ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ ថ្មីៗនេះបានជួបពិភាក្សាការងារជាមួយ លោក Akira SASAKI នាយកគ្រប់គ្រងក្រុមហ៊ុន Inoue Calcium Corporation ផ្តោតសំខាន់លើការការជំរុញសក្តានុពលនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ និងម្រេចកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងការសិក្សាឱកាសវិនិយោគក្នុងវិស័យកែច្នៃកសិផលនៅកម្ពុជា ក្នុងការលើកកម្ពស់ការប្រកួតប្រជែងនៃផលិតផលកសិកម្មកម្ពុជា ដោយធានាស្តង់ដារខ្ពស់ក្នុងការកែច្នៃ និងការពង្រីកទីផ្សារ លើកកម្ពស់សក្ដានុពលនៃការច្នៃប្រឌិត និងអនុលោមភាពនៃស្តង់ដារទីផ្សារជប៉ុន។
ទាក់ទងនិង ផលិតផលគ្រាប់ស្វាយចន្ទី, លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថានៅពេលកន្លងមកផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាបានយកទៅលក់នៅប្រទេសជប៉ុន តាមរយៈក្រុមហ៊ុនមីរ៉ាត់ឃើញមាននៅតាមផ្សារម៉ាតនានាមានចំនួនច្រើន ។
លើសពីនេះ សមាគមស្វាយចន្ទីកម្ពុជា ជាមួយក្រុមហ៊ុន មីរ៉ាត់ តែងតែបានបញ្ជូនផលិតផលស្វាយចន្ទីរទៅចូលរួមតាំងពិពរណ៍ម្ហូបអាហារលក្ខណៈពិភពលោកនៅប្រទេសជប៉ុនតាំងពីឆ្នាំ២០២០ ហើយបន្តចូលរួមធ្វើផ្សព្វផ្សាយជារៀងរាល់ឆ្នាំ តាមរយៈការិយាល័យតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជានៅទីក្រុងអូសាកាឃើញថាមានការចាប់អារម្មណ៍ច្រើន។
លោកបន្តថានៅក្នុងខែមេសាឆ្នាំ២០២៥នេះ ខាងមុខសមាគមស្វាយចន្ទីកម្ពុជាគ្រោងបញ្ជូនផលិតផលស្វាយចន្ទីកម្ពុជា តាមរយៈក្រុមហ៊ុន មីរ៉ាត់ ចូលរួមតាំងពិពរណ៍ម្ហូបអាហារលក្ខណៈពិភពលោក នៅទីក្រុងអូសាកាប្រទេសជប៉ុនបន្តទៀត ។
លោក អួន ស៊ីឡុត មានប្រសាសន៍ថា “មកដល់ពេលនេះទីផ្សារប្រទេសជប៉ុន ក៏ជាទីផ្សារមួយល្អ ហើយនៅក្នុងមួយឆ្នាំជប៉ុនត្រូវការគ្រាប់ស្វាយចន្ទីកែច្នៃហើយចំនួន១ម៉ឺនតោន ក្នុងនោះភាគច្រើនគ្រាប់ស្វាយចន្ទីកែច្នៃហើយ នាំចូលមកពីប្រទេសឥណ្ឌា។ ដូចនេះមហិច្ឆិតារបស់សមាគមស្វាយចន្ទីកម្ពុជា យើងគឺចង់ដណ្តើមចំណែកទីផ្សារប្រមាណ៣០ភាគរយនៅឆ្នាំ២០២៧ខាងមុខ ”។
បើតាមប្រធានសមាគមស្វាយចន្ទីខាងលើ, សម្រាប់ផលិតផលម្រេច ឬគ្រឿងទេសរបស់កម្ពុជាតែទទួលបានការពេញនិយម និងមានការកោតសរសើរពីទីផ្សារអឺរ៉ុប ពិសេសម្រេចកំពត ហើយលោកមានក្តីសង្ឃឹមថា វត្ថុធាតុដើមទាំងនេះត្រូវការការវិនិយោគនៅក្នុងប្រទេសកម្ពុជា៕