ស្របពេលប្រជាពលរដ្ឋនៅតាមតំបន់ចាប់ផ្តើមគំាទ្រទៅលើគុណភាពបង្កង ចិញ្ចឹមតាមបែបធម្មជាតិ គេសង្កេតឃើញអ្នកចិញ្ចឹមបង្កងនៅក្នុងស្រុកមានការយល់ដឹងកាន់តែច្បាស់អំពីការប្រើប្រាស់ចំណីសម្រេចនិងចំណីធម្មជាតិ។តួយ៉ាងម្ចាស់កសិកដ្ឋានចិញ្ចឹមបង្កងមួយកន្លែងនៅឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ បានប្រើប្រាស់ខ្យងធ្វើជាចំណីសម្រាប់បង្កងរបស់ខ្លួនឱ្យពោពេញទៅដោយគុណភាពល្អ ដើម្បីជួយពង្រឹងដល់គុណតម្លៃរបស់ផលិតផលនៅលើទីផ្សារ នៅពេលរដូវកាលប្រមូលផលចូលមកដល់។
យោងតាម កសិករ ឌង រតនា ម្ចាស់កសិកដ្ឋានចិញ្ចឹមបង្កងបែបធម្មជាតិនៅភូមិឃុំខាងលើបានឱ្យដឹងថា ការចិញ្ចឹមបង្កងនៅពេលវានៅតូចគេប្រើប្រាស់ចំណីសម្រេច ប៉ុន្តែនៅពេលបង្កងចាប់ផ្តើមចិញ្ចឹមបាន២ខែឡើងទៅរហូតដល់ពេលប្រមូលផលលក់នៅលើទីផ្សារនៅក្នុងតំបន់គេប្រើប្រាស់ខ្យងធ្វើជាចំណីសម្រាប់បង្កង។
លោក ឌង រតនា បានឱ្យដឹងថា ការចិញ្ចឹមបង្កងពេលវានៅតូចគេប្រើចំណីសម្រេចរយៈពេល២ខែដើម្បីកូនបង្កងអាចរកចំណីធម្មជាតិបានដោយខ្លួនឯង ទើបគេប្រើឬដាក់ចំណីធម្មជាតិឱ្យវាជំនួសចំណីសម្រេច ហើយនៅក្នុងរយៈពេលចិញ្ចឹមបង្កងតាមបែបធម្មជាតិអស់រយៈពេល៤ឆ្នំាមកនេះ លោកមានការយល់ច្បាស់ពីការថែទំានិងការផ្តល់ចំណីសម្រាប់បង្កងប្រចំាថ្ងៃ។
លោកបន្តថា ការចិញ្ចឹមបង្កងបើកសិករ ផ្តល់ចំណីធម្មជាតិ(ខ្យង)វាជួយធ្វើឱ្យបង្កងសំបូរទៅដោយខួរច្រើន សាច់ស្វិតហើយមានរសជាតិឆ្ងាញ់ ដែលបច្ចុប្បន្ន ប្រជាពលរដ្ឋភាគច្រើននិយមនិងគំាំទ្រនូវគុណភាពបង្កងបែបនេះ។ ដោយឡែកបើកសិករប្រើប្រាស់ចំណីសម្រេច វា ជួយឱ្យបង្កងមានការលូតលាស់ធំលឿន ជាងកសិករចិញ្ចឹមបង្កងប្រើចំណីធម្មជាតិ តែគុណភាពបង្កងដែលប្រើចំណីសម្រេច សាចហាក់ផុយជាងបង្កងប្រើចំណីធម្មជាតិ។
លោកបញ្ជាក់ថា បន្ទាប់ពីចាប់ផ្តើមប្រមូលផលបង្កងលក់នៅក្នុងរយៈពេលជាងមួយខែកន្លងមកនេះ បានប្រមាណ៥០០គីឡូក្រាម ហើយក្នុងមួយគីឡូមានតម្លៃពី៧ទៅ៨ម៉ឺនរៀល ខណៈនៅពេលបច្ចុប្បន្នបង្កងសាច់នៅក្នុងស្រះប្រមាណ៤ម៉ឺនក្បាលសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ។
លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ទទួលបន្ទុកការងារវារីវប្បកម្មបានឱ្យដឹងថា ទាក់ទងនិងការចិញ្ចឹមបង្កង បើកសិករផ្តល់ចំណីសម្រេចសុទ្ធ បង្កងមានការលូតលាស់លឿន តែសម្រាប់កសិករអាចនិងខ្វះដើមទុនសម្រាប់ទិញចំណី ហើយបើកសិករប្រើចំណីសម្រេចចាប់តំាងពីតូចរហូតដល់បង្កងប្រមូលផល សម្រាប់គុណភាពនិងរសជាតិសាច់បង្កង វាមិនស្វិតដូចសាច់បង្កងឱ្យស៊ីចំណីធម្មជាតិនោះទេ។
បើយោងតាមអ្នកជំនាញខាងលើ ការប្រើប្រាស់ចំណីសម្រេច និងចំណីធម្មជាតិ សម្រាប់ការចំណាយមានលក្ខណៈប្រហាក់ប្រហែលគ្នា ហើយនៅពេលខាងមុខការប្រើប្រាស់ចំណីធម្មជាតិ ដូចជាខ្យងនេះអាចនិងមានការប្រឈមនិងការខ្វះខាត ដោយសារកសិករចិញ្ចឹមច្រើន និងម្យ៉ាងទៀតការប្រើប្រាស់ថ្នាំគីមីនៅតាមវាលស្រែវានឹងធ្វើឱ្យខ្យងងាប់អស់ច្រើន ពិបាកក្នុងការរកយកមកធ្វើជាចំណីសម្រាប់បង្កង។
លោកបន្តថា នៅក្នុងមុខរបរចិញ្ចឹមបង្កងបែបធម្មជាតិនៅតាមតំបន់ បើកសិករព្យាយាមផ្តល់ចំណីធម្មជាតិបានជាប្រចំា នឹងធ្វើឱ្យបង្កងមានសាច់វាស្វិត ,បង្កងមានខួរច្រើន និងមានរសជាតិឆ្ងាញ់ស្រដៀងនិងបង្កងរស់នៅតាមបឹងធម្មជាតិ ហើយម្យ៉ាងទៀតតម្លៃលក់នៅលើទីផ្សារល្អជាងបង្កងនាំចូលមកពីខាងក្រៅ សម្រាប់អ្នកបរិភោគក្នុងស្រុកនៅតែពេញចិត្តទិញហូប។
លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានឱ្យដឹងទៀតថា ជាផែនការយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏ដូចជាស្ថាប័នជំនាញ ពិសេសស្ថាប័នរដ្ឋបាលជលផល ផ្នែកអភិវឌ្ឍន៍អាជីវកម្ម សហការជាមួយនិងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តតាកែវមានគោលដៅច្បាស់លាស់ក្នុងការជំរុញនូវផលិតភាពនៃការចិញ្ចឹមបង្កង ធ្វើយ៉ាងណាឱ្យបង្កងមានគុណភាពល្អ តម្លៃសមរម្យ ហើយអាចផ្គត់ផ្គង់ទៅតាមតំបន់ ឬអាចនាំចេញទៅក្រៅប្រទេសបាន។លោកបន្តថា “យើងលើកទឹកចិត្តដល់កសិករចិញ្ចឹមបង្កងដោយធ្វើយ៉ាងណា អនុវត្តតាមគោលការណ៍វារីវប្បកម្មល្អ ឱ្យត្រូវតាមស្តង់ដារ។ លើសពីនេះលើកទឹកចិត្តដល់កសិករត្រូវច្នៃប្រឌិតផ្សំចំណីនិងចំណីសម្រេច ដើម្បីផ្គូផ្គង រកចំណុចល្អសម្រាប់មុខរបរនៅថ្ងៃអនាគត”៕