ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់កិច្ចសហប្រតិបត្តិការលើការផ្ដល់ឥណទានដល់ក្រុមហ៊ុនវិនិយោគឯកជនលើប្រព័ន្ធស្រោចស្រព (Complete System) ដែលអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។
ពិធីចុះហត្ថលេខានេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម, ថ្នាក់ដឹកនាំធនាគារ ARDB, តំណាងក្រសួង-ស្ថាប័ន, តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, រោងម៉ាស៊ីនកិនស្រូវ, តំណាងដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនពាក់ព័ន្ធមួយចំនួនទៀត។
អនុស្សរណៈយោគយល់គ្នានេះមានគោលបំណងផ្ដល់កិច្ចសហប្រតិបត្តិការលើការផ្ដល់ឥណទានដល់ក្រុមហ៊ុនវិនិយោគឯកជនលើប្រព័ន្ធស្រោចស្រព ដែលអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តគាំទ្រដល់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ៕