កំពង់ស្ពឺ៖ ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះកសិករបានផលិតស្វាយកែវរមៀតខុសរដូវមានសន្ទុះកើនរហូតដល់ប្រមាណ៦០%នៃចំនួនសមាជិកសរុប៤០ចំការ បើប្រៀបធៀបនិងឆ្នាំមុនៗ។ ការកើនឡើងនៃចំនួនកសិករផលិតស្វាយខុសរដូវនេះបានជះឥទ្ធិពលអវេជ្ជមាន ធ្វើឱ្យតម្លៃលក់មិនសូវល្អនៅលើទីផ្សារចាប់តាំងពីការប្រមូលផលក្នុងខែកញ្ញារហូតដល់ពេលនេះ។
លោក សុទ្ធ សុភា ប្រធានប្រតិបត្តិសមាគមស្វាយកែវរមៀតគិរីរម្យ បានឱ្យដឹងថា ស្វាយកែវរមៀតចាប់ផ្តើមប្រមូលផលពីខែកញ្ញារហូតមកដល់ខែវិច្ឆិកានេះមានតម្លៃចន្លោះពី៧០០ទៅ១២០០រៀលក្នុងមួយគីឡូក្រាម ផ្អែកតាមទីផ្សារហាងឆេងជាក់ស្តែងប្រចាំថ្ងៃ ហើយតម្លៃនេះទាបជាងឆ្នាំមុន ដោយសារកសិករមិនសូវផលិតស្វាយខុសរដូវដូចឆ្នាំនេះ។
បើតាមប្រធានប្រតិបត្តិសមាគមខាងលើ តម្លៃស្វាយកែវរមៀតឆ្នាំនេះទោះបីកសិករលក់មិនសូវបានថ្លៃ តែកសិករនៅអាចរកប្រាក់ចំណេញខ្លះដែរ ហើយស្វាយទាំងនេះមួយចំនួននាំចេញទៅប្រទេសថៃ វៀតណាម និងមួយចំនួនផ្សេងទៀតផ្គត់ផ្គង់រោងចក្រកែច្នៃនៅក្នុងស្រុក។
លោកលើកឡើងថា បច្ចុប្បន្ននេះទីផ្សារស្វាយកែវរមៀតមិនទាន់រកឃើញនូវចំណុចកណ្តាលបាននៅឡើយទេ ទាក់ទងនិងតម្លៃនិងការបរិមាណផ្គត់ផ្គង់ ហើយកន្លងបញ្ហានេះខាងក្រសួងកសិកម្ម តែងតែជំរុញរកទីផ្សារធ្វើយ៉ាងណាឱ្យផលិតផលស្វាយកែវរមៀតមានតម្លៃថេ ដែលអាចឱ្យកសិកររកបានប្រាក់ចំណេញ ប៉ុន្តែមួយឆ្នាំកន្លងមកនេះធ្វើមិនទាន់បាន។
ទាក់ទងនិងបញ្ហាទីផ្សារនេះ, លោក សុទ្ធ សុភា ប្រជាកសិករផលិតស្វាយកែវរមៀតនៅខាងគិរីរម្យ ក្នុងពេលបច្ចុប្បន្ននេះទីនៅប្រឈមភាពផុយស្រួយនៅឡើយ ពោលតម្លៃស្វាយកែវរមៀតមិនទាន់មានលក្ខណៈថេដូចទៅនិងដំណាំមួយចំនួនផ្សេងទៀតនោះទេ។ បើកសិករផលិតបានផលតិច តម្លៃស្វាយនឹងងើបឡើង តែផ្ទុយទៅវិញបើកសិករផលិតបានផលច្រើនតម្លៃវានឹងធ្លាក់ចុះ ហើយត្រូវឈ្មួញកណ្តាលឆ្លៀតឱកាសកេងចំណេញពីកសិករថែមទៀត៕