រុងថែមទៀតផង៕