រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB)បានចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្មរបស់ធនាគារ នៅព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤នេះ មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមនិងភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនកុះករ។
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មព្រឹត្តិកាណ៍ពិព័រណ៍ពាណិជ្ជកម្មមានប្រសាសន៍ថា វត្តមានដ៏ឧត្តុងឧត្តមដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីជាសក្ខីភាពបញ្ជាក់ពីការផ្តល់នៅសារសំខាន់យកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យពាណិជ្ជកម្មកម្ពុជា តាមរយៈយន្តការគន្លឹះមួយចំនួនដូចជាការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនានាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស ដើម្បីជាឱកាសនាំយកមកតាំងបង្ហាញនូវផលិតផលដែលមានគុណភាពខ្ពស់ និងសេវាកម្មទំនើបរបស់កម្ពុជា ព្រមទាំងជាឱកាសផ្គូផ្គងធុរជន អាជីវករ អតិថិជនដែលជាចំណែកចូលរួមជំរុញដ៏រស់រវើករបស់ពាណិជ្ជកម្មក្នុងប្រទេសនិងជំរុញការនាំចេញទៅទីផ្សារពិភពលោក។