(កំពង់ចាម)៖ ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដា ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា ដែលរៀបចំឡើងកាលពីថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងពីក្រុមហ៊ុនស៊ី.ភី. តំណាងសៃឡូ/អ្នកប្រមូលទិញ និងតំណាងសហគមន៍ សមាគមដំឡូងមី/អ្នកផលិត ពោតក្រហម និងដំឡូងមី ជាច្រើនរូប។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់តួអង្គពាក់ព័ន្ធទាំងអស់ លើផ្នែកគុណភាពផលិតផល បរិមាណទិន្នផល និងការជ្រើសរើសវត្ថុធាតុដើមរបស់ផលិតផលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្សព្វផ្សាយពីលក្ខខណ្ឌមួយចំនួនដែលឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ។
រយៈពេល៩ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន ២លាន៤ សែន ៥ម៉ឺន ៨៣៦០ តោនកើន ១៦២,៥៣% ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលពី ថ្ងៃទី២២ខែតុលានេះ។
យោងតាមរបាយការណ៍បង្ហាញថា ការនាំចេញមានវិញ្ញាបនបត្រភូតគាមអនាម័យសម្រេចបាន ដំឡូងមីស្រស់ចំនួន ២៤៥៨៣៦០ តោន កើនឡើង ១៦២,៥៣ភាគរយ ចំណិតដំឡូងមីក្រៀមចំនួន ៨៦០០៤៧ តោន ថតចុះ ១២,៥៤ភាគរយ ផ្ទៃដីដាំដុះមានប្រមាណ៧០ម៉ឺនហិកតា។