បច្ចេកទេសប្រើប្រាស់ជី ដើម្បីថែទាំដំណាំឱ្យលូតលាស់ល្អ

កសិករ ដាំដំណំាគប្បីគួរសិក្សាស្វែងយល់ពីរបៀបដាក់ជី ធ្វើដី និងការថែទាំដំណាំខ្លួនដើម្បីទទួលបានទិន្នផលសមប្រកប។ បច្ចេកទេសប្រើប្រាស់ជី គឺជាកត្តាសំខាន់មួយដើម្បីជំនួយឱ្យបន្លែលូតលាស់ល្អ។ ទន្ទឹមនឹងនេះ កសិករ រស់នៅភូមិរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានជ្រើសរើសជីត្រីកោណ និងជីសិរីរាង្គ សម្រាប់ថែទាំដំណាំរបស់ខ្លួន។

អ្នកស្រី វង ចំរើន កសិករដាំបន្លែក្នុងផ្ទះសំណាញ់ រស់នៅភូមិរំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល បានលើកឡើងថា ការដំាដំណាំ អ្វីដែលសំខាន់ គឺត្រូវចេះបច្ចេកទេសប្រើប្រាស់ជី និងការថែទាំដំណាំ។ បើតាមអ្នកស្រី ដំបូងឡើយ ត្រូវប្រើលាមកគោ ឬជីកំប៉ុស្ដិ៍ទ្រាប់បាតដើម្បីជំនួយកុំឱ្យដីហីល និងធ្វើឱ្យដីផុសល្អ។

អ្នកស្រី វង ចំរើន បានរៀបរាប់ថា៖ “យើងត្រូវធ្វើដីឱ្យបានស្អាតល្អ ដែលប្រើលាមកគោ ឬជីកំប៉ុស្ដិ៍ដើម្បីឱ្យដីផុសរលុងងាយស្រួលដំណាំលូតលាស់។ បន្ទាប់មកនៅពេលកូនដំណាំធំល្មមដករំលស់សម្រេច អ្នកស្រីប្រើជីសិរីរាង្គឈ្មោះជីត្រីកោណ។ ជីនេះជួយឱ្យដំណាំលូតលាស់ល្អ មិនមានបញ្ហាខ្លោចគល់ រលួយ ឬខូចនោះទេ ព្រោះអ្នកស្រីបានចូលរួមវគ្គបណ្ដុះបណ្ដាល ពីរបៀបដាក់ជី និងការថែទាំដំណាំ”។

ជាមួយគ្នានេះ លោក កយ បូរិន ប្រធានសហគមន៍ក្រុមផលិតបន្លែនៅឃុំស្វាយប្រទាល ក៏បានប្រាប់ពីការប្រើប្រាស់ជីផងដែរ គឺត្រូវមានកាលវិភាគកត់ត្រាឱ្យបានច្បាស់លាស់ដើម្បីតាមដានសុខភាពបន្លែងាយស្រួលក្នុងការដាក់ជី ឬស្រួយគល់របស់វា។ លោក បូរិន ក៏ជាអ្នកដាំបន្ថែនៅទីវាល ដូច្នេះការប្រើប្រាស់ចីរបស់គាត់ខុសគ្នាពីអ្នកស្រី វង ចំរើន។

ប្រធានសហគមរូបនេះ បានបន្តថា ក្នុងការផលិតបន្លែសុវត្ថិភាព ដែលប្រើប្រាស់ជីកូនកាត់ ក្នុងនោះមានប្រើប្រាស់ជីធម្មជាតិ និងជីគីមី។ សម្រាប់វគ្គនៃការលូតលាស់មានរយៈពេលខុសៗគ្នា ដូចជា ស្ពៃចង្កឹះ ២៩ថ្ងៃ ស្ពៃខ្មៅ ៣៥ថ្ងៃ និងខាតណា ៥៥ថ្ងៃ។
“កសិករត្រូវកត់ត្រា ប្រើជីគីមី ២ទៅ៣ដង ខណៈជិតដល់ថ្ងៃប្រមូលផល ត្រូវប្រើប្រាស់ជីធម្មជាតិវិញ។ ចំពោះថ្នាំពុលការពារសត្វល្អិត លោក បូរិន ប្រើតាមបញ្ជីការរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលមានកម្រិតពុលចន្លោះពី ២ ទៅ៣ថ្ងៃ”។ នេះបើតាមលោក កយ បូរិន។
កសិករ ត្រូវប្រើជីលាមកគោ ឬជីធម្មជាតិ ដើម្បីទ្រាប់បាត បន្ទាប់ពីដំណាំមានអាយុ ១៥ថ្ងៃ ត្រូវប្រើជីគីមី ឬជីអ៊ុយរ៉េបន្តិច ដើម្បីឱ្យដំណាំអាចចាប់យកជីធម្មជាតិ ឬជីកំប៉ុស។ អត្ថប្រយោជន៍របស់ជីកំប៉ុស ជួយបន្សាបជាតិអាស៊ីត បង្កើន pHដី និងធ្វើឱ្យដីផុសល្អ។

លោក កយ បូរិន លើកទឹកចិត្តឱ្យកសិករ ប្រើជីកំប៉ុសឱ្យបានច្រើន ដើម្បីជួយឱ្យដីផុស ធ្វើឱ្យដីធូរ ដីមិនហីល ហើយដីមានសំណើមដំណាលូតលាស់បានល្អ៕

 


កាលវិភាគផ្សព្វផ្សាយ