គិតត្រឹមរយៈពេល៩ខែឆ្នំា២០២៣ កសិផលរបស់កម្ពុជាបាននាំចេញទៅក្រៅប្រទេស មានបរិមាណសរុប៥,៥លានតោន ក្នុងនោះអង្ករចំនួន៤៥ម៉ឺនតោន ស្រូវមានចំនួន១,៨លានតោន និងកសិផលក្រៅពីស្រូវអង្ករចំនួនជាង៣,៣លានតោនទៅកាន់ទិសដៅ៧១ប្រទេស ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា គិតត្រឹម រយៈពេល៩ខែឆ្នាំ២០២៣នេះតាមការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួន ជាង៣ ២១៣ លានដុល្លាអាមេរិក ដែលក្នុងនោះតម្លៃពីការនាំចេញអង្ករមានជាង ៣៩៤លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានជាង៦៥៨លានដុល្លារអាមេរិក និងតម្លៃពីការនំាចេញកសិផលក្រៅពីស្រូវ អង្ករមានជាង ២ ១៥៩លានដុលា្លរអាមេរិក ។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម គូសបញ្ជាក់ថា ការនាំចេញកសិផលក្នុងរយៈពេល៩ខែឆ្នំា២០២៣នេះ នៅតែបន្តថយចុះចំនួន១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នំា២០២២ ដោយសារ៖
១)- វិបត្តិសេដ្ឋកិច្ចសកល និងវិបត្តិនៃការឡើងថ្លៃទំនិញជាទូទៅ ឬវិបត្តិអតិផរណា បានបន្តអូសបន្លាយធ្វើឱ្យតម្លៃស្បៀងអាហារកើនឡើងកាន់តែខ្ពស់នៅក្នុងទីផ្សារ ដែលបង្កផលប៉ះពាល់យ៉ាងខ្លំាងដល់ប្រជាជននៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប ហើយមានកម្រិតបំណុលសាធារណៈខ្ពស់ជាហេតុបណ្តាលឱ្យប្រទេសទំាងនោះមានបញ្ហាខ្វះថវិកា ដោយបញ្ជាការទិញស្បៀងអាហារចំាបាច់តែប៉ុណ្ណោះ។
២)-ការនាំចេញដោយមិនប្រើវិញ្ញាបនបត្រភូតគាមអនាម័យមានបរិមាណច្រើន ដែលជាបញ្ហាក្នុងការកត់ត្រាទិន្នន័យនាំចេញឱ្យបានច្បាស់លាស់ផងដែរ។
៣)-ការរឹតត្បិតលើការនាំចេញស្បៀងអាហាររបស់ប្រទេសមួយចំនួន បណ្តាលឱ្យតម្លៃស្រូវនៅកម្ពុជា ហក់ឡើងខ្ពស់ ជាហេតុនាំឱ្យរោងម៉ាស៊ីនកិនស្រូវមួយចំនួនធំប្រមូលទិញស្រូវបានបរិមាណតិច ដោយសារតម្លៃថ្លៃមិនហ៊ានប្រថុយក្នុងការទិញស្រូវស្តុកទុក សម្រាប់កិនអង្ករនាំចេញ ទន្ទឹមនឹងតម្លៃទីផ្សារអង្ករនៅលើពិភពលោកមានកំណើនតីចតួចតែប៉ុណ្ណោះ។ ប៉ុន្តែយើងសង្កេតឃើញមានការនាំចេញស្រូវចេញដោយមិនមានវិញ្ញាបនបត្រភូតគាមអនាម័យទៅប្រទេសវៀតណាមមានច្រើន និង ៤)-ចំពោះទីផ្សារអង្ករនាំចេញទៅប្រទេសឥណ្ឌូណេស៊ី ក្រុមហ៊ុនហ្គ្រីនត្រេដ បានសហការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងចរចារដើម្បីលក់អង្ករចំនួន ១០ ០០០តោន សម្រាប់កិច្ចសន្យាលើកទី១របស់ខ្លួនជាមួយក្រុមប៊ូលុក ដែលគ្រោងនឹងធ្វើការនាំចេញក្នុងអំឡុងខែវិច្ឆិកា-ធ្នូ ខាងមុខនេះ៕