បាងកក៖ ប្រទេសថៃកំពុងតែចាប់ផ្តើមឱ្យកសិកររបស់ខ្លួនជ្រើសរើសក្នុងការចិញ្ចឹមគោពូជថ្មី “Thai Black DLD”ដែលជា ពូជសាច់គោល្អ តម្លៃខ្ពស់។សាច់គោប្រភេទថ្មីនេះក្រៅពីផ្តល់នូវគុណភាពសាច់ខ្ពស់ ហើយនៅជាមួយការចិញ្ចឹមបែបបច្ចេកវិទ្យាជីវសាស្រ្តទំនើបថែមទៀត។
កាសែត ដេលេញូ របស់ថៃ ដែលបានដកស្រង់សម្តី លោក អ៊ីតធីស៊ិរី ឡាត់យ៉ាកន អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងសហករណ៍ថៃ បាននិយាយនៅដើមសប្តាហ៍នេះថា ក្រសួងកសិកម្ម ថៃបានប្តេជ្ញាចិត្តខ្ពស់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មបសុសត្វរបស់ប្រទេសថៃ ឱ្យឈានដល់ស្តង់ដារលំដាប់ពិភពលោកតាមរយៈការប្រើប្រាស់បច្ចេកវិជ្ជាទំនើបក្នុងការអភិវឌ្ឍពូជសត្វគោ ដែលកាលពីមុននេះ ប្រទេសថៃបាននាំចេញសាច់គោរបស់ខ្លួនទៅកាន់ទីផ្សារអាស៊ីប៉ុណ្ណោះ តែនៅក្នុងថ្ងៃខាងមុខនេះថៃនឹងជំរុញឱ្យមានការនាំចេញសាច់គោទៅកាន់បណ្តាប្រទេសអឺរ៉ុប និងបណ្តាប្រទេសដទៃទៀត។
លោកបានអះអាងថា ការវិវត្តន៍នៃការចិញ្ចឹមពូជសាច់គោ “Thai Black DLD” គឺអ្នកជំនាញបានរួមបញ្ចូលគ្នានូវលក្ខណៈល្អបំផុតនៃគោពូជថៃ បង្កាត់រួមជាមួយពូជគោ អ៊ែងហ្កាស( Angus) និងគោ វ៉ាគ្យូ (Wagyu) ដែលជាប្រភេទសាច់គោខ្លាញ់ល្អ សាច់ទន់ រសជាតិឆ្ងាញ់ និងសមស្របនឹងអាកាសធាតុរបស់ប្រទេសថៃ។ ការចិញ្ចឹមគោប្រភេទពូជបង្កាត់ថ្មីនេះនឹងជួយដល់ការបង្កើនចំណូលរបស់កសិករ និងជាពិសេស វាមានលក្ខណៈអំណោយផលល្អផងការដែរក្នុងការប្រកួតប្រជែងលើទីផ្សារក្រៅប្រទេស។
មន្រ្តីបសុពេទ្យ លោក ស៊ុមឈួនរ៉ាត់ តាណាក់មង្គលនុន អគ្គនាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ បានឱ្យដឹងថា នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ បានចាប់ផ្តើមបង្កាត់ពូជគោប្រភេទថ្មីនេះដោយប្រើពូជគោថៃ ដែលមានលក្ខណៈពិសេស ហើយថែមទាំងអំណោយផលល្អនោះ គឺមានសរសៃសាច់ដុំល្អ ងាយស្រួលក្នុងការចិញ្ចឹម ធន់នឹងជំងឺ ធន់នឹងសត្វល្អិត វាយប្រហារ និងបង្កើតបានកូនគោជាច្រើន ហើយនៅពេលយកមកបង្កាត់រួមជាមួយប្រភេទគោពីរទៀត គឺគោអ៊ែងហ្កាស( Angus) និងគោ វ៉ាគ្យូ( Wagyu) គេនឹងទទួលបានប្រភេទគោថ្មីមួយដ៏ល្អ ដែលអ្នកចិញ្ចឹមអាចរកចំណូលបានខ្ពស់ និងធានាបាននូវការឈ្នះរោគជំងឺថែមទៀត។
អ្នកជំនាញពេទ្យសត្វរូបនេះបានប្រាប់បន្ថែមថា “គម្រោងនេះត្រូវបានគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍ស្រាវជ្រាវកសិកម្ម និងមហាវិទ្យាល័យបសុពេទ្យ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រការស្រាវជ្រាវ និងការអភិវឌ្ឍបច្ចេកវិទ្យាចិញ្ចឹមគោសាច់ប្រភេទថ្មីនេះ។ជាមួយគ្នានេះដែរ គម្រោងមួយនេះក៏ត្រូវបានចាត់ទុកថា ជាជោគជ័យតាមរយៈនៃការច្នៃប្រឌិត និងបច្ចេកវិទ្យាជាន់ខ្ពស់ផងដែរ។
ក្រៅពីនេះដើម្បីផ្តល់ភាពងាយស្រួលដល់ការចិញ្ចឹមរបស់កសិករ បច្ចុប្បន្ននាយកដ្ឋានអភិវឌ្ឍន៍បសុសត្វថៃ បានដាក់លក់នូវប្រភេទទឹកកាមសិប្បនិម្មិត ដល់កសិករទិញយកទៅបង្កាត់ពូជគោតាមទីផ្សារ ដោយសំដៅធ្វើយ៉ាងណាឱ្យងាយពង្រីកពូជដោយមិនជួបនូវការលំបាកក្នុងការចិញ្ចឹម ដែលស្របតាមលក្ខណៈវិទ្យាសាស្រ្តសម័យថ្មីនាពេលបច្ចុប្បន្ន៕