មណ្ឌលគិរី៖ កសិករដាំដំណាំម្រេចនៅក្នុងខេត្តភូមិភាគឦសាន នាឆ្នាំ២០២៥ មានទឹកចិត្តសប្បាយរីករាយគ្រប់គ្នាដោយសង្ឃឹមថា ពួកគេនឹងទទួលបានប្រាក់ចំណូលច្រើនពីការលក់កសិផលរបស់ខ្លួន ខណៈទីផ្សារម្រេចក្នុងស្រុក និងនៅក្រៅប្រទេសចាប់ផ្តើមឡើងថ្លៃវិញ។
លោក យឿន ដារ៉ា ជាម្ចាស់ចំការម្រេចឈ្មោះ តាយឿន បានប្រាប់អ្នកយកព័ត៌មានរបស់ទូរទស្សន៍អនឡាញ ARDB-TV នៅដើមសប្តាហ័នេះថា ពូជម្រេចភាគឦសានមាន៣ប្រភេទ ដែលកសិករបានដាំ គឺម្រេច ម៉ាឡេ ម្រេចយូឡិន និងម្រេចខ្មែរ។ ចំណែក ការប្រមូលផលម្រេចទាំង ៣ប្រភេទនេះ មានតាមដំណាក់របស់វា គឺចាប់ផ្ដើមពីខែវិច្ឆិកា ដល់ខែមករា ប្រមូលផលម្រេចយូឡិន។ ខែមករា ដល់ខែមេសា ប្រមូលផលម្រេចម៉ាឡេ ចំណែកម្រេចខ្មែរ ប្រមូលផលពីខែមេសា ដល់ខែមិថុនា។
កសិករដាំដំណាំម្រេច យឿន ដារ៉ា រស់នៅឃុំប៊ូសា្រ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានរៀបរាប់ដូច្នេះថា៖ “ម្រេចខ្មែរលក់បានតម្លៃថ្លៃជាងម្រេចយូឡិន និងម្រេចម៉ាឡេ។ ឆ្នាំនេះកសិកររៀងញញឹមតិច ព្រោះម្រេចមានតម្លៃល្អ។ ដោយម្រេចស្ងួត១គីឡូ លក់បានក្នុងតម្លៃ២៦០០០រៀល។ ស្រស់១គីឡូ ៨០០០ ទៅ៩000រៀល។ តម្លៃម្រេចនេះ នឹងមានការប្រែប្រែ ឬឡើងចុះទៅតាមទីផ្សារ”។
បើធៀបនឹងឆ្នាំមុន តម្លៃម្រេចឡើងលើសឆ្នាំមុនជិត១ម៉ឺនរៀលក្នុងមួយគីឡូក្រោម។ បើបីជាម្រេចក្នុងឆ្នាំនេះ បានធ្វើឱ្យកសិករដាំម្រេចមានស្មាមញញឹមក្ដី ប៉ុន្តែកាលពី៣ឆ្នាំមុន តម្លៃម្រេចបានធ្លាក់ចុះរហូតដល់៦០០០ ទៅ៥០០០រៀលក្នុងមួយគីឡូក្រោម។
លោកបានបញ្ជាក់ថា ម្រេចរបស់ខ្លួនតែងតែលក់ម្រេចឱ្យឈ្មួញកណ្ដាល ដើម្បីនាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម ថៃ និងមួយផ្នែកទៀតលក់នៅក្នុងទីផ្សារក្នុងស្រុក។ បើតាមម្ចាស់ចំការរូបនេះ ជាមធ្យមប្រមូលផលម្រេចចំនួន១០០០ជន្លង់ បានម្រេចស្ងួត ៣ទៅ៤តោន ហើយក្នុងចំការរបស់លោកដាំម្រេចទាំង៣ប្រភេទនេះ បានសរុបប្រមាណ៥០០០ជន្លង់។ ប៉ុន្តែ ទាក់ទងនឹងប្រាក់ចំណូលម្រេចលក់ចេញសរុបក្នុងមួយខែ ឬ១ឆ្នាំ លោកដារ៉ា មិនអាចប្រាប់ពីចំនួនបាននោះទេ ព្រោះម្រេចរបស់លោកប្រមូលផលជារឿយៗ បន្តបន្ទប់គ្នា។
