ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមើលសក្តានុពលកសិកម្មនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ និងបានពិចារណាលើលទ្ធភាពចងក្រងបងប្អូនអតីតយុទ្ធជនជិត១០០០គ្រួសារ នៅក្នុងភូមិទើបកកើតថ្មីនេះ ដើម្បីចងក្រងទៅជាសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំសមស្របណាមួយ។
ជាផ្នែកមួយនៃការរៀបចំផែនការ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីជំនាញចុះមកយកសំណាក់ដីទៅវាយតម្លៃគុណភាពដី ដើម្បីកំណត់ពីសក្តានុពលក្សេត្របរិស្ថាននៅក្នុងតំបន់នេះ ព្រមទាំងសិក្សាពីការតភ្ជាប់ទៅកាន់ទីផ្សារទុកជាមុន ទើបការរៀបចំជាសហគមន៍មានប្រសិទ្ធភាពសេដ្ឋកិច្ច។
សូមបញ្ជាក់ថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាតំបន់អភិវឌ្ឍថ្មី ផ្តួចផ្តើមគំនិតដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ក្នុងការយកចិត្តទុកដាក់អតីតយុទ្ធជន និងក្រុមគ្រួសារ។ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅទីនេះអាចទ្រទ្រង់ជីវភាពប្រចាំថ្ងៃបាន ទាមទារឱ្យមានសកម្មភាពកសិកម្មដែលអាចផ្តល់ជាប្រភពចំណូលជាប្រចាំ ទាំងកម្រិតគ្រួសារ កម្រិតសហគមន៍ និងកម្រិតដៃគូវិនិយោគ។
ជារៀងរាល់សប្តាហ៍ក្រុមការងារអភិវឌ្ឍន៍សហគមន៍នៃក្រសួងកសិកម្មតែងតែងចុះជួបជាមួយបងប្អូនកសិករនៅតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងពន្យល់ពីសហគមន៍កសិកម្មទំនើប ក៏ដូចជាបកស្រាយនូវចម្ងល់ផ្សេងៗពីសហគមន៍ប្រភេទនេះ។
សូមជម្រាបជូនថា អ្វីដែលគួរឱ្យកត់សម្គាល់ មួយរយៈចុងក្រោយមានការចាប់អារម្មណ៍ និងសំណូមពរច្រើនពីកសិករនៅតាមបណ្តាខេត្តបានឱ្យជួយរៀបចំពួកគាត់ទៅជាសហគមន៍ទំនើប ដែលតម្រូវឱ្យក្រុមការងារត្រូវបង្កើនល្បឿនបន្ថែមទៀត ដើម្បីបម្រើបងប្អូនឱ្យបានទាន់ពេលវេលា។
កម្មវិធីគោលនយោបាយវិស័យកសិកម្មគឺ រដ្ឋាភិបាលមិនទុកបងប្អូនកសិករណាម្នាក់ឱ្យនៅឯកោតែឯងឡើយ មិនថាដាំស្រូវពូជអ្វី ឬមិនទាន់ចូលរួមជាមួយសហគមន៍កសិកម្មទំនើបក៏ដោយ បងប្អូនកសិករគ្រប់ៗរូបនៅតែទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅតែទទួលបានការបម្រើពីមន្ត្រីកសិកម្មឃុំ ហើយក៏នៅតែទទួលផលជាវិជ្ជមានពីការអន្តរាគមន៍លើថ្លៃកសិកផល ឬការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាដូចគ្នា។
បើតាមមន្រ្តីនៃសហគមន៍កសិកម្មទំនើបបង្ហាញថា បងប្អូនកសិករដែលស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបនឹងទទួលបានទុនកម្ចីដោយមិនចាំបាច់ចំណាយថវិកាផ្ទាល់ខ្លួន ព្រោះបើមិនមែនជាសហគមន៍បែបនេះទេ ការផ្តល់កម្ចីឥណទានដោយមិនតម្រូវឱ្យមានវត្ថុបញ្ចាំពិតជាមិនអាចទៅរួចទេ។
សម្រាប់កសិករដែលជ្រើសរើសយកពូជយុទ្ធសាស្ត្ររបស់កម្ពុជាងាយនឹងទទួលបានការធានាស្ថេរភាពថ្លៃ ជាងការដាំដុះពូជបរទេស តែនោះក៏ដោយសារពូជយើងគឺទីផ្សារស្ថិតក្នុងកណ្តាប់ដៃយើង ពេលមានបញ្ហាចាំបាច់ខ្លាំង យើងអាចបញ្ចេញថវិកាឱ្យរោងម៉ាស៊ីនជួយប្រមូលទិញបានយ៉ាងងាយ។