ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃអង្គារទី៣ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាង ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម, លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្មព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗទៀតនាទីស្តីការក្រសួងដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់។
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះធ្វើឡើងក្នុងគោលបំណងជំរុញភាពជាដៃគូតាមរយៈការភ្ជាប់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគីដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។
នៅក្នុងឱកាសនោះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានចាត់ទុកថា ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងធនាគារ ARDB ជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋទាំងពីរដែលមានតួនាទីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម ។
សម្រាប់ ឯកឧត្តមបណ្ឌិត កៅ ថាច ធនាគារ (ARDB) បានសម្ដែងនូវអំណរគុណផងដែរ ជូនចំពោះវត្តមានរបស់ថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងពាណិជ្ជកម្ម,មន្រ្តីក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងដៃគូអភិវឌ្ឍន៍ ដោយចាត់ទុកថា ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាលធនាគារARDB បាននិងកំពុងបំពេញបេសកកម្មក្នុងការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជនបទ រួមទាំងហិរញប្បទានបៃតង ដើម្បីឈានឆ្ពោះទៅរកទស្សនវិស័យក្លាយជាធនាគារដែលមានចីរភាព (Sustainable Bank) ដូចដែលបានចែងក្នុងផែនទីចង្អុលផ្លូវ ១០ឆ្នាំរបស់ធនាគារ ។
ក្រោមអនុស្សារណៈយោគយល់នេះ ធនាគារARDBនឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្មដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា, ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ, ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក, និងការនាំចេញ តាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ ព្រមទាំងសហការអនុវត្តគម្រោង AIMS ជំហាន២ ឱ្យបានជោគជ័យផងដែរ។
គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារ ARDBមានសំពៀតឥណទានសរុបចំនួន ៤៧១ លានដុល្លារអាម៉េរិក ក្នុងនោះវិស័យឥណទានក្នុងវិស័យស្រូវ-អង្ករមានសមាមាត្រធំជាងគេប្រមាណ ៤០,៨៩% ធៀបនឹងសំពៀតឥណទានសរុប។ ទន្ទឹមនេះ ធនាគារបាននិងកំពុងធ្វើពិពិធកម្មលើការផ្តល់ឥណទានដល់អនុវិស័យផ្សេងៗ ក្នុងនោះ ស្វាយចន្ទីមានសមាមាត្រចំនួន ៧,៩៥ %,ដំឡូងមី ១,៤១ %, បន្លែ ១៤,៨៤ %,ការចិញ្ចឹមសត្វ ១៥%,វារីវប្បកម្ម២,៩៣%, កែច្នៃផលិតផលកសិកម្ម និងចំណីអាហារ ២,៤១% និងផ្សេងៗទៀត ១៤,៥% ព្រមទាំងជំរុញការផ្តល់ឥណទានដល់កសិករខ្នាតតូច ក្នុងគោលដៅលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ផងដែរ ។ ធនាគារ ARDB មានបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងប្រទេស ដោយមានសាខាចំនួន ២គឺ នៅបាត់ដំបង និងភ្នំពេញ (សាខាដូនពេញ), និងការិយាល័យចល័តតាមខេត្តសរុបចំនួន ១៦ រួមមាន៖ ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ, សៀមរាប, ស្ទឹងត្រែង, រតនគិរី, ក្រចេះ, ត្បូងឃ្មុំ, ព្រៃវែង, តាកែវ, កំពង់ចាម, កំពង់ឆ្នាំង, កំពង់ធំ, ពោធិ៍សាត់, កំពង់ស្ពឺ និងស្វាយរៀង។
ជាថ្មីម្តងទៀតសង្ឈឹមថា កិច្ចសហប្រតិបត្តិការរវាងធនាគារ ARDB និងក្រសួងពាណិជ្ជកម្ម នឹងក្លាយជាកម្លាំងចលករប្រកបដោយជវភាពក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យកសិកម្ម និងពាណិជ្ជកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គក្នុងខែ្សច្រវាក់តម្លៃកសិកម្មពីធនាគារ និងការបង្កើតតម្លៃបន្ថែមលើផលិតផលកសិកម្មដោយការតភ្ជាប់ទីផ្សារក្នុងស្រុក និងជំរុញការនាំចេញ ដោយក្រសួងពាណិជ្ជកម្ម។