ម្រេចលោក យឿន ដារ៉ា ប្រមាណ៥០០០ជន្លង់នេះ ត្រូវបានដាំនៅលើផ្ទៃទំហំជាង៨ហិកតា ហើយពូជម្រេចទាំង៣ប្រភេទនេះ មិនសូវខុសគ្នាក្នុងការមើលថែទាំនោះទេ ដោយសារវាខុសគ្នាតែតម្លៃនៅលើទីផ្សារ និងពេលវេលាប្រមូលផលប៉ុណ្ណោះ។
លោក ដារ៉ា បន្ថែមថា សម្រាប់របៀបនៃការដាំដុះក៏មិនខុសគ្នាដែរទេ បើទោះបីជាប្រភេទគ្រាប់ពូជខុសគ្នាក៏ដោយ គឺត្រូវដាំដុះ ឬធ្វើជើង ជ្រួយដី ថែទាំ ចាប់ពីខែមិថុនាតទៅ ដើម្បីប្រមូលផលនៅខែវិច្ឆិកា ដល់ខែឧសភា។ ម្រេចម៉ាឡេ មានអាយុ១ឆ្នាំ អាចចេញផ្កាផ្លែ ខុសពីដំណាំកៅស៊ូ ស្វាយចន្ទី ដែលមានរយៈពេលយូរពី៥ទៅ៦ឆ្នាំទើបឲ្យផល។ ចំពោះការថែទាំម្រេចនេះវិញ គឺត្រូវដាក់ទឹក និងដាក់ជីអាចម៍គោឱ្យបានគ្រប់គ្រាន់ និងស្រោចទឹកក្នុងរង្វង់១សប្ដាហ៍ម្ដង។
ចំណែកលោក រ៉ាន់ សល អ្នកមើលថែទាំម្រេចនៅក្នុងកសិដ្ឋានក្បែរនេះ បានរៀបរាប់ពីរបៀបដាំ និងថែទាំម្រេចថា មុននឹងដាំ ត្រូវរៀបចំដី ជ្រួយដី ដាក់ជី ដាំជម្លង់ ហើយបន្ទាប់ពីម្រេចចាប់ផ្តើមដុះលូតលាស់បានរយៈពេល៣ខែ ត្រូវកាប់រណ្ដៅដាក់ជីអាចម៍គោ កន្លះខែម្ដង និងបាញ់ថ្នាំ១សប្ដាហម្ដង ដើម្បីការពារសត្វល្អិត និងជំនួយត្រួយម្រេចឱ្យលូតលាស់បានលឿន។
បើតាមបទពិសោធន៍ និងការសង្កេតរបស់អ្នកថែម្រេចនៅខេត្តមណ្ឌលគិរីរូបនេះ ម្រេចម៉ាឡេ មានផ្លែកួរវែង ស្លឹកវែង មានទម្ងន់ធ្ងន់ជាងម្រេចខ្មែរ និងមានផ្លែច្រើន។ ចំណែកម្រេចខ្មែរ មានកួរខ្លី ផ្លែតិច ស្លឹកខ្លី មានរសជាតិហឹរឆ្ងាញ់ជាងម្រេចម៉ាឡេ ប៉ុន្តែវាមានតម្លៃទីផ្សារខ្ពស់ជាង។
លោក សល បានរៀបរាប់យ៉ាងដូច្នេះថា៖ “ក្នុងរយៈពេលទើបដាំត្រូវស្រោចទឹកជារៀងរាល់ថ្ងៃ ពេលចាប់ផ្តើមឡើងលើជន្លង់ត្រូវស្រោចទឹក១សប្ដាហម្ដង។ ការស្រោចទឹកត្រូវស្រោចឱ្យបានគ្រប់គ្រាន់ បើទឹកមិនគ្រប់គ្រាន់ទេ ម្រេចនឹងមិនសូវមានផ្លែច្រើននោះទេ”។
និយាយជារួមសម្រាប់ការដាំដុះដំណាំម្រេចនេះ ត្រូវចំណាយរយៈពេលចន្លោះពីមួយទៅពីរឆ្នាំ ទើបទទួលបានផល ខណៈដល់រដូវប្រមូលផល កសិករត្រូវចំណាយពេល៦ខែដើម្បីថែទាំ ដាក់ជីបំប៉នម្រេច ដោយគិតចាប់ពីខែមិថុនា ដល់ខែមករា ហើយអាចប្រមូលផលចាប់ពីខែមករា ដល់ខែឧសភា៕