1. Home
  2. All Program
  3. ព័ត៌មានពេលព្រឹក
  4. គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងផ្តោតលើការផ្តល់ប្រាក់កម្ចីដល់កសិករដំាបន្លែក្នុងផ្ទះសំណាញ់

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនកំពុងផ្តោតលើការផ្តល់ប្រាក់កម្ចីដល់កសិករដំាបន្លែក្នុងផ្ទះសំណាញ់

ស្របពេលនិន្នាការរបស់ប្រជាពលរដ្ឋងាកមកគំាំទ្រនិងប្រើប្រាស់បន្លែដាំនៅក្នុងផ្ទះសំណាញ់ទំាងនៅតាមតំបន់ និងនៅតាមផ្សារទំនើបតូច-ធំកើនឡើងគួរឱ្យមានការកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថាមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅក្នុងស្រុក មួយចំនួនកំពុងផ្តោតលើការយកចិត្តទុកដាក់ផ្តល់ប្រាក់កម្ចីដល់កសិករដំាបន្លែនៅក្នុងផ្ទះសំណាញ់។
លោក ជួ មករា ប្រធានសហភាព សហគមន៍បន្លែសុវត្ថិភាពកម្ពុជាបានឱ្យដឹងថា ក្នុងពេលសព្វថ្ងៃនេះ ទំាងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួនបាននឹងរៀបចំផលិតផលថ្មីៗសម្រាប់ផ្តល់ប្រាក់កម្ចីទៅក្នុងវិស័យកសិកម្ម ទាក់ទងជាមួយនឹងការដំាបន្លែរបស់កសិករនៅក្នុងរោងផ្ទះសំណាញ់។
ប្រធានសហភាព សហគមន៍បន្ថែសុវត្ថិភាពកម្ពុជាលោក ជួ មករា លើកឡើងថា ការផ្តល់ប្រាក់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដល់កសិករសម្រាប់ដំាបន្លែនៅក្នុងផ្ទះសំណាញ់នេះ វាមានទំាងផលល្អ និងផលអាក្រក់។ សម្រាប់ផលល្អ គឺកសិករយកប្រាក់កម្ចីដែលទទួលបានពីស្ថាប័នហិរញ្ញវត្ថុទៅសាងសង់រោងផ្ទះសំណាញ់ ហើយមានការគ្រប់គ្រងបានច្បាស់លាស់ក្នុងក្របខណ្ឌជាសហគមន៍ នឹងជួយឱ្យកសិករអាចទទួលបានប្រាក់កម្រៃត្រឡប់មកវិញសម្រាប់សងទៅធនាគារវិញដោយពុំមានការព្រួយបារម្ភ។ ចំណែកផលអាក្រក់ បើសិនកសិករមិនមានការរួមផ្តុំគ្នាក្នុងក្របខណ្ឌជាសហគមន៍ផលិតនោះទេ គាត់ធ្វើការសាងសង់រោងផ្ទះសំណាញ់ហើយ ទើបមករកទីផ្សារ រកអ្នកឱ្យជួយរៀបចំផែនការបច្ចេកទេសតាមក្រោយ កសិករនឹងអាចជួបបញ្ហាប្រឈមពេលដំាបន្លែបានផលហើយ អាចនឹងអត់មានអ្នកចំាទទួលទិញច្បាស់លាស់។ ករណីនេះមានកសិករមួយចំនួនហើយធ្លាប់ជួបនៅពេលបច្ចុប្បន្ន ដោយពួកគាត់បានទាក់ទងមកខាងសហភាពឱ្យជួយដល់ពួកគាត់។
លោក ជួ មករា បញ្ជាក់ថា «នាពេលសព្វថ្ងៃសមាជិកកសិករនៅក្នុងផែនការផលិតកម្មរបស់សហភាពយើង គាត់ទទួលបានកម្ចីពីខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ហើយខ្ញុំយល់ឃើញថាបើធនាគារ ARDB បើសិនជាពង្រីកការផ្តល់កម្ចីនេះឱ្យបានកាន់តែធំទូលាយថែមទៀត វាអាចចូលរួមជួយដោះស្រាយបញ្ហារបស់កសិករដែលខ្វះទុនបង្វិល ឬខ្វះទុនសម្រាប់សាងសង់ផ្ទះសំណាញ់បានច្រើនបន្ថែមទៀត»។
គួរបញ្ជាក់ថា គិតមកដល់បច្ចុប្បន្ននេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានផ្តល់ប្រាក់កម្ចីទៅក្នុងវិស័យកសិកម្មមានប្រមាណជាង៤៣០លានដុល្លារអាម៉េរិក៕ ដោយ៖ Long Sareth


កាលវិភាគផ្សព្វផ្សាយ